ខេត្តបាត់ដំបង ៖ ក្មេងស្ទាវមួយក្រុមដែលម្នាក់ៗសុទ្ធតែស្រវឹងធ្លាក់ភ្នែក បានបើករថយន្តលឿនដូចហោះជ្រុលទៅបុករបងថ្មផ្ទះគេលាន់ដូចផ្ទុះគ្រាប់បែកកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ កញ្ញា នៅចំណុចផ្លូវភ្លោះខាងលិចសួនច្បារព្រែកមហាទេព ក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ តែសំណាងល្អមនុស្សគ្មានគ្រោះថ្នាក់ ។
មន្រ្តីនគរបាលចរាចរនិយាយថា រថយន្តបង្កម៉ាកហាយឡែនឌ័រពណ៌ស្ករ បើកបរដោយយុវជនឈ្មោះរស្មី តារា អាយុ២០ឆ្នាំ នៅភូមិកៀនកេស១ ឃុំគោកឃ្មុំស្រុកថ្មគោល ដែលរួមដំណើរដោយយុវជន៣នាក់ទៀត តែម្នាក់ៗសុទ្ធតែស្រវឹងដាបរៀងៗខ្លួនទៅហើយ ។ សមត្ថកិច្ចប្រាប់ថា រថយន្តនេះបើកលឿនពេក ពេលដល់ផ្លូវបត់ខាងលិចសួនច្បារ បត់មិនទាន់ក៏ជ្រុលទៅបុករបងផ្ទះគេលាន់ដូចរន្ទះបណ្តាលឱ្យរថយន្តក្រពឹតរួញផ្នែកខាងមុខខ្ទេចអស់ និងបាក់របងថ្មផ្ទះគេ តែគ្មានអ្នករបួសទេ ។ នៅកន្លែងកើតហេតុអ្នកបើកបរឈ្មោះ រស្មី តារា បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានផឹកស្រវឹងជោកជាំតាំងពីព្រលប់ក្នុងកម្មវិធីបុណ្យរបស់បងប្អូនដែលទើបមកពីអា មេរិក ។ លុះចប់កម្មវិធីខ្លួនក៏បានបបួលមិត្តភក្តិ្តមកផឹកបន្តនៅក្លិបកម្សាន្ត«ស្កាយ»ក្នុងក្រុងបាត់ដំបង ដោយយករថយន្តឪពុករបស់ខ្លួនជិះដឹកមិត្តភក្តិមក ។
ជននេះបន្តថា ក្រោយពីផឹកបានមួយសន្ទុះពួកខ្លួនក៏នាំគ្នាចេញ ហើយបបួលគ្នាទៅសួនច្បារក៏ជួបគ្រោះថ្នាក់តែម្តង ។ សាក្សីនិយាយថា ក្រោយកើតហេតុ អ្នកភូមិបានផ្អើលនាំគ្នាមកមើល ស្រាប់តែឃើញរថយន្តបុកជាប់របងថ្មផ្ទះគេ ហើយឃើញពួកក្មេងស្ទាវមួយក្រុមបើកទ្វារចុះពីរថយន្ត ដែលម្នាក់ៗស្រវឹងជោកជាំនិងនិយាយលែងដឹងខុសត្រូវទៅហើយ ឯសមត្ថ កិច្ចក៏មកដល់ភ្លាមដែរ ។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តដែលល្បាតនាយប់នោះបានប្រាប់ថា រថយន្តនេះបើកលឿនហួសហេតុតាមផ្លូវមាត់ស្ទឹង ។
ដោយមានការសង្ស័យសមត្ថកិច្ចក៏ជិះម៉ូតូតាមពីក្រោយ លុះមកដល់ចំណុចខាងលើស្រាប់តែឃើញរថយន្តនេះបុកជាប់របងថ្មផ្ទះអ្នកស្រុកតែម្តង ។ នគរបាល ចរាចរណ៍ខេត្តបានស្ទូចយករថយន្តនេះទៅកាន់ការិយាល័យជំនាញទាំងយប់ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិអ្នកភូមិ ៕
ចែករំលែកព័តមាននេះ