សារព័ត៌មានរបស់អង់គ្លេស កាលពីថ្ងៃទី១៧ កញ្ញា បានផ្សាយថាសណ្ឋាគារស្តេនដាដ នៅតំបន់មេនហាតតាន់ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចេញម៉ូដសង់បន្ទប់ទឹកនៅជាន់ទី១៨ ជាកញ្ចក់ថ្លា ដោយគ្មានវាំងននសម្រាប់បិទបាំងការបន្ទោបង់ទេ និងនៅខ្ពស់ត្រដែត ធ្វើឱ្យអ្នកដើរឆ្លងកាត់អាចមើលឃើញ ។
លោកដេវីដលែងដុនភ្ញៀវទេសចរ អាយុ៥៥ឆ្នាំ មកពីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី បញ្ជាក់ប្រាប់សារព័ត៌មានញូវយ៉ក ដេលីញូវថា «ទិដ្ឋភាពនៅផ្នែកខាងក្រៅគួរឱ្យរំភើប ប៉ុន្តែស្ថានភាពនៅខាងក្នុងហាក់ដូចជាភិតភ័យ ខ្ញុំបានឃើញមនុស្សនៅផ្នែកខាងក្រៅបក់ដៃដាក់ខ្ញុំ» ។
ចំណែកកូនស្រីគឺនាងប៊ឺលីនដា លែងដុន អាយុ២៤ឆ្នាំមានជំនឿចិត្តថា កញ្ចក់មានចំណាំងប្លាតមិនអាចមើលឃើញពីផ្នែកខាងក្រៅ ធ្វើឱ្យខ្លួនមិនប្រុងប្រយ័ត្ន រួមទាំងបង្ហើបឱ្យដឹងថា «គួរឱ្យមានសភាពព្រឺព្រួច ចំពោះអ្នកដែលថតរូប ប៉ុន្តែសង្ឃឹមថា នឹងគ្មាននរណាម្នាក់ចំណាំមុខបាននៅពេលដើរខាងក្រៅ» ។
បន្ទប់ទឹកមានកញ្ចក់ថ្លានេះ ធ្លាប់មានតារាល្បីៗ ក្នុងមជ្ឈដ្ឋានហូលីវូដប្រើប្រាស់ រួមមានតារាសម្តែងរូបសង្ហា លីអូណាដូ ឌីកាព្រីយ៉ូ និងនាងកាមេរ៉ុន ឌីអេស ជាដើម ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់លោកផ្ល័រ៉េនទីណា បាលឡេស្តេរ៉ូស អាយុ២៦ឆ្នាំ ភ្ញៀវទេសចរម្នាក់ទៀត គ្មានអារម្មណ៍ក្នុងការប្រឆាំង ឬខ្មាសអៀន ចំពោះបន្ទប់ទឹកនោះទេ លោកនិយាយថា «គ្មាននរណាម្នាក់ចាប់អារម្មណ៍ និងបានដឹងថា យើងកំពុងបន្ទោបង់ទេ ។ ចំពោះទិដ្ឋភាពនៅផ្នែកខាងក្រៅ និងខាងក្នុងរមែងមានចំណាប់អារម្មណ៍ទាំងសាងខាង»។ អ្នកគ្រប់គ្រងសណ្ឋាគារនោះ បានបដិសេធការយល់ឃើញចំពោះរឿងនេះ ៕
ចែករំលែកព័តមាននេះ