រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសជើងម្ខាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាប់ពីរូបគេជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវជ្រុលទៅបុកកង់មុខរថយន្តកុងតឺន័រមួយគ្រឿងដែលកំពុងបើកស្របទិសគ្នា ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ កញ្ញា នៅលើកំណាត់ផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះលែន វាសនា អាយុ២២ឆ្នាំ រងរបួសជើងខាងឆ្វេងជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០០៥ ពណ៌ខ្មៅ ចំណែករថយន្តដឹកកុងតឺន័រ ប្រភេទកាម៉ាស ពណ៌ទឹកប្រាក់ ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
សាក្សីនិយាយថា មុនពេលកើតហេតុគេឃើញរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងដោយ រថយន្តបើកនៅលើផ្លូវកៅស៊ូ ឯម៉ូតូបើកលើចិញ្ចើមផ្លូវម្ខាង ។ លុះទៅដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូបានបើកឆ្លងផ្លូវក៏ជ្រុលទៅបុកកង់មុខរថយន្តកុងតឺន័រ បណ្តាលឲ្យដួលបោកទៅលើថ្នល់សំណាងល្អខ្ទាតចេញពីកង់រថយន្ត ទើបគ្រាន់តែរងរបួស ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេហៅរថយន្តសាមុយដឹក ទៅមន្ទីរពេទ្យ ឯអ្នកបើករថយន្តដឹកកុងតឺន័របានចុះរត់គេចខ្លួនបាត់ស្រមោលហើយសមត្ថកិច្ចប៉ូលិសខណ្ឌដង្កោបានឲ្យដឹងថា គ្រោះថ្នាក់រវាងម៉ូតូ និងរថយន្តនេះត្រូវបានបញ្ចប់ដោយគ្មានសំណងនោះទេ គឺស្មើគ្នាដោយខាងម៉ូតូមិនបានឲ្យភាគីរថយន្តសងនោះឡើយព្រោះខ្លួនជិះម៉ូតូទៅបុករថយន្តដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ