រាជធានីភ្នំពេញ ៖ បុរសនិងស្ត្រី២នាក់បានសន្លប់ស្តូកស្តឹង ខណៈជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជាមួយរ៉ឺម៉កម៉ូតូកំពុងបត់ឆ្វេង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៧ កញ្ញា តាមវិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ម៉ូតូសេ១២៥ សេ៊រី២០០៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ តាមវិថីព្រះស៊ីសុវត្ថិ ពីត្បូងទៅជើង ចំណែករ៉ឺម៉កម៉ូតូមានដឹកភ្ញៀវម្នាក់បើកពីជើងទៅត្បូង បញ្ច្រាសទិសគ្នាខណៈមកដល់ផ្លូវកែងរ៉ឺម៉កម៉ូតូបត់ឆ្វេងក៏ត្រូវម៉ូតូសេ១២៥ដែលបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបណ្តាលឱ្យដួលម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ។ ចំណែកអ្នកបើករ៉ឺម៉កម៉ូតូនិងភ្ញៀវជិះក្នុងរ៉ឺម៉កមិនមានរងរបួសទេ។
ក្រោយពេលកើតហេតុអ្នករងរបួសទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូ និងរ៉ឺម៉កម៉ូតូដែលរងការខូចខាតយ៉ាងដំណំត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ