ខេត្តកំពង់ស្ពឺ ៖ អង្គការវ័តធើសេដ បានរៀបចំដំណើរទស្សនកិច្ចមួយស្ដីពីការលើកកម្ពស់ការផ្សព្វផ្សាយលើបញ្ហាទឹកស្អាតនិងអនាម័យនៅតំបន់ជនបទ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីបញ្ហាសុខភាព តាមរយៈការណែនាំឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់បង្គន់អនាម័យនិងទឹកស្អាតដោយមានការចូលរួមពីលោកអូន ហេងលី ប្រធាននាយកប្រតិបត្ដិអង្គការវ័តធើសេដ និងលោកចាន់ តារាអភិបាលរងខេត្ដ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ កញ្ញា ២០១២ ។
លោកអូន ហេងលី មានប្រសាសន៍ថា គោលបំណងចម្បងរបស់គម្រោងទីផ្សារទឹកស្អាតនិងអនាម័យ មានគោលដៅជំរុញឱ្យមានការកើនឡើងនូវការប្រើប្រាស់ផលិតផលទឹកស្អាត និងអនាម័យ សម្រាប់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងតំបន់ជនបទដោយអនុវត្ដតាមគោលការណ៍ទីផ្សារក្នុងការពង្រឹងសហគ្រាស ។ លោកបានបន្ដថា អង្គការបានអនុវត្ដយុទ្ធសាស្រ្ដមួយដែលធ្វើឱ្យមានការចូលរួមពីអ្នកផលិតបង្គន់ និង សហគ្រាសឯកជននៅតាមតំបន់ ដើម្បីផលិតនិងលក់បង្គន់ក្នុងតម្លៃទាប សំដៅឱ្យប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពប្រើប្រាស់បានគ្រប់គ្នាទូទាំងប្រទេសក៏ដូចជាក្នុងតំបន់ ។ លោកអូន ហេងលី បានបន្ថែមថា ប្រជាពលរដ្ឋអាចសាងសង់បង្គន់អនាម័យមួយដោយត្រូវចំណាយលុយត្រឹមតែ៤០ដុល្លារទៅ៤៥ដុល្លារ ហើយប្រជាពលរដ្ឋអាចដំឡើងបានដោយខ្លួនឯង ។
អភិបាលរងខេត្ត លោកចាន់ តារា បានមានប្រសាសន៍គាំទ្រចំពោះគម្រោងទីផ្សារទឹកស្អាតនិងអនាម័យរបស់អង្គការវ័តធើសេដ ព្រោះគម្រោងនេះបានជួយសម្រួលឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញបង្គន់អនាម័យដែលមានតម្លៃថោក និងអាចប្រើប្រាស់ទឹកស្អាតតាមរយៈធុងចម្រោះដែលអាចជួយសម្រួលដល់ការរស់នៅនិងធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ។ លោកអភិបាលរងខេត្តបានថ្លែងទៀតថា បច្ចុប្បន្នខេត្ដមានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រមាណជា៦០%ភាគរយហើយ ។
លោកសុំ ឈឿន ប្រធានភូមិព្រៃល្ងៀង ឃុំស្គុះ ស្រុកសំរោងទង បានឱ្យដឹងថា ដោយសារមានការសហការរវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយអង្គការវ័តធើសេដ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីបញ្ហាអនាម័យ ដោយងាកមកប្រើប្រាស់បង្គន់អនាម័យនិងគិតគូរពីសុខភាពជាចម្បង។ កាលពីឆ្នាំ២០០៩ អ្នកប្រើប្រាស់បង្គន់អនាម័យមានចំនួនតិចតួច ប៉ុន្ដែចាប់តាំងពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បង្គន់អនាម័យមានចំនួនកើនឡើងរហូតដល់១.១១២បង្គន់ ក្នុងចំណោមប្រជាពលរដ្ឋ២.០៣៧ គ្រួសារ ។
គូរបញ្ជាក់ថា អង្គការវ័តធើសេដ គឺជាការសហការរវាងវិស័យសាធារណៈនិងឯកជនដែលបង្កើតឡើងដើម្បីធ្វើឱ្យទីផ្សារទឹកស្អាត និងអនាម័យមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសឡាវ និងវៀតណាម ។ បច្ចុប្បន្ន អង្គការវ័តធើសេដកំពុងអនុវត្ដគម្រោងទីផ្សារទឹកស្អាតនិងអនាម័យក្នុងខេត្ដចំនួន៦នៅប្រទេសកម្ពុជាគឺ ខេត្ដកំពង់ស្ពឺ តាកែវ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះបានចាប់ផ្ដើមពីខែមករាឆ្នាំ២០១១រហូតដល់ខែកញ្ញា ឆ្នាំ២០១២ ដោយអង្គការបានសម្របសម្រួលឱ្យអតិថិជនទិញបង្គន់ដែលមានតម្លៃទាបពីអ្នកផ្គត់ផ្គង់បានចំនួនជាង៣៥.០០០បង្គន់ និងជួយបង្កើតសហគ្រាសឈ្មោះHydrologic ដើម្បីបង្កើនការផ្គត់ផ្គង់ធុងចម្រោះទឹកនៅលើទីផ្សារ ៕
ចែករំលែកព័តមាននេះ