ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​មាន​ប្រតិ​កម្ម​ជុំវិញ​ការ​ដោះ​លែង អៀង ធីរិទ្ធ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​លោកឆាំង​ យុ ប្រធាន​មជ្ឈ​មណ្ឌលឯក​សារ​កម្ពុជា​ កាលពី​ថ្ងៃទី​១៧​កញ្ញា​ ​បានសរសេរ​នៅក្នុង​អត្ថ​បទ​មួយ​ដោយ​ចាត់​ទុកការ​ដោះលែង​លោកស្រី ​អៀង ធីរិទ្ធ​ ជា បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​១៦​ កញ្ញា​ ដោយសារជំងឺវង្វេង​វង្វាន់នោះ​ថា​ គឺភាព​អយុត្តិ​ធម៌​នៅតែ​បន្ត​កើត​ឡើង​ក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​សម្រាប់​ជន​រង​គ្រោះ ។

រាជធានី​ភ្នំពេញ​ ៖​​ ​លោកឆាំង​ យុ ប្រធាន​មជ្ឈ​មណ្ឌលឯក​សារ​កម្ពុជា​ កាលពី​ថ្ងៃទី​១៧​កញ្ញា​ ​បានសរសេរ​នៅក្នុង​អត្ថ​បទ​មួយ​ដោយ​ចាត់​ទុកការ​ដោះលែង​លោកស្រី ​អៀង ធីរិទ្ធ​ ជា បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​១៦​ កញ្ញា​ ដោយសារជំងឺវង្វេង​វង្វាន់នោះ​ថា​ គឺភាព​អយុត្តិ​ធម៌​នៅតែ​បន្ត​កើត​ឡើង​ក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​សម្រាប់​ជន​រង​គ្រោះ ។

យោង​តាមអត្ថ​បទ​​ដែល​កោះ​​សន្តិ​ភាព​បាន​ទទួល​​​​​នៅថ្ងៃទី១៧​ កញ្ញា​ ឆ្នាំ​២០១២ ​បានសរ​សេរ​ថា​ កាល​​ពី​ថ្ងៃ​ទី​១៦ កញ្ញា​ ឆ្នាំ២០១២​ អង្គជំ​នុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ បាន​ជូន​ដំណឹង​ថា​ ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ​ ក្នុង​សំណុំ​រឿង​​០០២​ មិន​មាន​សម្បទា​​គ្រប់គ្រាន់​ក្នុង​ការ​ចូល​​រួមកិច្ច​ដំណើរ​ការ​តុលាការ​បាន​ទេ ដោយ​សារ​​តែជន​ជាប់​ចោទ​រូប​នេះ​មានជំងឺ​វង្វេង​វង្វាន់​ស្មារតី​ ក្នុងកម្រិត​មួយ​ដ៏ធ្ងន់ ។​ ទោះបីជា​មាន​ការរំពឹងទុក​បែប​នេះ​ជា​យូរ​មក​ហើយ​ក៏​ដោយ​ ដំណឹង​អំពីការ​មិន​មាន​សម្បទា​គ្រប់គ្រាន់​របស់​ជន​​ជាប់​ចោទ​បែប​នេះ​នៅតែជា​តថ​ភាពមួយ​ដែល​​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ពិបាក​នឹង​ទទួល​យក ។

លោក​ឆាំង​ យុ បានសរសេរថា​ អៀង​ ធីរិទ្ធ មាន​លទ្ធភាព​ទទួល​បាន​សេវាថែ​ទាំសុខ​ភាព លំដាប់​ថ្នាក់​ពិភព​លោក​ និង​ទទួល​បាន​ការ​ព្យាបាល​ពីវេជ្ជ​បណ្ឌិត​ជំនាញ​ជាច្រើន​រូប​បែប​នេះ​ គឺជាការផ្ទុយគ្នា​ស្រឡះទៅនឹងអ្វីដែល​ អៀង ធីរិទ្ធ​ ធ្លាប់បានធ្វើ  និងអ្វីដែល​ខ្លួនធ្លាប់​ហៅថា  «​ការថែទាំ​សុខ​ភាព»​នៅក្នុង​របប​ខ្មែរ​ក្រហម។ បន្ថែមទៅនឹង​សេវា​សុខ​ភាព​យ៉ាង​វិសេស​វិសាល​ដែល​អៀង​ ធីរិទ្ធ​ បានទទួល ​វាជាការលំបាក​មួយ​​សម្រាប់ជន​រង​គ្រោះ​ និង​ប្រជា​​ជន​កម្ពុជា​ទាំង​អស់​ ក្នុងការទទួល​យក​​ការ​លើក​កម្ពស់​សិទ្ធិ​របស់​អៀង​ ធីរិទ្ធ​ ដែលកើត​ឡើង​នៅអង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុងតុលាការ​កម្ពុជា ។

ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ​ ត្រូវបាន​ដាក់​ឈ្មោះ​ជារឿយ​ៗ​នៅក្នុងសារព័ត៌​មាន​បរ​ទេស​ថា​ជា «​ស្ដ្រីទីមួយ» ​​នៃរបបខ្មែរ​ក្រហម​ ។​ ការ​ឲ្យ​ឈ្មោះ​ជា​ «​ស្ដ្រីទី​មួយ»​ បែបនេះ ​គឺឋានៈ​មួយ​មិន​ត្រឹមត្រូវ​ទាល់​តែសោះ ហើយ​ធ្វើឲ្យ​មាន​ការ​យល់​ខុស ។​ អៀង​ ធីរិទ្ធ មិនមែន​ជាបុគ្គល​មួយ​រូប​ដែលបាន​ចូល​រួម​ពាក់​ព័ន្ធ​ក្នុងរបប​ខ្មែរ​ក្រហម​ដោយសារ​តែឋានៈ​របស់​ខ្លួន​ជាប្រពន្ធ​របស់​ អៀង​ សារី  និង​ជាប្អូន​ថ្លៃរបស់​ប៉ុល​ ពត​ ទេ តែ អៀង​ ធីរិទ្ធ ជាសមាជិកាបក្ស​កុម្មុយ​និស្ដ​កម្ពុជា ដ៏មាន​ឥទ្ធិពលមួយ​រូប​ដែល​មាន​អំណាច​ទូទាំង ប្រទេស​ក្នុង​នាមជា​រដ្ឋមន្ដ្រីក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ។

អត្ថបទរបស់លោក​ឆាំង​ យុ  បាន​បន្ត​ថា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (ខ្មែរ​ក្រហម)​ បាន​ប្រើអំពើ​ហិង្សា​ប្រឆាំង​នឹង​អារម្មណ៍​មនោសញ្ចេត​នាជា​មូលដ្ឋានរបស់​មនុស្ស​ ហើយ​ខ្មែរ​ក្រហម​បាន​ចាត់​ទុក​អាការ​​នៃរោគ​សញ្ញា​សាមញ្ញ​ដូចជា​ ឈឺក្បាលថាជា​ ភាពទន់ខ្សោយ និង​ថាជាជំងឺ​របស់​ចក្រពត្តិ​និយម ។​ អ្នកដែល​មាន​បញ្ហា​ផ្លូវចិត្ដធ្ងន់ធ្ងរ​ដូចអ្វីដែល​អៀង​ ធីរិទ្ធ កំពុង​ទទួល​រង​សព្វថ្ងៃ​ នឹងត្រូវបាន​កម្ចាត់​ចោល​ភ្លាម​ដោយ​របប​ខ្មែរ​ក្រហម​ដែលបាន​ចាត់​ទុក​ថា​ជាសញ្ញាណ​នៃភាព​ទន់ខ្សោយ​នៃសង្គម​ដែល​ត្រូវ​តែចាត់​វិធាន​ការ ។

លោកឆាំង​ យុ បន្តថា​ ពេលនេះ​អៀង​ ធីរិទ្ធ ត្រូវ​បាន​គេផ្ដល់​នូវ​ក្ដីមេត្ដា ​ករុណា  ដែល​ក្ដី​មេត្ដា​ករុណានេះ​ គាត់បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បំបាត់ចោល​ក្នុងនាម​ជារដ្ឋ​មន្ដ្រីខ្មែរ​ក្រហម​មួយ​រូប ។​ ខណៈដែល​ការ​ធ្វើបែប​នេះ គឺជាទង្វើដ៏ឈឺ​ចាប់​មួយ​របស់​ជន​រង​គ្រោះ​ ស្រប​ពេល​ជា​មួយ​គ្នា​នោះដែរ​ យើង​ក៏មាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ ក្នុង​ផ្លូវដ៏វែង​ឆ្លាយ​ទៅ​មុខ​ថា​ ទង្វើនេះ​នឹង​ត្រូវ​បាន​មើលឃើញ​ថា​ ជាភាពជោគ​ជ័យ​ដ៏តូច​មួយ សម្រាប់​ភាព​យុត្ដិ​ធម៌ និង​ភាពថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ ៕