រាជធានីភ្នំពេញ ៖ លោកយាយម្នាក់ជិះកង់ទៅហាត់ប្រាណហើយបានបណ្តើរកង់ឆ្លងផ្លូវត្រូវរថយន្តដឹកខ្សាច់មួយគ្រឿងបើកបុកកិនចំដងខ្លួន និងក្បាលបែកខ្ទេចរមូរចូលគ្នាស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុតកណ្តាលទ្រូងផ្លូវ ឯរថយន្តដឹកខ្សាច់បានព្យាយាមបើករត់ តែត្រូវប៉ូលិសដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរនៅតាមផ្លូវលេខ២០០២ ។
គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី១៨ កញ្ញា នៅចំណុចស្តុបមុខក្រុមហ៊ុនណូគា ផ្លូវលេខ២៧១ កែងផ្លូវលេខ២០០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ស្ត្រីចំណាស់រងគ្រោះឈ្មោះលឹម មុំ អាយុ៦៣ឆ្នាំ ត្រូវរថយន្តកិនចំដងខ្លួន និងក្បាលបែករមូរចូលគ្នាស្លាប់មួយរំពេច ។
រថយន្តដែលកិនមនុស្សស្លាប់ម៉ាកនីស្សាន់ដឹកខ្សាច់ ពណ៌ខៀវ បើកបរដោយឈ្មោះអ៊ឹម សារុំ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិខ្នាតរមាស ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិសាត់ និងមានលំនៅស្នាក់នៅម្តុំស្តាតចាស់ រាជធានីភ្នំពេញត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរដ្ឋានបាលរាជធានីភ្នំពេញ ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញលោកយាយរងគ្រោះ ស្ថិតក្នុងសម្លៀកបំពាក់សជាសម្លៀកបំពាក់ហាត់ប្រាណ បានបណ្តើរកង់ពីផ្លូវលេខ២០០៤ ហៅផ្លូវម៉ៃដា ដល់ចំណុចស្តុបមុខក្រុមហ៊ុនណូគា ក៏ឆ្លងផ្លូវលេខ២៧១ ពីលិចទៅកើត ក្នុងគោលបំណងទៅហាត់ប្រាណនៅសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ពេលបណ្តើរកង់ឆ្លងផ្លូវជិតផុត ទៅហើយ ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងបានបើកតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងបានបុកស្ត្រីចំណាស់នោះហើយកិនជាប់អូសប្រវែងជិះ១០ម៉ែត្រ បណ្តាលឱ្យបែកដងខ្លួនរមូរចូលគ្នាស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅលើដងផ្លូវ ។
តាមព័ត៌មានឱ្យដឹងថា បន្ទាប់ពីបុកកិនលោកយាយស្លាប់ហើយរថយន្តបានបើករត់ តែត្រូវប៉ូលិសដែលប្រចាំការនៅចំណុចកើតហេតុនោះដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅតាមផ្លូវលេខ២០០២ ក្នុងភូមិត្រពាំងឈូក រួចបញ្ជូនអ្នកបើកបរមកកាន់កន្លែងកើតហេតុវិញ។ ភ្លាមគេពុំបានស្គាល់ឈ្មោះស្ត្រីចំណាស់នោះឡើយ តែតាមរយៈសម្លៀកបំពាក់ទើបម្ចាស់ក្លិបហាត់ប្រាណស្គាល់ឈ្មោះលឹម មុំ អាយុ៦៣ឆ្នាំ ។
តាមសម្តី ឈ្មោះអឹុម សារុំ ជាអ្នកបើកបររថយន្តដឹកខ្សាច់បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកខ្សាច់មកពីស្រុកកណ្តាលស្ទឹង ក្នុងគោលបំណងយកទៅដាក់នៅម្តុំស្តាតចាស់។ ពេលធ្វើដំណើរតាមផ្លូវលេខ២៧១មកដល់ស្តុបមុខក្រុមហ៊ុនណូគា ស្រាប់តែឃើញលោកយាយ៣នាក់ ម្នាក់បណ្តើកង់ និង២នាក់ទៀតជិះកង់ ឆ្លងផ្លូវពីលិចទៅកើត ភ្លាមនោះគាត់ជាន់ហ្វ្រាំង តែពុំជាប់ហើយមិនដឹងគេចទៅណា បើគេចពីលោកយាយខាងមុខក៏បុកលោកយាយពីរនាក់ដែលជិះកង់ពីក្រោយ ទើបបើកបំបុកតែម្តង ។ សពត្រូវបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
រថយន្ត និងអ្នកបើកបរត្រូវប៉ូលិសការិយាល័យចរាចរណ៍បញ្ជូនទៅកាន់ការិយាល័យជំនាញដោះស្រាយតាមច្បាប់។ គេនិយាយថា រថយន្តដឹកដីខ្សាច់ និងរថយន្តដឹកទំនិញផ្សេងៗបានបើកបរលឿនៗហាក់ដូចជាពុំគិតពីការគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ព្រោះអាងមានក្រុមហ៊ុនធានារ៉ាប់រង ហើយការដោះស្រាយតែងបង្កការថ្នាំងថ្នាក់ពីក្រុមគ្រួសារជនរងគ្រោះ ។ ចំណែកអ្នកបង្កបុកគេស្លាប់កន្លងមក ពុំដែលត្រូវបានសម្ថកិច្ចចាត់ការតាមច្បាប់បញ្ជូនទៅតុលាការឡើយ គឺដោះលែងវិញបន្ទាប់ពីមានសំណង ។ ចំណុចនេះគួរសមត្ថកិច្ចពិចារណាឡើងវិញ បើនៅតែមានវប្បធម៌និទណ្ឌភាព ជនបង្កច្បាស់ជាមិនរាងចាលទេ ៕
ចែករំលែកព័តមាននេះ