ខេត្តស្វាយរៀង ៖ អាជ្ញាធរក្រុង-សង្កាត់ និងប៉ូលិស បានអនុវត្តចំណាត់ការក្តៅ ដោយចុះរៀបចំការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈក្បែររបងមន្ទីរពេទ្យខេត្ត និងរបងសាលាដំបូងខេត្ត ហើយការចុះរៀបចំសណ្តាប់ធ្នាប់នេះត្រូវបានមន្ត្រីនិយាយថា ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត និងបញ្ឈប់ការលក់ដូរដែលនាំបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់ ។
ទោះបីជាបែបណា ក្រុមអ្នកលក់ដូរបានចោទប្រកាន់ថា ក្រោយពីមានការប្រវាយប្រតប់គ្នា ស្ត្រីម្នាក់បានបាត់ខ្សែកមាសទម្ងន់៥ជី និងខ្សែដៃមាសទម្ងន់៥ជី សរុប១តម្លឹង និងកំពប់បាយសម្ល សម្ភារលក់ដូរអស់មួយចំនួន ធ្វើឱ្យមានការស្រែកយំសុំឱ្យអាជ្ញាធរខេត្ត ឬតំណាងរាស្ត្រជួយរកយុត្តិធម៌ ។ ប៉ុន្តែជុំវិញការចោទថា ដោយសារតែការប្រវាយប្រតប់គ្នាបណ្តាលឱ្យបាត់ខ្សែដៃ និងខ្សែកនោះ ត្រូវបានសមត្ថកិច្ចបដិសេធ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ កញ្ញា វេលាម៉ោង១១និង៣០នាទីព្រឹកនៅមុខមន្ទីរពេទ្យខេត្ត និងរបងសាលាដំបូងខេត្ត ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
អ្នកស្រី ប៊ុន ណែម អាយុ៤៦ឆ្នាំ ជាអាជីវករលក់បាយម្ហូបចល័តតាមរទេះនៅមុខមន្ទីរពេទ្យខេត្តបានឱ្យដឹងថា គាត់មានទីលំនៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង តែដោយគ្មានទីតាំងលក់ដូរក៏បានមកលក់នៅមុខមន្ទីរពេទ្យខេត្តជាង១០ឆ្នាំហើយមិនដែលមានអាជ្ញាធរណាដេញទេ ។ នេះជាលើកទី២ហើយ ដែលសមត្ថកិច្ចចុះមកដេញ ក៏ប៉ុន្តែគាត់គ្មានជម្រើសមិនដឹងទៅលក់នៅទីណា បើឈប់លក់ គឺមានតែក្រុមគ្រួសារត្រូវដាច់ពោះស្លាប់ប៉ុណ្ណោះ ។ ថ្ងៃនេះសមត្ថកិច្ចធ្វើសកម្មភាពជ្រុលបន្តិចហើយមកចាប់គាត់អូសធ្វើឱ្យបាត់ខ្សែក ខ្សែដៃ ដែលគាត់ខំសន្សំជាង១០ឆ្នាំមកហើយ ។ ផ្ទុយទៅវិញ មន្ត្រីសមត្ថកិច្ចនិយាយថា គ្មានការបាត់ខ្សែក ខ្សែដៃ អ្វីទេ ហើយនេះគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ ។ ទោះបីមានការបដិសេធពីក្រុមសមត្ថកិច្ចក្តី ក៏ស្ត្រីឈ្មោះប៊ុន ណែម និយាយថា រូបគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការសុំឱ្យជួយរកយុត្តិធម៌ ។
លោកគង់ សារូ ចៅសង្កាត់ស្វាយរៀង បានធ្វើកិច្ចសន្យាឱ្យអ្នកស្រីអ៊ុង ផល្លា និងអ្នកស្រីប៊ុត សុជាតិ រុុះរើតូបជាដាច់ខាតនៅត្រឹមថ្ងៃទី២៣ កញ្ញា ខាងមុខ បើមិនរុះរើខ្លួនឯងទេ សមត្ថកិច្ចនិងចាត់វិធានការរុះរើជូន ។ ចំណែកមន្ត្រីប៉ូលិសវិញបានប្រាប់កោះសន្តិភាពថា ពួកលោកធ្វើតាមបញ្ជាលោកអធិការ និងលោកអភិបាលក្រុងឱ្យរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង និងបន្តដេញឱ្យរុះរើ ទោះបីដាក់ឆត្រក៏ដោយឱ្យតែនៅចំផ្លូវធំ មុខមន្ទីរពេទ្យ សាលាដំបូង សាលាខេត្ត គឺឱ្យរើចេញទាំងអស់ ៕
ចែករំលែកព័តមាននេះ