ខេត្តស្ទឹងត្រែង ៖ ពលករខ្មែរចំនួន១១នាក់ផ្សេងទៀត ត្រូវប៉ូលិសឡាវឃាត់ខ្លួន និងយកលុយអស់ពីខ្លួន ខណៈវិលត្រឡប់មកពីប្រទេសឡាវវិញ កាលពីល្ងាចថ្ងៃទី១៤ កញ្ញា ។ នេះជាក្រុមពលករខ្មែរទី២ហើយដែលវិលត្រឡប់មកដល់ប្រទេសវិញ ដោយបាតដៃទទេ ព្រោះតែការលួចចូលទៅប្រទេសគេដោយខុសច្បាប់ ។
មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បញ្ជាក់ថា ពលរដ្ឋទាំង១១នាក់ត្រូវបានមន្ត្រីច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ បញ្ជូនមកស្នងការដ្ឋាន ខេត្ត បន្ទាប់ពីត្រូវប៉ូលិសឡាវឃាត់ខ្លួន និងផាកពិន័យពេលត្រួតពិនិត្យទៅពុំមានលិខិតស្នាមស្របច្បាប់បញ្ជាក់ពីការឆ្លងដែន ហើយការផាកពិន័យនោះយកលុយក្នុងម្នាក់៩ម៉ឺនរៀល ។
ពលករខ្មែរទាំង១១នាក់នេះមាន ១-ឈ្មោះផាត លី ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះតុន នុប ភេទប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះជី នី ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះដុស ឈា ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះរ៉ុម ណារិន ភេទប្រុស អាយុ២៩ឆ្នាំ ៦-ឈ្មោះផា ធា ភេទប្រុស អាយុ១៩ឆ្នាំ ៧-ឈ្មោះទូច នាង ភេទប្រុស អាយុ២៤ឆ្នាំ ៨-ឈ្មោះវុធ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ៩-ឈ្មោះណូច កន ភេទប្រុស អាយុ១៨ឆ្នាំ ១០-ឈ្មោះភាព ចាន់ថេត ភេទប្រុស អាយុ២៩ឆ្នាំ និង១១-ឈ្មោះឈីវ នី ភេទប្រុស អាយុ២០ឆ្នាំ។ ពលករទាំង១១នាក់នេះមាន៨នាក់រស់នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ និង៣នាក់ទៀតរស់នៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពលករទាំងនេះបានប្រាប់សមត្ថកិច្ចនៅស្នងការដ្ឋានខេត្តថា មុនពេលទៅធ្វើការនៅប្រទេសឡាវ គឺមានថៅកែម្នាក់ឈ្មោះឡោ យ៉េន ជនជាតិចិន បានទូរស័ព្ទហៅពួកខ្លួនឱ្យទៅធ្វើសំណង់នៅទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ដោយគិតកម្រៃពលកម្មក្នុងមួយថ្ងៃចាប់ពី៨ដុល្លារដល់១៥ដុល្លារ យោងតាមអ្នកមានជំនាញ ។ ពួកខ្លួនត្រូវថៅកែចិនចូលមកយកតាមច្រករបៀងក្នុងស្រុកថាឡាបរិវ៉ាត់ ទៅដល់ឃុំព្រះរំកិល ឆ្លងទូកចូលដីឡាវ ទើបមានរថយន្តនៅចាំទទួលនាំទៅការដ្ឋានសាងសង់វារីអគ្គិសនី។ ការចូលទៅធ្វើការគឺនៅថ្ងៃទី២២ សីហា ឆ្នាំ២០១២ តែដោយសារអាកាសធាតុមិនអំណោយផល ក៏វិលត្រឡប់មកវិញនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ ។
ចំពោះលុយកាក់ពួកខ្លួននៅសេសសល់បន្តិចបន្តួច តែពេលមកដល់ព្រំដែនក៏ត្រូវប៉ូលិសឡាវចាប់ផាកពិន័យអស់ ដោយសារពុំមានលិខិតស្នាមបញ្ជាក់ពីការឆ្លងដែន រួចប៉ូលិសឡាវបញ្ជូនមកប៉ូលិសច្រកទ្វារព្រំដែនកម្ពុជាវិញ ។ ពលករទាំងនេះបានប្រាប់មន្ត្រីសមត្ថកិច្ចថា ក្រៅពីពួកខ្លួន១១នាក់បានវិលត្រឡប់មកស្រុកវិញ នៅមានពលករខ្មែរចំនួនជាង១០នាក់ទៀតកំពុងធ្វើការនៅការដ្ឋានទំនប់វារីអគ្គិសនីនោះ ។
លោកប៊ួ ភិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើការណែនាំ និងពន្យល់ពីតម្លៃការងារក្នុងស្រុក និងនៅក្រៅស្រុកដល់ពលរដ្ឋទាំងនោះថា បើបងប្អូនចង់រកការងារធ្វើមិនខ្វះឡើយនៅក្នុងស្រុកខ្មែរ ហើយក៏ទទួលបានប្រាក់ខែមិនតិចជាងនៅប្រទេសគេដែរ។ ពលករទាំងនោះបានថ្លែងអំណរគុណនគរបាលនៃស្នងការដ្ឋានខេត្តដែលបានជួយសម្រួលឱ្យពួកខ្លួនបានវិលមកស្រុកវិញ និងបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតកុំឱ្យងាយទុកចិត្តការបញ្ចុះបញ្ចូលរបស់ជនណាម្នាក់ដើម្បីទៅបម្រើការងារនៅប្រទេសក្រៅនោះ និងសូមពិចារណាឱ្យបានល្អិតល្អន់ចៀសវាងទទួលផលលំបាកទៅថ្ងៃមុខ៕
ចែករំលែកព័តមាននេះ