រាជធានីភ្នំពេញ ៖ ស្នាដៃទំនុកច្រៀងជាង១ពាន់បទបានដាក់ចូលរួមប្រកួតប្រជែង ហើយ ក្រោមការជម្រុះចម្រាញ់ ស្នាដៃចំនួន៤៩បានជាប់ជ័យលាភី ក្នុងនោះមានស្នាដៃមួយរបស់លោកសំ សុភារិន្ទ អ្នកនិពន្ធប្រចាំសារព័ត៌មានកោះសន្តិភាពផងដែរ ។ ការប្រកួតប្រជែងស្នាដៃទំនុកច្រៀងនេះ រៀបចំដោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយបានរៀបចំពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់ម្ចាស់ជ័យលាភី នៅស្ថានីយទូរទស្សន៍នេះ កាលពីរសៀលថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកសំរាំង កំសាន្ត អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកក្រុមប្រឹក្សាភិបាល និងទីប្រឹក្សាជាន់ខ្ពស់របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
ស្នាដៃទំនុកច្រៀងរបស់លោក សំ សុភារិន្ទ ដែលជាប់ជ័យលាភី មានចំណងជើងថា «ត្រាំកក់ដួងចិត្ត» ។ ស្នាដៃនេះអ្នកនិពន្ធនិទានពីយុវជនម្នាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ ចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅភ្នំពេញ ហើយច្រើនឆ្នាំក្រោយមកត្រឡប់ទៅស្រុកវិញស្ពាយនាំទៅជាមួយទាំងវិជ្ជាខ្ពង់ខ្ពស់សម្រាប់ផ្ទេរ និងអប់រំអ្នកជំនាន់ក្រោយ ក្នុងនាមជាសាស្ត្រាចារ្យនៅសាលាដែលគេធ្លាប់រៀនពីមុន ។
ថ្វីបើពេលវេលាច្រើនឆ្នាំរំលងទៅហើយ តែនៅលើទឹកដីកំណើតជាទីស្រឡាញ់ យុវជននេះនៅតែចងចាំរំដួលមួយទងធ្លាប់រាប់រកតាំងពីក្មេង ហើយបួងសួងសូមជួបរួមរស់ជាគូជីវិត ។លោកសំ សុភារិន្ទ និយាយថា «ខ្ញុំមានមោទនភាព និងរីករាយយ៉ាងខ្លាំងដែលស្នាដៃទំនុកច្រៀងរបស់ខ្ញុំជាប់ជ័យលាភី ក្នុងចំណោមស្នាដៃជាច្រើនដែលដាក់ប្រកួតប្រជែង ថ្វីបើខ្ញុំធ្លាប់ទទួលកិត្តិយសបែបនេះ តាមរយៈស្នាដៃអក្សរសិល្ប៍របស់ខ្ញុំពីមុនមកក្តី»។
ក្នុងពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់ម្ចាស់ជ័យលាភី លោកសំរាំង កំសាន្ត មានប្រសាន៍ថា ស្នាដៃជាប់ជ័យលាភីទាំង៤៩ គឺឆ្លងកាត់ការជម្រុះ ចម្រាញ់ និងពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការវាយតម្លៃស្នាដៃមានជំនាញខ្ពស់ មានដូចជាលោកម៉ៅ អាយុទ្ធ និងលោកពេជ្រ ទុំក្រវិល ជាដើម ។លោកសំរាំង កំសាន្ត អះអាងថា ស្ថានីយទូរទស្សន៍អាសីុអាគ្នេយ៍បង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃទំនុកច្រៀងនេះឡើង គឺចង់ឱ្យខ្មែរមានទំនុកច្រៀងថ្មី ដែលមានការអប់រំ មានប្រយោជន៍សម្រាប់ជាតិ ដោយមិនផ្តោតតែខ្លឹមសារស្នេហាអូនបងមួយមុខទេ ។
លោកអន សុភៈ អគ្គនាយករងទទួលបន្ទុកអប់រំ បណ្តុះបណ្តាលនៃស្ថានីយទូរទស្សន៍អាសីុអាគ្នេយ៍ និងតំណាងឱ្យគណៈកម្មការវាយតម្លៃស្នាដៃ មានប្រសាសន៍ថារាល់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់សម័យកាល ចម្រៀងមានភារកិច្ច ហើយដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ។ ចម្រៀងអាចធ្វើឱ្យមនុស្សរំជើបរំជួល ធ្វើឱ្យមនុស្សព្រួយ ធ្វើឱ្យមនុស្សខ្លាំងឬខ្សោយបាន ។ ចម្រៀងអាចចាប់កន្ត្រាក់ អង្រួនបេះដូងអ្នកស្តាប់ ។ ចម្រៀងអាចទូងសំពង ចាក់បេះដូងរបស់អ្នកស្តាប់ឱ្យសើច ឱ្យយំ ឱ្យឈឺចាប់ ឱ្យលន្លង់លន្លោច ស្រងេះស្រងោច ខ្លោចផ្សា ជាដើម ។ ចម្រៀងអាចជ្រាបចូលទៅក្នុងក្រអៅបេះដូងរបស់មនុស្សបានគ្រប់វ័យទាំងអស់ រាប់ចាប់តាំងពីកើត រហូតដល់ពេលស្លាប់បាត់បង់ជីវិត ។
មិនតែប៉ុណ្ណោះទេ ចម្រៀងមានឥទ្ធិពលទៅដល់ព្រលឹងវិញ្ញាណថែមទៀតផង ពោលគឺចម្រៀងមានឥទ្ធិពលខ្លាំងណាស់ ។ ទឹកដៃរបស់អ្នកនិពន្ធចម្រៀងអាចធ្វើឱ្យអ្នកស្តាប់បង្កើតបាននូវមនោសញ្ចេតនា និងរូបារម្មណ៍គ្រប់បែបយ៉ាង ហើយអាចស្តែងចេញមកខាងក្រៅសកម្មភាពផ្សេងៗទៅតាមការរំភើបរបស់អ្នកស្តាប់ ។ ដោយមើលឃើញអំពីសារសំខាន់ និងឥទ្ធិពលនៃចម្រៀងនេះហើយ ទើបបានជាថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍អាសីុអាគ្នេយ៍ ដែលមានលោកប្រធាន និងលោកជំទាវអគ្គនាយិកា បានផ្តោតគោលបំណងជាសំខាន់ បាញ់ឆ្ពោះទៅរកការផលិតបទចម្រៀងបែបថ្មី ដែលមានខ្លឹមសារអប់រំ និងអភិវឌ្ឍន៍ ។ បទចម្រៀងថ្មីនេះ មានសេចក្តីស្នេហា តែថ្លៃថ្នូរ មិនអាសអាភាស មិននាំចិត្តអ្នកស្តាប់ឱ្យរំភើបទៅលើតែរឿងអពមង្គល ។
លោកអន សុភៈ ឱ្យដឹងទៀតថា ជាគោលការណ៍ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍អាសីុអាគ្នេយ៍ នឹងយកទំនុកច្រៀងជាប់ជ័យលាភីទាំងអស់ទៅផលិតជាបទចម្រៀងដែលមានបទភ្លេងនិពន្ធថ្មី ដោយអ្នកនិពន្ធបទភ្លេងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងច្រៀងដោយអ្នកចម្រៀងវ័យក្មេងរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលបានប្រឡងជាប់ក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» ដែលបានធ្វើឡើង២ឆ្នាំរួចមកហើយ ។
បទចម្រៀងទាំងនេះ ក៏នឹងផលិតចេញជាខារ៉ាអូខេ ដោយផលិតកម្មអាស៊ីអាគ្នេយ៍ផងដែរ ។ចំពោះលោកសំ សុភារិន្ទ ការទទួលជ័យលាភីទំនុកច្រៀងនោះ មិនមែនជាលើកទីមួយរបស់លោកទេ កន្លងមកលោកធ្លាប់ទទួលជ័យលាភីពីការប្រកួតប្រជែងអត្ថបទសារព័ត៌មាន ស្នាដៃប្រលោមលោក និងកំណាព្យរឿងជាច្រើនលើក ៕
ចែករំលែកព័តមាននេះ