រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញបាននិងកំពុងដុតដៃដុតជើងយ៉ាងមមាញឹកក្នុងការសម្រុកធ្វើនីត្យានុកូលកម្មលើសញ្ញាបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងបឋមភូមិសម្រាប់ឆ្នាំសិក្សា២០១១-២០១២ ដោយមិនគិតថ្លៃ សូម្បីតែតែមប្រិ៍ប្រៃសណីយ៍បិទក៏ដោយ គឺសាលារាជធានីចេញទាំងស្រុង ។
ក្រោយពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបឋមភូមិចេញលទ្ធផល និងការផ្តល់សញ្ញាបត្របណ្តោះអាសន្នពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញភ្លាម សិស្សានុសិស្សក៏ដូចអាណាព្យាបាលសិស្សបាននាំគ្នា សម្រុកទៅបញ្ជាក់សញ្ញាបត្រនោះនៅសាលារាជធានីភ្នំពេញដែលក្នុងមួយថ្ងៃៗមានចាប់ពី១ពាន់នាក់ទៅដល់ជាង៣ពាន់នាក់ គិតចាប់ពីថ្ងៃទី១២ កញ្ញា រហូតដល់ពេលនេះ ។
ទោះបីចំនួនសិស្ស ឬអ្នកទៅបញ្ជាក់មានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ក៏មន្ត្រីផ្នែកធ្វើនីត្យានុកូលកម្មរបស់សាលារាជធានីភ្នំពេញខិតខំធ្វើការបញ្ជាក់ជូនយ៉ាងមមាញឹក ។ គេសង្កេតឃើញមន្ត្រីទាំងនោះខ្នះខ្នែងយ៉ាងខ្លាំងស្ទើររកពេលសម្រាកគ្មាន សូម្បីតែហូបបាយក៏ហូបនៅកន្លែងធ្វើការដែរ ដែលខ្លះយកបាយមកពីផ្ទះ ខ្លះហូបបាយនៅកង់ទីនក្នុងសាលារាជធានីភ្នំពេញតែម្តង គឺសម្រុកធ្វើរាល់ថ្ងៃរាប់ទាំងថ្ងៃសៅរ៍-អាទិត្យផង ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់ ។ ចំណែកឯមន្ត្រីចាំចុះហត្ថលេខាគឺនាយករងរដ្ឋបាលចំនួន៣រូប បើតាមការជួបសន្ទនារយៈពេលខ្លីជាមួយអ្នកយកព័ត៌មានកោះសន្តិភាពប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃនេះលោកចុះហត្ថលេខាស្ទើរតែរឹងដៃរហូតដល់ពេលខ្លះស្ទើរតែកាន់ស្លាបព្រាហូបបាយមិនកើតផង ។
លោកឡុង ឌីម៉ង់ នាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញឲ្យដឹងថា ឆ្នាំនេះលទ្ធផលអ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេសមាន ប្រមាណជាង៩ម៉ឺននាក់ ដោយឡែករាជធានីភ្នំពេញ ជិត២ម៉ឺននាក់។ ក្រោយពីប្រកាសលទ្ធផលប្រឡង និងការផ្តល់លិខិតបញ្ជាក់សញ្ញាបត្រពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាផ្លូវការភ្លាម សិស្សានុសិស្ស ក៏ដូចអាណាព្យាបាលសិស្សបាននាំគ្នាសម្រុកទៅធ្វើនីត្យានុកូលកម្មលើសញ្ញាបត្រនៅសាលារាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
លោកឡុង ឌីម៉ង់ បញ្ជាក់ថា សិស្សនាំគ្នាសម្រុកទៅបញ្ជាក់ច្រើនចាប់ពីថ្ងៃទី១២ កញ្ញា មកគឺថ្ងៃទី១២ដែលជាថ្ងៃទីមួយ មានជាង១ពាន់នាក់ ឯថ្ងៃទី២មាន២.៣៨០នាក់ និងថ្ងៃទី៣ មានជាង៣ពាន់នាក់ ក្នុងនោះក៏មានសិស្សមកពីខេត្តប្រមាណពី៥ទៅ៧%ដែរ។ ទោះជាមានចំនួនច្រើនបែបនេះក្តី ប៉ុន្តែដោយសារការយកចិត្តទុកដាក់របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្នុងការបំពាក់ឧបករណ៍គ្រប់គ្រាន់ ការផ្លាស់ប្តូរទីកន្លែងបញ្ជាក់បង្កលក្ខណៈងាយស្រួលដល់សិស្ស និងការយកចិត្តទុកដាក់ពីមន្ត្រីរបស់យើងផងនោះយើងបញ្ជាក់ជូនពួកគាត់បានទាន់ពេលវេលា គឺមិនលើសពីរយៈពេល៥ថ្ងៃទេ និងបានឲ្យសិស្សយកទៅប្រើប្រាស់ភ្លាម ។
អ្វីដែលជាការកត់សម្គាល់ទៀតនោះ គឺលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានផ្តល់ក្តីអនុគ្រោះ មិនយកថវិកាមួយរៀលពីការបញ្ជាក់នេះទេ សូម្បីតែតែមប្រិ៍ក៏ដោយ ក៏សាលារាជធានីចេញជំនួសឲ្យដែរ ។ ក្នុងពេលទៅបញ្ជាក់សញ្ញាបត្រនៅសាលារាជធានីភ្នំពេញនេះ យុវសិស្សទាំងនោះពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសការមិនយកលុយតែម្តង ហើយម្យ៉ាងការផ្តល់សេវា និងការប្រាស្រ័យទាក់ទងរបស់មន្ត្រីទាំងនោះ ។ ប៉ុន្តែក៏មានយុវសិស្សខ្លះមិនសប្បាយចិត្តដែរ ព្រោះពួកគេបានអង្គុយរង់ចាំយូរ ប៉ុន្តែទោះជាយ៉ាងណាគ្នារាប់ពាន់នាក់តែងតែមានការរង់ចាំហើយ តែក៏មិនស្ទះយូរណាស់ណាដែរ ៕
ចែករំលែកព័តមាននេះ