ខេត្តកំពង់ចាម ៖ គ្រាន់តែខុសគ្នារយៈពេលជាងមួយម៉ោងប៉ុណ្ណោះ នៅយប់ថ្ងៃទី១៥ កញ្ញា មានគ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗ និងរងរបួសមន្ត្រីអាវុធហត្ថខេត្តម្នាក់ ត្រូវបាននាំទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្នុងក្រុងកំពង់ចាម ចំណែកវត្ថុតាងទាំង២ករណីយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម តាមច្បាប់ ។
លោកស៊ាម យូសេង មន្ត្រីនគរបាលចរាចរនៃអធិការដ្ឋាននគរបាលក្រុងកំពុងចាមឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិទី៥ សង្កាត់វាល់វង់ រវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ សេ៊រី២០០៨ និងរថយន្តដឹកទំនិញចំណុះ២តោនកន្លះលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកជិះម៉ូតូឈ្មោះងី ហុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងជ្វា ឃុំរអាង ស្រុកកំពង់សៀម ស្លាប់នៅពីមុខរថយន្ត ។ មន្ត្រីនគរបាលរូបនោះបន្តថា ម៉ូតូជិះពីលិចទៅកើត ពេលមកដល់ភូមិទី៥ សង្កាត់វាលវង់ បានបើកវ៉ារថយន្តមួយគ្រឿង ដែលជិះស្របទិសគ្នា ក៏ជ្រុលទៅបុកចូលរថយន្តដឹកទំនិញបើកបញ្ច្រាសទិសគ្នា ត្រូវរងយន្តអូសបែកផ្កាភ្លើងជាង២០ម៉ែត្រ បណ្តាលឱ្យអ្នកជិះម៉ូតូបុកដៃចង្កូតផុងចុងដង្ហើមស្លាប់មួយរំពេច សូម្បីមួកសុវត្ថិភាពបានបែកខ្ចាយតែម្តង ។ ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបញ្ជាក់ថា ចំណែកករណីទី២កើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ កញ្ញា ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រង់ផ្លូវបំបែកជាបួន រវាងរថយន្តកាមរីឆ្លាម បើកបរដោយបុរសឈ្មោះងួន ចាន់ អាយុ៣៦ឆ្នាំ ជាមន្ត្រីអាវុធហត្ថខេត្ត បុកជាមួយរថយន្តកូរ៉េចំណុះ២តោនកន្លះបានបើករត់បាត់ តែជ្រុះកាងស្លាកលេខនៅកន្លែងកើតហេតុ ។ រថយន្តកាមរីឆ្លាមរងការខូចខាតកណ្តាលតួផ្នែកខាងឆ្វេង យ៉ាងដំណំត្រូវសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីស្រាវជ្រាវចាប់រថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ