រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំសិក្សាថ្មីសិស្សានុសិស្សមិនបានចំណាយលើការធ្វើនីត្យានុកូលកម្មដែលពេលកន្លងមកមានសិស្សមួយចំនួនព្រួយបារម្ភទៅលើការចំណាយប្រាក់ក្នុងការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នសម្រាប់យកទៅប្រឡងតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ។ ផ្ទុយទៅវិញឆ្នាំនេះសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជាសាធារណៈអំពីការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រសម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រសិស្សបឋមភូមិឆ្នាំ២០១២-២០១៣ នៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ។
តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៧ សីហា ២០១២ សាលារាជធានីភ្នំពេញ នឹងផ្តល់ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របឋមភូមិដល់សិស្សានុសិស្សដោយមិនគិតថ្លៃ ព្រមទាំងតែម ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា សិស្សានុសិស្សដែលបានបំពេញបែបបទសម្រាប់ដាក់ពាក្យសុំចូលរៀនតាមវិទ្យាល័យ និងប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានាពេលខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងខិតខំធ្វើជូនសិស្សានុសិស្សដើម្បីយកទៅប្រើប្រាស់ឱ្យទាន់ពេលវេលា ។
លោកឡុង ឌីម៉ង់ ប្រធានទីចាត់ការរដ្ឋបាលបាននិយាយថា ការធ្វើនីត្យានុកូលកម្មឆ្នាំនេះប្លែកពីឆ្នាំកន្លងមក ដោយលោកអភិបាលក្រុងភ្នំពេញ បានធ្វើការកែប្រែនូវសេវាធ្វើនីត្យានុកូលកម្មជូនសិស្សដែលត្រូវប្រឡងចូលសាកលវិទ្យាល័យ និងមហាវិទ្យាល័យឱ្យបានប្រញាប់ ព្រោះថា នៅតាមសាកលវិទ្យាល័យខែក្រោយនឹងឈប់ទទួលពាក្យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ