ខេត្តប៉ៃលិន ៖ គេបានសង្កេតឃើញថា រថយន្តជាច្រើនគ្រឿងដឹកទំនិញសំពីងសំពោងលើសទម្ងន់ខ្ពស់កប់ពពកបន្តរត់នៅលើផ្លូវជាតិលេខ៥៧ជារៀងរាល់ថ្ងៃ តែគ្មានសមត្ថកិច្ចណាម្នាក់មើលឃើញ និងឃាត់រថយន្តទាំងនេះនោះទេ ដោយរថយន្តទាំងនេះដឹកទំនិញដាក់លើដំបូលចងបន្តុបគ្របកៅស៊ូតង់ពីលើខ្ពស់កប់ពពក ដឹកឆ្លងកាត់ពីខេត្តបាត់ដំបងទៅតាមស្រុកសាលាក្រៅខេត្តប៉ៃលិន ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃនៅឡែម (ខេត្តបាត់ដំបង) ក៏មានរថយន្តដឹកទំនិញធ្ងន់លើសចំណុះបើកពីឡែមឆ្លងកាត់ខេត្តប៉ៃលិនទៅតាមទីរួមខេត្តបាត់ដំបងវិញផងដែរ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ កញ្ញា ២០១២ ។
សាក្សីឱ្យដឹងថា រថយន្តជាច្រើនគ្រឿងដឹកសំពីងសំពោងខ្ពស់កប់ពពកទាំងនេះបានបើកនៅលើផ្លូវជាតិលេខ៥៧ ជារៀងរាល់ថ្ងៃតាំងពីយូរយារណាស់មកហើយ តែមិនឃើញមានសមត្ថកិច្ចណាម្នាក់យកចិត្តទុកដាក់ចំពោះបញ្ហានេះសោះ មានតែមកអង្គុយ និងឈរកាក់រថយន្តឱ្យឈប់ដើម្បីសុំលុយ រួចឱ្យរថយន្តទាំងនេះធ្វើចរាចរណ៍តាមផ្លូវយ៉ាងរំភើយទំនងជាម្ចាស់ទំនិញចេញប្រាក់ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចដោយរៀងរាល់ថ្ងៃពេលរថយន្តដឹកទំនិញឆ្លងកាត់ខេត្តនេះ គេឃើញម្ចាស់រថយន្តតែងតែចុះរត់យកលុយទៅឱ្យសមត្ថកិច្ច។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ