ខេត្តតាកែវ ៖ លោកអ្នកពិតជាធ្លាប់ទៅក្រុងដូនកែវ ឬទីរួមខេត្តមួយដែលល្បីល្បាញខាងសិល្បៈយីកេ គឺខេត្តតាកែវ និងធ្លាប់ឃើញរូបសំណាកព្រះវិស្ណុនៅត្រង់ផ្លូវបំបែក មួយទៅមាត់បឹង និងមួយទៀតឆ្ពោះត្រង់ទៅវិមានឯករាជ្យមែនទេ? ប៉ុន្តែលោកអ្នកប្រហែលជាមិនបានដឹងប្រវត្តិ និងការដាក់តាំងរូបសំណាកបែបសិល្បៈវប្បធម៌នោះក្នុងន័យបែបណាទេ ។ រូបសំណាកព្រះវិស្ណុនោះ គឺជា«និមិត្តរូបនៃខេត្តតាកែវ» ។
បើគេធ្វើដំណើរចម្ងាយប្រមាណ៧៦គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមដងផ្លូវជាតិលេខ២ដល់ច្រកចូលទីរួមខេត្តតាកែវនឹងឃើញរូបសំណាកព្រះវិស្ណុដៃ៨នោះឈរយ៉ាងសង្ហា។លោកប្រាក់ ប៊ន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តតាកែវ ជាទឹកដីប្រវត្តិសាស្រ្តដ៏ចំណាស់ជាងគេនៃមាតុភូមិកម្ពុជា ។ ទីនោះជាមជ្ឈមណ្ឌលដែលផ្ដល់កំណើតនៃអារ្យធម៌ខ្មែរ និងការអភិវឌ្ឍវប្បធម៌ ប្រពៃណីខ្មែរតរៀងរហូតមក ។
ភស្ដុតាងជាច្រើនបានបង្ហាញឱ្យឃើញគឺសំណង់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្តជាតិទាំងរូបីនិងអរូបីជាអាទិ៍មាន ទីក្រុងបុរាណ ប្រាង្គប្រាសាទ សំណង់ធារាស្រ្ត ស្រះ ត្រពាំង រូងសិប្បនិមិត្ត ចម្លាក់ថ្មដា សិលាចរឹក សិល្បៈ ល្ខោន របាំ តន្រ្តីប្រពៃណី សង្គមមាតាធិបតេយ្យនិងប្រវត្តិទួលអង្គ ភូមិ ឃុំ ស្រុក ខេត្តជាច្រើនទៀត ។លោកប្រធានមន្ទីរបានបន្តទៀតថា រូបសំណាកព្រះវិស្ណុដែលដាក់តាំងនៅច្រកចូលទីរួមខេត្ត គឺជានិមិ្មត្តិរូបនៃខេត្តតាកែវ មានកម្ពស់២ម៉ែត្រ ។
លក្ខណៈពិសេសរបស់ព្រះវិស្ណុ គឺមានក្បាល១ ដៃ៨ សម្លៀកបំពាក់ពណ៌លឿង មានគ្រុឌជាយានជំនិះ ។ ចំពោះមហេសីគឺនាងលក្ស្មីីទេពធីតា តំណាងឱ្យទ្រព្យសម្បត្តិ និងនាងស្រី(ស្រីុ) ទេពធីតាតំណាងឱ្យសោភ័ណភាព និងមានបុត្រ១រូបនាមព្រះកាមៈ។ វិមានរបស់ព្រះវិស្ណុនៅឋានវៃកុណ្ឌៈ។ ចំពោះកេតនភណ្ឌមានកងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ ផែនដី ថាស ។
ព្រះវិស្ណុជាទេវៈជួយដោះទុក្ខមនុស្សលោកដោយតែងតែបានបែងភាគជាអវតារ រាល់ៗកប្បចុះមកជួយស្រោចស្រង់មនុស្សលោកឱ្យបានផុតអំពីទុក្ខលំបាក ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបញ្ជាក់ថា ព្រះវិស្ណុភ្នំដា យោងតាមសិលាចរឹកលេខកា-៥៨៩ដែលបានខូចខាតខ្លះទៅហើយនោះបាននិយាយរៀបរាប់ពីស្តេចរុទ្រវរ័្មន(៥១៤ដល់៥៣៩) នៅដើមសតវត្សទី៦បានស្ថាបនាបដិមាព្រះវិស្ណុក្នុងរអាងមួយពីថ្មភក់នៅភ្នំដា ដែលសព្វថ្ងៃតាំងនៅសារមន្ទីរជាតិភ្នំពេញ ។
វិស្ណុភ្នំដាមានដៃ៨ ដៃឆ្វេងមានកាន់កងចក្រគ្រាប់រន្ទះ ផៃទី និងថូទឹក ឯដៃស្តាំកាន់ភ្លើង ដំបងខ្លី ស្បែកសត្វ និងដំបងវែង ។
មូលហេតុដែលបានជ្រើសរើសយករូបព្រះវិស្ណុដៃ៨ជាសញ្ញាសម្គាល់ខេត្តតាកែវ ដោយសារខេត្តនេះស្ថិតនៅលើទឹកដីចំណាស់ជាងគេ គឺនគរភ្នំ ជាដើមកំណើតកម្ពុជា ។ ព្រះវិស្ណុដៃ៨ជាបដិមាមួយដែលល្អជាងគេ ធំជាងគេនៅសារមន្ទីរជាតិ យកចេញពីភ្នំដា ស្រុកអង្គរបុរី ជាអាទិទេពរក្សាលោក ។
យោងតាមឯកសារប្រជុំលិខិត ឧកញ៉ាញិក នូ អំពីគោរម្យងារចៅហ្វាយខេត្តតាកែវជា«ឧកញ៉ាពិស្ណុលោក មហេន្ទ្រសក្តិពិភក្តិរដ្ឋា មហាបុរន្តគ្រាម អគ្គសេនាមហាមាត្យ ឧត្តមក្រមពាហុចៅហ្វាយខេត្តតាកែវ» ដែលមានន័យថា «ជាអ្នកចេះដឹង រក្សាទឹកដីចម្បងគេ ជាអ្នកស្នេហាជាតិ ជាស្តេចត្រាញ់ធំជាងគេក្នុងនគរ ជាមេទ័ពខ្ពង់ខ្ពស់ផុតគេ និងជាអ្នកចេះច្បាប់ទម្លាប់ជ្រៅ
ជ្រះ» ។
ដោយសារបែបនេះហើយ ទើបខេត្តតាកែវសាងរូបសំណាកព្រះវិស្ណុចម្លងតាមរូបសំណាកដើមនៅភ្នំដា ដាក់តាំងនៅច្រកចូលទីរួមខេត្ត ដែលបង្ហាញពីនិមិត្តរូបផង បង្ហាញពីខេត្តតាកែវ ជាខេត្តប្រវត្តិសាស្ត្រទាក់ទិនរឿងរ៉ាវនៃនគរភ្នំផង ជាទឹកដីចាប់កំណើតអារ្យធម៌ខ្មែរផង និងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងផង ។
កញ្ញារដ្ឋ ធារី ជាអ្នកទេសចរដែលបានទៅដល់ក្រុងដូនកែវ និយាយថា រូបសំណាកព្រះវិស្ណុនោះមានលក្ខណៈបែបសិល្បៈល្អ ។ នាងពុំបានដឹងពីប្រវត្តិនៃព្រះវិស្ណុ ឬប្រវត្តិរូបសំណាកនៃទេពអង្គនេះទេ ប៉ុន្តែយល់ថា ខេត្តតាកែវដាក់តាំងរូបសំណាកនេះជួយលើកសោភ័ណភាពក្រុងមួយកម្រិតទៀត ។
ចំណែកលោកសុខ ភិរុណ មានស្រុកកំណើតនៅខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញនិយាយថា លោកធ្លាប់ធ្វើដំណើរទៅលេងបងប្អូននៅជាយក្រុងដូនកែវជារឿយៗ ហើយតែងតែឃើញរូបសំណាកព្រះវិស្ណុ តែលោកពុំបានដឹងប្រវត្តិរបស់រូបសំណាកនេះថា ចម្លងតាមរូបដើមនៅភ្នំដា ដែលជារូបសិល្បៈខ្មែរល្អ និងធំជាងគេគួរឱ្យមានមោទនភាពសម្រាប់ខេត្តតាកែវទេ ។ លើសពីនេះលោកក៏ពុំបានដឹងថា ខេត្តតាកែវយករូបព្រះវិស្ណុដ៏មានតម្លៃខាងផ្នែកវប្បធម៌នេះជាមិត្តរូបរបស់ខេត្តដែរ ។ទេសចរ និងសូម្បីតែអ្នករស់នៅក្រុងដូនកែវផ្ទាល់ជាច្រើនរូបសុទ្ធតែពុំដឹងប្រវត្តិ ឬការយកព្រះវិស្ណុជានិមិត្តរូបរបស់ខេត្តតាកែវទេ គឺដឹងត្រឹមតែជាការដាក់តាំងលម្អក្រុងប៉ុណ្ណោះ ។
អ្នកក្រុងដូនកែវ និងទេសចរសាទរចំពោះការដាក់តាំងរូបសំណាកព្រះវិស្ណុ ហើយប្រាថ្នាឃើញដាក់តាំងរូបសំណាកបែបសិល្បៈវប្បធម៌ផ្សេងទៀត ដែលមាននៅខេត្តតាកែវ ពិសេសគឺសិល្បៈបុរាណយីកេ ដ៏ល្បីល្បាញរបស់ខេត្ត និងមានកំណើតនៅក្នុងខេត្តនេះ ។
នៅពេលលោកអ្នកអញ្ជើញទៅដល់ក្រុងដូនកែវ ឬទីរួមខេត្តតាកែវសូមកុំភ្លេចថតរូបទុកជាអនុស្សាវរីយ៍ជាមួយរូបសំណាកព្រះវិស្ណុ ដែលមានតម្លៃផ្នែកវប្បធម៌ដ៏វិសេសនេះ ៕
ចែករំលែកព័តមាននេះ