ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានរងរបួសបាក់កជើងស្តាំម្ខាង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ លើកំណាត់ផ្លូវជាតិលេខ៤ ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយក្នុងទឹកដីក្រុងច្បារមន។
ហេតុការណ៍នេះ ត្រូវបានមន្ត្រីប៉ូលិសចរាចរណ៍ក្រុងច្បារមនរៀបរាប់ឱ្យដឹងថា បានកើតឡើងវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ នៅចន្លោះគីឡូម៉ែត្រលេខ៤៨ មុខចំណតរថយន្តខេត្តកំពង់ស្ពឺ ខណៈដែលមានរថយន្តធុនទេសចរណ៍ពណ៌សមួយគ្រឿង បើកឆាបឆ្វែលរកម៉ូយទៅភ្នំពេញ បត់ចុះបត់ឡើងដូចផ្លូវមួយសម្រាប់តែខ្លួនឯង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីម C125 ពណ៌ខ្មៅ បើកពីច្បារមនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ដោយដឹកចៅម្នាក់ដែលឈឺ និងកូនប្រសាស្រី ដើម្បីទៅព្យាបាលក៏ត្រូវរថយន្តធុនខាងលើឆាបប៉ះចំកណ្តាលទ្វាររថយន្ត ធ្វើឱ្យម៉ូតូដួល បណ្តាលឱ្យបាក់កជើងខាងស្តាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ។
ចំណែកចៅ និងកូនប្រសាស្រី ដែលឈឺផងនោះបណ្តាលឱ្យស្ទះដង្ហើម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗដែរ ។ ជនរងគ្រោះឈ្មោះលាង ទូច ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិអូរគគីរ ឃុំតាំងក្រូច ។ ក្រោយពេលកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរង់ចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ