កីឡាករអីុឃ័រ កាសីុឡាស់ អ្នកចាំទី និងជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ មានទិសដៅចាំទីរហូតរយៈពេល៨ឆ្នាំ នៅមុនពេលចូលនិវត្តន៍នៅក្នុងក្លិប Real Madrid ដែលជាកំពូលក្លិបប្រចាំក្របខណ្ឌ La Liga អេស្ប៉ាញ ។កាសីុឡាស់ ចាប់ផ្តើមចាំទីនៅក្នុងទឹកដីសានឌីយ៉ាងហ្គា បឺណាប៊ីវ របស់ក្លិប Real Madrid តាំងពីអាយុ១៨ឆ្នាំ បច្ចុប្បន្នបានឈានចូលដល់រដូវកាលទី១៣និងជាចុងក្រោយនេះកីឡាករចាំទីអាយុ៣១ឆ្នាំរូបនេះ មានគម្រោងបន្តលេងឱ្យក្លិប Real Madrid រហូតដល់ចូលនិវត្តន៍ ឬអាយុ៣៩ឆ្នាំ ។
កីឡាករកាសីុឡាស់ បង្ហើបឱ្យដឹងថា «ក្តីស្រមៃជិតក្លាយជាការពិតដែលខ្ញុំត្រៀមចូលនិវត្តន៍នៅក្នុងក្លិប Real Madrid ។ ខ្ញុំចាប់ផ្តើមលេងបាល់តាំងពីអាយុ៩ឆ្នាំ ហើយពេលបានចូលលេងឱ្យក្លិប Real Madrid ខ្ញុំបានប្រឹងប្រែងអស់ពីលទ្ធភាព និងទទួលបានលទ្ធផលជាទីមោទនៈ»។
សម្រាប់ការតាំងចិត្តចាប់ពីពេលនេះតទៅកីឡាករកាសីុឡាស់ បានបង្ហើបឱ្យដឹងទៀតថា «ចាប់ពីរយៈពេល១៣ឆ្នាំកន្លងមក និងចាប់ពីពេលនេះតទៅខ្ញុំសង្ឃឹមថា ជោគជ័យក្នុងអាជីពបាល់ទាត់ នឹងផ្តល់មកឱ្យខ្ញុំបន្ថែមទៀត ។ កិច្ចសន្យារបស់ខ្ញុំមានរហូតដល់អាយុ៣៦ឆ្នាំ ប៉ុន្តែការតាំងចិត្តដ៏ពិតប្រាកដរបស់ខ្ញុំ គឺចូលនិវត្តន៍នៅអាយុ៣៩ឆ្នាំ»។
កីឡាករ កាសីុឡាស់ បានទទួលជោគជ័យជាមួយក្លិប Real Madrid គួរឱ្យកត់សម្គាល់ដូចជា ឈ្នះជើងឯកក្នុងក្របខណ្ឌ La Liga ចំនួន៥ជំនាន់, យូហ្វាឆេមពានលីកចំនួន២ជំនាន់ និងកូប៉ាដេលរ៉េចំនួន១ជំនាន់ ។ ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញ គឺទទួលពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១០ និងជើងឯកយូរ៉ូឆ្នាំ២០០៨ និងឆ្នាំ២០១២ រួមទាំងមានឈ្មោះលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន១៤០លើក ៕
ចែករំលែកព័តមាននេះ