រាជធានីភ្នំពេញ ៖ ម៉ូតូ SL ជូននារី២នាក់ទៅធ្វើការជាមួយគ្នាត្រឡប់មកផ្ទះវិញទាក់ដៃចង្កូតជាមួយម៉ូតូសេ១២៥ បណ្តាលឱ្យម៉ូតូដួលគរកង់មុខជាប់លើគ្នា រងរបួសធ្ងន់៤នាក់ ស្រី២នាក់ ប្រុស២នាក់ នៅចំណុចមហាវិថីព្រះសីហនុកែងវិថីត្រសក់ផ្អែម (៦៣) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៦ កញ្ញា ២០១២។
ប្រភពព័ត៌មានពីអ្នកអង្គុយពីក្រោយម៉ូតូសេ១២៥ ពណ៌ខ្មៅ ដែលមិនមានរងរបួសឈ្មោះសេង សុធា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ឱ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូរួមដំណើរជាមួយឈ្មោះប៉ែន វណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅជិតគ្នា រងរបួសធ្ងន់ តាមមហាវិថីព្រះសីហនុ ពីកើតទៅលិច ស្របទិសគ្នាជាមួយម៉ូតូ SL ពណ៌ទឹកប្រាក់ ជិះគ្នា៣នាក់ ស្រី ២នាក់ ប្រុសម្នាក់ ខណៈមកដល់ចំណុចផ្លូវកែង ស្រាប់តែម៉ូតូ SL បត់ស្តាំធ្វើឱ្យទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួលគរកង់មុខជាប់លើគ្នារងរបួសធ្ងន់៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។
អ្នកបើកម៉ូតូ SL ឈ្មោះថា ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការនៅក្នុងភោជនីយដ្ឋាន បានរងរបួសធ្ងន់ជិះឌុបឈ្មោះនិមល ភេទស្រី អាយុ២០ឆ្នាំ និងឈ្មោះកា ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង២ របួសធ្ងន់ ធ្វើការជាមួយគ្នា ស្នាក់នៅតាមផ្លូវលេខ៦៣ ជិតផ្សារស៊ីលឹប ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ