ខេត្តកំពត ៖ តាំងពីដើមរដូវវស្សាឆ្នាំ ២០១២ ស្រុកបន្ទាយមាស បានទទួលរងភាពរាំងស្ងួតដោយទឹកភ្លៀងអូសបន្លាយ បង្អុរមិនគ្រប់គ្រាន់ធ្វើឱ្យស្រូវសន្ទូងបងប្អូនប្រជាកសិករនៅក្នុងសហគមន៍កសិករ៨សហគមន៍រងការខូចខាត។
បច្ចុប្បន្នស្រូវដែលនៅរស់ គឺដោយសារបានស្ថានីយទី៤៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បូមទាំងយប់ទាំងថ្ងៃជួយស្រោចស្រព ទើបរួចផុតពីការខូចខាត។ ប៉ុន្តែទោះបីជាស្រូវដែលបងប្អូនបានបង្កបង្កើនផលនាដើមរដូវ និងបានជួយសង្គ្រោះដោយម៉ាស៊ីនបូមទឹកបានមួយចំនួនក្តីក៏នៅក្នុងសហគមន៍កសិករទាំង៨ក្នុងស្រុកបន្ទាយមាស ពុំទាន់ទទួលបានទឹកស្រោចស្រពលើដីស្រែបង្កបង្កើនផលបានគ្រប់គ្រាន់នៅឡើយ ។ នេះបើតាមសេចក្តីរាយការណ៍របស់ការិយាល័យកសិកម្មស្រុក ។
ដោយឡែកកាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ លោកខូយ ឃុនហ៊ួរ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត រួមនឹងក្រុមការងាររបស់ខេត្ត ស្រុក ចុះពិនិត្យផ្ទាល់សកម្មភាពបូមទឹកនៅក្នុងសហគមន៍នីមួយៗ ក្នុងនោះលោកខូយ ឃួនហ៊ួរ និងលោកជំទាវក៏បាននាំយកអំណោយជាម៉ាស៊ីនបូមទឹក៨គ្រឿង គោយន្តសម្រាប់ភ្ជួរ៨គ្រឿង ស្រូវពូជចំនួន៣តោន រទេះពង្រោះស្រូវ៣គ្រឿង និងថវិកាផ្ទាល់របស់លោក និងលោកជំទាវ ដើម្បីជួយស្តារប្រឡាយបន្ថែមសម្រាប់នាំទឹកទៅស្រោចស្រពឱ្យបានគ្រប់ស្រែដែលមិនទាន់ស្ទូងចំនួន១លាន៨០ម៉ឺនរៀលផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ