រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ កញ្ញា បានសម្រេចឃុំខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងករណីសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ នាពេលកន្លងមក ។ ជនសង្ស័យទាំង៥នាក់នេះមាន ១-ឈ្មោះលី ណេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា ២- ឈ្មោះប៊ុត ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកចម្រៀង រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ៣- ឈ្មោះកង ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា ៤- ឈ្មោះតុង ឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង ៥- ឈ្មោះវ៉ាន់ ជីវ័ន្ត អាយុ២០ឆ្នាំ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សូមរំព្ញកថា កាលពីអំឡុង ខែសីហា ឆ្នាំ២០១២ កន្លងទៅ មានអំពើប្លន់ប្រដាប់អាវុធកើតឡើងជាច្រើនករណី ហើយបន្ទាប់ពីកើតមានអំពើប្លន់បាញ់សម្លាប់នោះ សមត្ថកិច្ចនគរ បាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតម៉ូតូ៥គ្រឿង និងអាវុធខ្លីម៉ាកឡុក១ដើម កាលពីថ្ងៃទី៨ កញ្ញា ។ ពេលត្រូវឃាត់ខ្លួនជនសង្ស័យសារភាពថា ពួកគេពិតជាបានបាញ់សម្លាប់ប្លន់យកម៉ូតូជនរងគ្រោះនៅសង្កាត់ព្រែកឯង និងធ្លាប់ប្លន់ប្រដាប់អាវុធជាច្រើនករណីទៀតមែន ដោយមាននៅសេសសល់បក្សពួកមួយចំនួនទៀតផង ។
យោងលើរបាយការណ៍សំយោគបញ្ជូនរបស់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យស៊ីសង្វាក់គ្នាទៅលើអង្គហេតុ ទើបបានជាតំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួនពួកគេដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ