ខេត្តបន្ទាយមានជ័យ ៖ ផ្ទៃមេឃនៅតែមានពពកខ្មៅដាស ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ ពេលនេះជំនន់ទឹកភ្លៀងកំពុងជន់លិចនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ហើយបានជះឥទ្ធិពលអាក្រក់ដល់អ្នកភូមិតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ពិសេសក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ។
ពាក់ព័ន្ធនឹងការជន់លិចនេះ អ្នកភូមិមួយចំនួននៅខាងត្បូងផ្លូវជាតិលេខ៥ ដូចជាភូមិប៉ោយប៉ែត ភូមិក្បាលកោះ និងភូមិមួយចំនួនទៀតសរុបប្រហែល១០០គ្រួសារកំពុងប្រឈមការជន់លិចលំនៅឋាន ដោយសារកម្ពស់ទឹកដែលហូរចាក់ពីប្រទេសថៃ ចេះតែមានការហក់ឡើងជាលំដាប់ ។ ភូមិប៉ោយប៉ែត និងភូមិក្បាលកោះពេលនេះផ្ទះអ្នកភូមិខ្លះរស់នៅលែងកើត ដោយសារទឹកមានកម្ពស់ត្រឹមក ឬកន្លែងខ្លះត្រឹមទ្រូងទៅហើយ ហើយពេលនេះអ្នកភូមិបាននាំគ្នាជិះទូក ឬក្បូនឡើងរកច្រាំងដើម្បីរកទីទួលសុវត្ថិភាព ។ អ្នកភូមិខ្លះបានបោះតង់នៅលើដងផ្លូវរថភ្លើង និងមួយចំនួនធំកំពុងស្នាក់នៅក្រោមដំបូលអតីតផ្សាររ៉ាយ៉ាងកកកុញ ។ ពេលនេះអាជ្ញាធរស្រុក សង្កាត់ ភូមិ ព្រមទាំងសមត្ថកិច្ច ប៉ូលិស ប៉េអឹម បានចុះស្រង់ស្ថិតិនិងពង្រឹងការការពារសុវត្ថិភាពប្រជាពលរដ្ឋផងដែរ ។
ដោយឡែកនៅឯឃុំអូរបីជាន់ ស្រុកអូរជ្រៅវិញលោកកែវ សែន អភិបាលស្រុកបានប្រាប់តាមទូរស័ព្ទថា ទឹកជំនន់ពីថៃនៅថ្ងៃនេះ(១៨កញ្ញា) បាននិងកំពុងហូរបុកចូលមកភូមិមួយចំនួនតាមបន្ទាត់ព្រំដែនក្នុងឃុំអូរបីជាន់បណ្តាលឱ្យជន់លិចស្ទើរគ្រប់ភូមិទៅហើយ ។ ពេលនេះអ្នកភូមិអូរបីជាន់១២៦គ្រួសារកំពុងត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព ។ ឯភូមិមួយចំនួនទៀតកំពុងត្រៀមជម្លៀសជាបន្តបន្ទាប់ផងដែរ ។
លោកកែវ សែន បន្តថា ផ្លូវលំតាមភូមិគ្រប់ភូមិ ពេលនេះរងការជន់លិចស្ទើរគ្រប់កន្លែងទៅហើយ ដែលមានកន្លែងខ្លះធ្ងន់ធ្ងរទៀតផង ដូចជា ផ្លូវបន្ទាត់ព្រំដែនពីភូមិសិលាខ្មែរ ទៅភូមិទំនប់ដាច់ ទឹកលិចជ្រៅស្ទើរតែមិនអាចធ្វើដំណើរកើតជាងពីរគីឡូម៉ែត្រ ។
ការលិចលង់នេះ សម្រាប់ផលដំណាំត្រូវលោកកែវ សេន ប្រាប់ថា នៅភូមិសិលាខ្មែរខូចដំឡូងមីអស់១៥ហិកតា ស្រូវ៤៣ហិកតា ឯភូមិទំនប់ដាច់លិចលង់ស្រូវ៥២ហិកតា និងដំឡូងមី២៥ហិកតា ។ ចំណែកមនុស្ស និងសត្វពាហនៈគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែងាប់មាន់ជាច្រើនក្បាល ។ លោកអភិបាលស្រុកបន្តថា ពេលនេះអាជ្ញាធរស្រុកបានស្នើសុំតង់ចំនួន៧០០ដើម្បីជួយប្រជាពលរដ្ឋដែលត្រូវសង្គ្រោះបន្ទាន់នេះ ។ ក្រៅពីឃុំអូរបីជាន់ លោកអភិបាលរូបនេះប្រាប់ថា ក្នុងឃុំសំរោងខាងត្បូងផ្លូវជាតិលេខ៥ ក៏រងការជន់លិចដែរ លើដងផ្លូវប្រវែង១.៦០០ម៉ែត្រ និងទឹកបុកដាច់២៥ម៉ែត្រ មិនអាចធ្វើដំណើរឆ្លងកាត់បាន ។ លោកអភិបាលស្រុកអះអាងថា ពេលនេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមខេត្ត រួមជាមួយអាជ្ញាធរមិនព្រងើយកន្តើយទេ កំពុងរួមគ្នាដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំចុះស្រង់ទិន្នន័យជុំវិញទឹកជំនន់នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ។ លោកសង្កត់ធ្ងន់ដែរថា មិនមែនតែស្រុកខ្មែរទេ ពេលនេះនៅក្នុងស្រុកថៃ ពិសេសស្រុកអារញ្ញដែលនៅទល់មុខនឹងក្រុងប៉ោយប៉ែត កំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរផងដែរ រហូតកន្លែងខ្លះកកស្ទះអ្នកដំណើរតាមយានយន្តមិនអាចធ្វើដំណើរបាន សូម្បីតែចំណុចផ្សាររុងក្លឿជាប់ព្រំដែនកម្ពុជាពេលនេះក៏កំពុងលិចជាបណ្តើរៗហើយ ។ តាមប្រភពពីអាជីវករខ្មែរលក់ដូរក្នុងផ្សាររុងរឿងប្រាប់ថា ពេលនេះកន្លែងខ្លះក្នុងទីផ្សារទឹកត្រឹមជង្គង់ទៅហើយ ។
ក្នុងជំនួបប្រជុំរវាងប្រតិភូថៃមួយក្រុមចំនួន៩០នាក់ នៅសាលាខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី១៨ កញ្ញា លោកសានីត ណាក់ស៊ុកស៊ី អភិបាលខេត្តស្រះកែវ បានប្រាប់អាជ្ញាធរខេត្តបន្ទាយមានជ័យថា នៅក្នុងខេត្តស្រះកែវពេលនេះទឹកជំនន់កំពុងជន់លិច ហើយ២ថ្ងៃទៀតទឹកជំនន់នេះនឹងបុកដល់ខេត្តបន្ទាយមានជ័យរបស់កម្ពុជាហើយ ។
លោកនេត សារី អគ្គកុងស៊ុងខ្មែរប្រចាំប្រទេសថៃបានប្រាប់ថា នៅកន្លែងធ្វើការរបស់លោកក្នុងស្រុកអារញ្ញ ពេលនេះត្រឹមចង្កេះទៅហើយកំពុងឱ្យគេជួយរើអីវ៉ាន់ដាក់ឱ្យផុតពីការជន់លិចនេះផងដែរ ។ អ្នកក្រុងប៉ោយប៉ែតប្រាប់ថា ទឹកឆ្នាំនេះអាចធ្ងន់ធ្ងរជាងឆ្នាំមុនៗ ព្រោះរាល់ឆ្នាំទាល់តែដល់ថ្ងៃកៀកបុណ្យភ្ជំបិណ្ឌទើបលិចលង់ខ្លាំង តែឆ្នាំនេះបែរជាទឹកឡើងខ្លាំងពីដើមទីទៅហើយ ។
ខេត្តក្រចេះនៅមិនទាន់មានការយាយីពីជំនន់ទឹកភ្លៀង ឬជំនន់ទឹកទន្លេមេគង្គនៅឡើយទេ
ខេត្តក្រចេះ ៖ ទោះបីជាខេត្តក្រចេះ ដែលជាខេត្តមួយនៅតំបន់ភូមិភាគឦសានប្រឈមទៅនឹងការទទួលរងនូវប្រព័ន្ធសម្ពាធទាបគ្របដណ្តប់អស់រយៈពេលជាច្រើនថ្ងៃ និងបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី ក៏ក្នុងរដូវវស្សាឆ្នាំនេះតាមបណ្តាស្រុកទាំង៥ និងក្រុង១ទូទាំងខេត្ត មិនទាន់មានការប៉ះពាល់ណាមួយពីគ្រោះទឹកជំនន់ ឬជំនន់ទឹកភ្លៀងនៅឡើយទេ ។ ប៉ុន្តែទោះបីជាជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គមិនទាន់ជន់លិច ខណៈពេលកម្ពស់ទឹកទន្លេមេគង្គនៅមានកម្រិតឡើងទាបយ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការត្រៀមអន្តរាគមន៍ជម្លៀស និងសង្គ្រោះនៅតាមបណ្តាមូលដ្ឋានដែលធ្លាប់ប្រឈមមុខនាឆ្នាំកន្លងមក ។ នេះបើតាមការអះអាងរបស់មន្ត្រីអាជ្ញាធរ ។
ស្រុកព្រែកប្រសព្វ មានភូមិសាស្ត្រលាតសន្ធឹងនៅតាមបណ្តោយដងទន្លេមេគង្គហើយក៏ជាស្រុកមួយដែលមានការប្រឈមមុខខ្លាំងជាងគេក្នុងចំណោមស្រុកទាំង៥ និងក្រុងមួយរបស់ខេត្តពីការគំរាមកំហែងដោយគ្រោះទឹកជំនន់ផងដែរ។ កន្លងមក ឃុំទាំង៨ក្នុងស្រុកនេះបានជន់លិចដោយគ្រោះទឹកជំនន់ តែទោះជាយ៉ាងណា ពេលនេះបណ្តាភូមិ-ឃុំដែលធ្លាប់រងគ្រោះទាំងអស់ក្នុងស្រុកនេះ នៅមិនទាន់មានការយាយីណាមួយពីគ្រោះទឹកជំនន់នៅឡើយទេ បើប្រៀបទៅនឹងអំឡុងពេលនេះក្នុងឆ្នាំ២០១១ កន្លងទៅ ដែលទឹកជំនន់បានជន់លិចជាហូរហែរួចទៅហើយ ។
អភិបាលរងស្តីទីស្រុកព្រែកប្រសព្វ លោកអ៊ាន ណារម្យ បានមានប្រសាសន៍ប្រាប់កោះសន្តិភាពកាលពីថ្ងៃទី១៨ កញ្ញា ថា ក្នុងបណ្តាឃុំទាំង៨ក្នុងស្រែកព្រែកប្រសព្វមិនទាន់មានការជន់លិចដោយសារជំនន់ទឹកភ្លៀង ឬទឹកទន្លេមេគង្គនៅឡើយទេ ។ លោកបានប្រៀបធៀបថា កាលពីខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ គឺឃុំទាំង៨នៅទូទាំងស្រុកបានជន់លិចដោយអំណាចទឹកជំនន់បណ្តាលឱ្យខូចខាតដំណាំកសិកម្មរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យសត្វពាហនៈដែលជាកម្លាំងអូសទាញរបស់ពួកគាត់ត្រូវជួបការលំបាកក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ផ្ទុយទៅវិញក្នុងរដូវវស្សាឆ្នាំ២០១២ នេះគឺភ្លៀងបានបង្អុរគ្រប់គ្រាន់ ធ្វើឱ្យប្រជាកសិករមានទឹកគ្រប់គ្រាន់ដើម្បីបង្កបង្កើនផល ។
ប្រធានមន្ទីរកសិកម្មខេត្ត លោកគុយ ហួត មានប្រសាសន៍ថា ក្នុងឆ្នាំនេះមិនមានទឹកជំនន់ណាមួយបង្កឱ្យជន់លិចប៉ះពាល់ដល់ដំណាំកសិ-ឧស្សាហកម្មរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តនោះទេ ។ ទោះបីជាយ៉ាងណា ក៏មន្ទីរបានត្រៀមលក្ខណៈរួចជាស្រេចទាំងគ្រាប់ពូជ និងប្រេងឥន្ធនៈ សម្រាប់ចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងខេត្ត នៅពេលជួបប្រទះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ ។
លោកហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ កញ្ញា ថា ក្នុងរដូវវស្សាឆ្នាំ២០១២ នេះកម្ពស់ទឹកទន្លេមេគង្គគឺមានការជន់ឡើងកម្រិតទាប បើប្រៀបធៀបថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១១ ជាមួយនឹងថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១២ គឺទឹកមានកម្ពស់ទាបជាង៥ម៉ែត្រឯណោះ ។ លោកបញ្ជាក់ថា សម្រាប់ខេត្តក្រចេះកម្ពស់ទឹកចាប់ពី២២ម៉ែត្រ ឡើងទៅទើបដល់ចំណុចប្រកាសអាសន្ន តែរហូតមកទល់នឹងថ្ងៃទី១៨ កញ្ញា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅមានកម្ពស់១៨,១៤ម៉ែត្រនៅឡើយទេ ៕
ចែករំលែកព័តមាននេះ