រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមចម្ការកៅស៊ូបឹងកេតបានក្លាយជាម្ចាស់ពានជើងឯកបាល់ទាត់មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១២ ទាល់តែបាន បន្ទាប់ពីក្រុមនេះប្រកួតឈ្នះក្រុមណាហ្គាខប ក្នុងលទ្ធផល៣-១ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ កញ្ញា កន្លងមកនេះ ។
កីឡាករកែវ សុខង៉ន ពាក់អាវលេខ១០ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមចម្ការកៅស៊ូបឹងកេតជាអ្នកស៊ុតបាល់បញ្ចូលទីនាំមុខ២គ្រាប់មុននៅក្នុងតង់ទី១ នៅនាទីទី១៣ និង១៧ លុះចូលដល់តង់ទី២ នៅនាទីទី៤៧កីឡាករ Julius Oiboh ពាក់អាវលេខ២៧ របស់ក្រុមចម្ការកៅស៊ូបឹងកេតរកបាន១គ្រាប់ទៀត ។ ទោះបីអាកាសធាតុមិនសូវអំណោយផលដល់ការប្រកួតក្រុមចម្ការកៅស៊ូបឹងកេតនៅតែលេងដាក់សម្ពាធលើក្រុមណាហ្គាខបជាប់រហូតតាំងពីនៅក្នុងតង់ទី១ម៉្លេះ ។
ខ្សែប្រយុទ្ធជួន ជុំ ពាក់អាវលេខ៩ និងទៀប វឌ្ឍនៈពាក់អាវលេខ១០របស់ក្រុមណាហ្គាខប ពេលមកប៉ះក្រុមចម្ការកៅស៊ូបឹងកេតលើកនេះមិនសូវមានឱកាសស៊ុតបាល់បញ្ចូលទីដូចកាលពីលេងនៅក្នុងជុំទី១ និងជុំទី២ឡើយ ។ រហូតដល់ម៉ោងបន្ថែមនាទីទី៩០+៣ ទើបកីឡាករជួន ជុំ មានឱកាសស៊ុតបាល់បញ្ចូលទីគូប្រកួតបាន១គ្រាប់វិញ ។
គួររំលឹកផងដែរថា កាលពីប្រកួតក្នុងជុំទី១ ក្រុមណាហ្គាខបយកឈ្នះក្រុមចម្ការកៅស៊ូបឹងកេតក្នុងលទ្ធផល២-១ និងជុំទី២ឈ្នះ៣-០ម្តងទៀត ។ ចម្ការកៅស៊ូបឹងកេត គឺជាក្រុមដែលទើបតែលេចមុខនៅក្នុងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្នុងឆ្នាំ២០១២នេះប៉ុណ្ណោះ ប៉ុន្តែបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ ដោយសារគេមានឱកាសលើកពានជាលើកទី១ អមជាមួយទឹកប្រាក់៥៨លានរៀល ។ ដោយឡែកក្រុមណាហ្គាខបដែលបានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ជាជើងឯករង ទទួលបានទឹកប្រាក់៤៨លានរៀល រួមជាមួយនឹងចំណាត់ថ្នាក់ Fair Play ផងដែរទើបទទួលបានទឹកប្រាក់៤លានរៀលបន្ថែមទៀត ។
ចំណាត់ថ្នាក់កីឡាករល្អបានទៅលើកីឡាករ កែវ សុខង៉ន ទទួលបានប្រាក់២លានរៀល រីឯកីឡាករដែលទទួលបានចំណាត់ថ្នាក់ស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនោះ គឺកីឡាករ Nwak Kuma Friday ពាក់អាវលេខ៥របស់ក្រុមចម្ការកៅស៊ូបឹងកេត ទទួលបានស្បែកជើងមាស និងទឹកប្រាក់២លានរៀល ។ ចំណាត់ថ្នាក់គ្រូបង្វឹកល្អបានទៅលើលោកប្រាក់ វុទ្ធី គ្រូបង្ហាត់ក្រុមចម្ការកៅស៊ូបឹងកេត ទទួលបានទឹកប្រាក់២លានរៀល ។
ចំណាត់ថ្នាក់អ្នកចាំទីល្អបានទៅលើកីឡាករ ប៉េង ប៊ុនឆាយ របស់ក្រុមចម្ការកៅស៊ូបឹងកេត អមនឹងទឹកប្រាក់១លានរៀល និងចំណាត់ថ្នាក់ក្រុមអាជ្ញាកណ្តាលល្អមានលោកថោង ច័ន្ទកិត្យា លោកសរ ជួបវាសនា លោកចេង ច័ន្ទតារា និងលោកជួប វិសាល អមជាមួយទឹកប្រាក់៤លានរៀល ៕
ចែករំលែកព័តមាននេះ