ខេត្តកំពង់ចាម ៖ គ្រាន់តែខុសគ្នារយៈពេលជាង១ម៉ោងប៉ុណ្ណោះយប់ថ្ងៃទី១៥ កញ្ញា ២០១២ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងចំនួន២ករណីនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗ និងរងរបួសមន្ត្រីអាវុធហត្ថខេត្តម្នាក់ត្រូវបានគេនាំទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្នុងក្រុងកំពង់ចាម ចំណែកវត្ថុតាងទាំង២ករណីនាំមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់។
តាមលោកស៊ាម យូសេង ប្រធាននគរបាលចរាចរនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងថា ចំពោះករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិទី៥ សង្កាត់វាលវង់ រវាងម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០០៨ និងរថយន្តដឹកទំនិញចំណុះ២តោនកន្លះ។ ជាហេតុបណ្តាលឱ្យអ្នកជិះម៉ូតូឈ្មោះងី ហុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងជ្វា ឃុំរអាង ស្រុកកំពង់លៀម ស្លាប់នៅពីមុខរថយន្តតែម្តង ។
លោកស៊ាម យូសេង នគរបាលចរាចរប្រាប់បន្តថា តាមការចុះពិនិតិ្យម៉ូតូជិះចេញមកពីលិចទៅកើតមកដល់ភូមិទី៥ សង្កាត់វាលវង់ បានបើកវ៉ារថយន្ត១គ្រឿងក្នុងទិសដៅស្របគ្នាក៏ជ្រុលទៅបុករថយន្តដឹកទំនិញដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង ។ ម៉ូតូត្រូវបានរថយន្តបុកអូសបែកផ្កាភ្លើងជាង២០ម៉ែត្រ បណ្តាលឱ្យអ្នកជិះម៉ូតូជង់ត្រង់ចុងដង្ហើមនឹងដៃចង្កូតម៉ូតូស្លាប់ទាំងផ្កាប់មុខ សូម្បីមួកសុវត្ថិភាពបានបែកខ្ចាយខ្ទេចតែម្តង ។ ចំណែកអ្នកបើករថយន្តដឹកទំនិញបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ