រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១៨ កញ្ញា ឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១២ ។
តាមសេចក្តីជូនព័ត៌មាននេះដែរ គឺលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ និងចូលរួមកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
សេចក្ដីជូនព័ត៌មានដដែលបានឱ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអាវុធគីមី ស្ដីពី«១៥ ឆ្នាំនៃអនុសញ្ញាអាវុធគីមី ភាពជោគជ័យនៃប្រតិបត្តិការ និងការប្ដេជ្ញាចំពោះអនាគតកាល»និងចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិចំនួន៤ដូចខាងក្រោម ៖
១- អនុសញ្ញាស្ដីពីការទទួលខុសត្រូវខាងរដ្ឋប្បវេណីចំពោះការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនទំនិញ គ្រោះថ្នាក់តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹកក្នុងប្រទេស ។
២- អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី រូបិយាណត្តិអន្តរជាតិ និងប័ណ្ណសងតាមបញ្ជាអន្តរជាតិ។
៣- អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការចាត់តាំងតំណាងសម្រាប់ទូទាត់បំណុលក្នុងពាណិជ្ជកម្មអន្តរជាតិ។
៤- អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រើប្រាស់គមនាគមន៍អេឡិចត្រូនិកក្នុងកិច្ចសន្យាអន្តរជាតិ។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសមួយចំនួន ៕
ចែករំលែកព័តមាននេះ