ខេត្តរតនគិរី ៖ ជនជាប់សង្ស័យសម្លាប់អ្នកកាសែតវរជន ២នាក់ប្តី-ប្រពន្ធដែលឃាត់ខ្លួន បន្ទាប់ពីរកភស្តុតាងពាក់ព័ន្ធឃើញខ្លះៗនោះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ២០១២ ដើម្បីព្រះរាជអាជ្ញាសាកសួរដាក់បន្ទុក ហើយប៉ុន្មានម៉ោងក្រោយមកក៏បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរង់ចាំស៊ើបអង្កេត និងបើកសវនាការ ។
គួររំលឹកថា លោកហង្ស សេរីឧត្តម ត្រូវបានឃាតករដែលទំនងជាមានគ្នាច្រើននាក់សម្លាប់យ៉ាងព្រៃផ្សៃដោយកាប់ចិញ្ច្រំាផ្ទៃមុខនិងខ្លួនប្រាណ ហើយយកសពញាត់ចូលក្នុងឃ្លុបគូទរថយន្តរបស់លោក រួចយកទៅប្លុងចោលក្នុងព្រៃចម្ការស្វាយចន្ទីមួយកន្លែង ។ ទោះជាបែបណា កាលពីព្រឹកថ្ងៃទី១៣ កញ្ញា នៅទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «ម្លប់ដូង »ដែលស្ថិតនៅខាងត្បូងកីឡដ្ឋានជិតវិមានសពក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង គឺជាទីតាំងជាប់សង្ស័យក្នុងសំណុំរឿងសម្លាប់អ្នកកាសែតនេះ ។
ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង លោកជា សុភ័ក្ត្រ បានអនុវត្តដីកាឆែកឆេរ មួយនៅក្នុងបរិវេណហាងម្លប់់ដូងនោះ ។ ការឆែកឆេរបានផ្តល់ជាពន្លឺសម្រាប់ការឈាននៅ វែកមុខក្រុមជនដៃដល់ក្នុងឃាតកម្ម គួរឱ្យភ្ញាក់ផ្អើលនេះហើយ ។ ទាក់ទិននឹងករណីចុះឆែកឆេរលំនៅឋានជាទីតាំងហាងផឹកស៊ីនេះ ប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលសមត្ថកិច្ចចុះទៅដល់គេសង្កេតឃើញសម្ភាររបស់របរ និងអីវ៉ាន់មួយចំនួនត្រូវបានវេចខ្ចប់ហាក់ដូចជា ត្រៀមលក្ខណៈចាកចេញពីទីនោះ ។ ក្រៅពីរបស់របរត្រូវបានវេចខ្ចប់ ក៏គេឃើញយុវជនជំទង់អាយុ១៦ទៅ១៧ឆ្នាំ២នាក់នៅចាំទីតាំងនោះ ។ យុវជនទាំង២នាក់នេះបានប្រាប់ថា សមាជិកនៅក្នុងហាងបានយករបស់របរផ្ទាល់ខ្លួនមួយចំនួនចាកចេញមុននេះ២ម៉ោង តាមរយៈរថយន្តកាមរីបាឡែន ឯពួកខ្លួនត្រូវគេឱ្យមកចាំនៅព្រឹកនេះប៉ុណ្ណោះ ។
មន្ត្រីប៉ូលិសឱ្យដឹងថា លំនៅឋាននិងធ្វើជាហាងផឹកស៊ីនេះ គឺម្ចាស់បានជួលបន្តឱ្យឈ្មោះអា៊ន ប៊ុនហេង ហៅអេង ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា ឈ្មោះអេង បានជួលទីតាំងនេះបើកហាង និងផ្ទះស្នាក់នៅ ។ សមត្ថកិច្ចបានហៅម្ចាស់ហាងនេះគឺប្រពន្ធរបស់ឈ្មោះអេង មកស្តាប់ដីកាឆែកឆេរលំនៅឋាន ហើយក៏បានធ្វើការឆែកឆេររកវត្ថុតាង ប៉ុន្តែពុំឃើញអ្វីក្រៅរបស់របរមួយចំនួនដែលត្រូវវេចខ្ចប់រួចនោះទេ តែបានឃើញកម្រាលពួកមួយផ្ទាំងត្រាំទឹកចានដែកមានធុំក្លិនស្អុយអសោចគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពុំមានស្នាមប្រឡាក់ឈាមនោះទេ ហើយសមត្ថកិច្ចក៏មិនអាចដាក់ការសង្ស័យបាន ព្រោះរយៈពេលច្រើនថ្ងៃមកហើយ ដែលអ្វីនៅក្នុងផ្ទះ និងនៅជុំវិញផ្ទះត្រូវបានរៀបរយ ។ ម្យ៉ាងវិញទៀត ប៉ុន្មានថ្ងៃនោះមេឃភ្លៀងជោកជាំខ្លាំងស្ទើររាល់ថ្ងៃធ្វើឱ្យរលុបស្លាកស្នាមផងដែរ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបានបង្ហើបថា ថ្វីបើរុករកមិនឃើញ តែសមត្ថកិច្ចបានរកឃើញស្បែកជើងមួយគូជារបស់ជនរងគ្រោះនៅក្រៅរបងផ្ទះ កាលពីថ្ងៃទី១២ កញ្ញា មុនពេលចុះមកឆែកឆេរ ដែលនោះជាពន្លឺរួចទៅហើយ និងរកឃើញកូនកាំបិតប្រឡាក់ឈាមមួយផងដែរ ក្នុងថ្ងៃឆែកឆេរនោះ ៕
ចែករំលែកព័តមាននេះ