ខេត្តបាត់ដំបង ៖ ក្មេងស្ទាវមួយក្រុមដែលម្នាក់ៗស្រវឹងធ្លាក់ភ្នែកទៅហើយ បានបើករថយន្តលឿនដូចហោះជ្រុលទៅបុករបងថ្មផ្ទះគេលាន់ដូចផ្ទុះគ្រាប់បែកកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ កញ្ញា នៅចំណុចផ្លូវភ្លោះចុងខាងលិចសួនច្បារព្រែកមហាទេព ក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ តែសំណាងល្អគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
មន្ត្រីនគរបាលចរាចរនិយាយថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ បើកដោយយុវជនឈ្មោះរស្មី តារា អាយុ២០ឆ្នាំ នៅភូមិកៀនកេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល បានរួមដំណើរដោយយុវជន៣នាក់ទៀត តែម្នាក់ៗស្រវឹងដាបរៀងៗខ្លួនទៅហើយ ។ សមត្ថកិច្ចប្រាប់ថា រថយន្តនេះបើកលឿនពេក ពេលដល់ផ្លូវបត់ខាងលិចសួនច្បារ បត់មិនទាន់ក៏ជ្រុលទៅបុករបងផ្ទះគេលាន់ដូចរន្ទះទាំងកណ្តាលយប់តែម្តង បណ្តាលឱ្យរថយន្តក្រពឹតរួញផ្នែកខាងមុខខ្ទេចអស់ និងបាក់របងថ្មផ្ទះគេ តែសំណាងល្អគ្មានអ្នករងរបួស ដោយសាររថយន្តមានពោងការពារ ។
អ្នកបើកបរឈ្មោះរស្មី តារា ប្រាប់ឱ្យដឹងថា ពួកខ្លួនបានផឹកស្រាស្រវឹងជោកជាំតាំងពីព្រលប់ក្នុងកម្មវិធីបុណ្យរបស់បងប្អូនដែលទើបមកពី អាមេរិក ។ លុះចប់កម្មវិធីខ្លួនក៏បានបបួលមិត្តភក្តិមករកផឹកបន្តនៅក្លិបកម្សាន្ត «ស្កាយ» ក្នុងក្រុងបាត់ដំបង ដោយយករថយន្តឪពុករបស់ខ្លួនជិះដឹកគ្នាមក ។ ជននេះថា ក្រោយពីផឹកក្នុង «ស្កាយ»បានមួយសន្ទុះពួកខ្លួនក៏នាំគ្នាចេញ ហើយបបួលគ្នាទៅច្រៀងខារ៉ាអូខេនៅសណ្ឋាគារ «ខេមរាបាត់ដំបង១» បន្ថែមទៀត តែពេលចេញដំណើរមកដល់សួនច្បារខាងលើក៏ជួបគ្រោះថ្នាក់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ