រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសចំនួន៤នៃសមាគមអាស៊ាន បានបើកកិច្ចប្រជុំដ៏មានសារសំខាន់មួយចាប់ពីថ្ងៃទី១២ដល់១៥ កញ្ញា កន្លងមកនេះ នៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្ដស្មារតីនៃកិច្ចប្រជុំកំពូល CLMV នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១០ និងលើកផែនការអនុវត្ដបន្ដសម្រាប់ឆ្នាំ២០១៣-២០១៥ ក្នុងគោលបំណងសំដៅធានាដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយការទទួលខុស ត្រូវរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ អភិរក្ស និងការពារធនធាន វប្បធម៌ ធម្មជាតិ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ប្រទេសដែលចូលរួមកិច្ចប្រជុំនោះរួមមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ដោយឡែកគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ លោកថោង ខុន មានប្រសាសន៍ថា អង្គប្រជុំបានចុះហត្ថលេខាលើផែនការសកម្មភាពបន្ដ២០១៣-២០១៥ ដែលផែនការនេះបានផ្ដោតទៅលើការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា«ប្រទេស៤-គោលដៅតែមួយ» ការជំរុញការតភ្ជាប់ក្នុងតំបន់ ការរៀបចំផលិតផលទេសចរណ៍ ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស ការរៀបចំស្ដង់ដា និងពង្រឹងគុណភាពសេវាកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្ដិការជាមួយដៃគូវិនិយោគនានា ក្នុងនោះក៏បានកំណត់ផែនការដើម្បីដាក់ចេញនូវយុទ្ធសាស្ដ្រក្នុងការទាក់ទាញទេសចរអន្ដរជាតិមកទស្សនាប្រទេសទាំង៤(កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ឱ្យបាន២៥លាននាក់ និងទេសចរផ្ទៃក្នុងឱ្យបាន៤លាននាក់នៅឆ្នាំ២០១៥ ។
លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ដែរថា នាឱកាសនៃកិច្ចប្រជុំនោះ គណៈប្រតិភូក្រសួងទេសចរណ៍ ក៏បានចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្ដរជាតិហូជីមិញTE-HCM លើកទី៨នៅសាលពិព័រណ៍ និងសន្និបាត SECC ក្នុងទីក្រុងហូជីមិញ ដែលឆ្នាំនេះមានអ្នកចូលរួមជាអ្នកលក់ អ្នកទិញ (Buyers-Sellers) ថ្មីៗច្រើនជាងឆ្នាំមុន។ ដោយឡែកឆ្នាំនេះ កម្ពុជាក៏បានរៀបចំស្ដង់ធំជាងឆ្នាំមុន និងបាននាំក្រុមហ៊ុនចំនួន ២៣ ចូលរួម ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជាដោយមានការចូលរួមពីគណៈប្រតិភូទាំង៤ប្រទេស អ្នកទិញ អ្នកលក់ មន្ដ្រីអ្នកមុខអ្នកការនៃសាលាក្រុងហូជីមិញ និងអគ្គកុងស៊ុលនានាប្រចាំទីក្រុងហូជីមិញផងដែរ ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០១២ នេះ យើងទទួលបានទេសចរអន្តរជាតិចំនួន២.០៤០.៩៣៤នាក់ក្នុងកំណើន២៥,៦%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ក្នុងនោះទេសចរពីប្រទេសវៀតណាមមានចំនួន៤៥៣.៨៩៤នាក់ ឈរក្នុងលំដាប់លេខរៀងទី១ ជាមួយនឹងកំណើន២៩,៤% ទេសចរឡាវចំនួន១២៧. ២៩៧នាក់ ឈរលំដាប់ថ្នាក់ទី៤ក្នុងកំណើន៨៨,៥% ។ ចំពោះទេសចរមីយ៉ាន់ម៉ា ទោះបីមិនទាន់មានចំនួនច្រើន ក៏ប៉ុន្តែមានកំណើនចំនួន១៦,៨%ផងដែរ ៕
ចែករំលែកព័តមាននេះ