រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែរថយន្តឡង់គ្រីស្ស័រ មួយគ្រឿង បើកលឿនស្លេវទៅបុកជាមួយម៉ូតូសេ១២៥ អូសជាប់ពីក្រោមរថយន្តតែសំណាងល្អអ្នកបើកម៉ូតូលោតចេញពីលើម៉ូតូទាន់រងរបួសស្រាល ចំណែករថយន្តបើករត់ទាំងអូសជាប់ម៉ូតូពីក្រោមពីចំណុចមុខក្រសួងអប់រំចាស់ តាមមហាវិថីព្រះនរោត្ត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រហូតដល់មុខក្រុមហ៊ុនទូរស័ព្ទMobitel ទើបកម្លាំងកងរាជអាវុធហត្ថឃាត់បាន ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាមោ៉ោង៨និង៤០នាទីយប់ថ្ងៃទី១៥ កញ្ញា ។
ម្ចាស់ម៉ូតូសេ១២៥ ស៊េរី២០០៤ ពណ៌ខ្មៅ ឈ្មោះ សុខ យីន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តយកទៅទុកនៅផ្ទះមេ រួចជិះម៉ូតូតាមមហាវិថីព្រះនរោត្តម ពីត្បូងទៅជើង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញខណៈមេឃកំពុងភ្លៀង លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តឡង់គ្រីស្ស័រ ពណ៌ទឹកដោះគោ បើកពីជើងទៅត្បូង មកដល់ក៏រេចង្កូតទៅបុកម៉ូតូគាត់អូសចូលក្រោមរថយន្ត តែគាត់លោតចេញពីលើម៉ូតូទាន់ ចំណែករថយន្តមិនបានឈប់ទេ បើករត់ទាំងអូសជាប់ម៉ូតូពីក្រោម។ ស្របពេលនោះកម្លាំងកងរាជអាវុធហត្ថ បានជិះម៉ូតូដេញតាមរថយន្តជិត១គីឡូម៉ែត្រ ទៅដល់មុខក្រុមហ៊ុនទូរស័ព្ទMobitel ទើបឃាត់ រថយន្តនោះបាន ។
អ្នកបើករថយន្តដែលមិនប្រាប់ឈ្មោះបាននិយាយថា រូបគេមិនបានដឹងថា បុកម៉ូតូអូសជាប់ពីក្រោមរថយន្តនោះទេ ដោយសារភ្លៀងធ្លាក់ខ្លាំងពេកមើលអត់ឃើញ ។ ទោះបីជាយ៉ាងណា ក្រោយពេលឃាត់រថយន្តបានហើយ ទាំងរថយន្តនិងម៉ូតូដែលខូចខាតស្ទើរទាំងស្រុងត្រូវបានប៉ូលិសជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ