ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព្រះ​រាជ​អាជ្ញា​សាលា​ក្តី​ជំទាស់​ការ​សម្រេច​ដោះ​លែង​ជន​ដែល​ត្រូវ​ចោទ អៀង​ ធីរិទ្ធ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​សហ​ព្រះរាជ​​អាជ្ញា​​ បាន​ប្តឹង​​សា​ទុក្ខ​ជំទាស់​នឹង​សេចក្តី​​សម្រេច​របស់​​អង្គ​​ជំ​នុំ​ជម្រះ​​សាលា​ដំបូង​​ ដែល​បាន​ចេញ​​កាល​ពី​ម្សិល​​មិញ​​ (១៣ កញ្ញា) ដើម្បី​​​ដោះ​លែង​ជន​ជាប់​​ចោទ​​អៀង ធីរិទ្ធ ។ អង្គ​​ជំនុំ​​ជម្រះ​​សាលា​​ដំបូង​​បាន​សម្រេច​ថា អៀង ធីរិទ្ធ បច្ចុប្បន្ន​មិន​​មាន​សម្បទា​ខាង​បញ្ញា​ស្មា​រតី​​គ្រប់​គ្រាន់ ​ដើម្បី​​​ចូល​រួម​​ក្នុង​សវនា​ការ​​​ចំពោះ​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​​នឹង​មនុស្ស​ជាតិ​​ដូច​​បាន​​ចោទ​ប្រកាន់​​ដែល​បាន​ប្រព្រឹត្ត​​ក្នុង​អំឡុង​​នៃ​​កម្ពុជា​​ប្រជា​​ធិ​

រាជធានី​ភ្នំពេញ ៖​​ ​សហ​ព្រះរាជ​​អាជ្ញា​​ បាន​ប្តឹង​​សា​ទុក្ខ​ជំទាស់​នឹង​សេចក្តី​​សម្រេច​របស់​​អង្គ​​ជំ​នុំ​ជម្រះ​​សាលា​ដំបូង​​ ដែល​បាន​ចេញ​​កាល​ពី​ម្សិល​​មិញ​​ (១៣ កញ្ញា) ដើម្បី​​​ដោះ​លែង​ជន​ជាប់​​ចោទ​​អៀង ធីរិទ្ធ ។ អង្គ​​ជំនុំ​​ជម្រះ​​សាលា​​ដំបូង​​បាន​សម្រេច​ថា អៀង ធីរិទ្ធ បច្ចុប្បន្ន​មិន​​មាន​សម្បទា​ខាង​បញ្ញា​ស្មា​រតី​​គ្រប់​គ្រាន់ ​ដើម្បី​​​ចូល​រួម​​ក្នុង​សវនា​ការ​​​ចំពោះ​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​​នឹង​មនុស្ស​ជាតិ​​ដូច​​បាន​​ចោទ​ប្រកាន់​​ដែល​បាន​ប្រព្រឹត្ត​​ក្នុង​អំឡុង​​នៃ​​កម្ពុជា​​ប្រជា​​ធិ​បតេយ្យ​ទេ ។ សហ​​ព្រះរាជ​អាជ្ញា​​យល់​ស្រប​​ទាំង​ស្រុង​ជា​មួយ​​អង្គ​​ជំនុំ​ជម្រះ​​សាលា​ដំបូង​​ថា អៀង​ ធីរិទ្ធ គួរ​​ត្រូវ​បាន​ដោះ​​លែង​ពីមន្ទីរ​​ឃុំ​ឃាំង​ ដោយ​ផ្អែក​​តាម​​ការរក​​ឃើញ​​របស់​​អ្នក​​ជំនាញ​​ជាតិ និង​អន្តរ​ជាតិ​ដែល​ថា​ គាត់​​​នៅ​ពេល​បច្ចុប្បន្ន​​នេះ​មិន​​មាន​​សម្បទា​​គ្រប់​គ្រាន់​​ដើម្បី​​ចូល​រួម​​សវនា​ការ​​ ។ ប៉ុន្តែ​​សហ​ព្រះរាជអាជ្ញា​​យល់​ឃើញ​ថា ការ​ដោះ​លែង​​រូប​គាត់​​មិន​គួរ​ណា​ធ្វើ​​ឡើង​ដោយ​គ្មាន​​លក្ខខណ្ឌ​​ឡើយ ។

នៅ​ខណៈ​​មាន​​ការ​ទទួល​​យក​តាម​ការ​រក​ឃើញ​​របស់​​អង្គ​ជំនុំ​​ជម្រះ​​សាលា​​ដំបូ​ង​ ទាក់​​ទង​នឹង​ការ​ចុះ​ខ្សោយ​​នៃ​ការ​ចង​ចាំ​​របស់​ជន​​ជាប់​ចោទ​​ សហ​​ព្រះ​រាជ​អាជ្ញា​​ក៏​បាន​​កត់​សម្គាល់​​ផង​ដែរ​លើ​ការ​​​សម្រេច​​របស់​អង្គ​​ជំនុំ​ជម្រះ​​​ដែល​ថា គេ​​មាន​​លទ្ធ​ភាព​ (​ទោះ​បី​ជា​​តិច​តួច​យ៉ាង​ណា​ក្តី)​​អំពី​ការ​ផ្លាស់​ប្តូរ​​កាលៈ​ទេសៈ​​ផ្សេងៗ​​ និង​ការ​បន្ត​សវនា​​ការ​​នៅ​ពេល​ក្រោយ​​ណា​មួយ​នោះ ។ ដោយ​មាន​ការ​​យកចិត្ត​ទុក​ដាក់​លើ​ចំណុច​នេះ​​ សហ​​ព្រះរាជ​អាជ្ញា​​​ពិចារណា​​ថា អង្គ​ជំនុំ​​ជម្រះ​​សាលា​ដំបូង​​មាន​សិទ្ធិ​​អំណាច​​ផ្លូវ​ច្បាប់​​ដើម្បី​​ពិចា​រណា​​ និង​អនុវត្ត​ការ​ដាក់​​លក្ខខណ្ឌ​​កំណត់​​ដែល​ចាំ​​បាច់​​សម​ហេតុ​​ផល​ និង​​សម​ស្រប​ទៅ​​លើ​​សេរី​​ភាព​របស់​អៀង ធីរិទ្ធ ។

គោល​បំណង​​នៃ​ការ​ដាក់​កំហិត​​ ឬ​លក្ខ​ខណ្ឌ​​ទាំង​នេះ​គឺ​ដើម្បី​​ ១-ធានា​ថា ជន​ជាប់​ចោទ​​មិន​រត់​គេច​ខ្លួន​ពី​​យុត្តា​ធិការ​​របស់​តុលា​ការ​​នេះ ២-​ធានា​​ថា គាត់​នឹង​មិន​​ជ្រៀត​​ជ្រែក​ចំពោះ​​​សាក្សី​​ ឬ​​ជន​​ជាប់ចោទ​​ផ្សេង​ទៀត​ដែល​កំពុង​​ផ្តល់​​សក្ខី​​កម្ម​នៅ​ក្នុង​​សវនា​ការ​​ ៣-ធានា​​ចំពោះ​សុវត្ថិ​​ភាព​របស់​គាត់​​ និង​​របៀ​ប​រៀប​រយ​​សាធារណៈ ហើយ​​និង​៤-​ធានា​ថា សុខ​ភាព​​របស់​គាត់​​ត្រូវ​​បាន​ពិនិត្យ​​តាម​ដាន​​យ៉ាង​ដិត​ដល់ ​​ដើម្បី​​​បង្ក​​​លទ្ធ​​ភាព​​ឱ្យ​​អង្គ​​ជំនុំ​ជម្រះ​​​សាលា​ដំបូង​​នៅ​តែ​បាន​​ដឹង​​អំពី​ស្ថាន​​ភាព​​វេជ្ជ​សាស្ត្រ​របស់​​គាត់ ។

បណ្តឹង​​សា​ទុក្ខ​​របស់​សហ​ព្រះរាជ​អាជ្ញា​​ គឺ​ដោយ​​ផ្អែក​​លើ​មូល​ដ្ឋាន​នៃ​ទឡ្ហី​ករណ៍​​ចំនួន​​បួន​ គឺ​ថា អង្គ​​ជំនុំ​ជម្រះ​​សាលា​​ដំបូង​​មាន​កំហុស ៖

១-​ខាង​អង្គ​ច្បាប់ ​​ដោយ​បាន​ធ្វើ​ការ​​ព្យួរ​​ទាំង​ស្រុង​​នូវ​យុត្តា​ធិ​ការ​ទៅ​លើ​ជន​ជាប់​ចោទ​​ ឬ​ថា​ខ្លួន​​គ្មាន​យុត្តា​​ធិ​ការ​​ទៅ​​លើ​ជន​ជាប់​ចោទ​នោះ ។

២-​ខាង​​​អង្គ​ច្បាប់​ ដោយ​មិន​យក​​មក​​អនុវត្ត​​បដិសេធ​​ ឬ​ខក​​ខាន​មិន​បាន​​ពិនិត្យ​​ពិចារណា​​លើ​មូល​​ដ្ឋាន​​ច្បាប់​ដែល​​មាន​ស្រាប់ ​​ដើម្បី​បន្ត​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​​តុលា​ការ​​ចំពោះ​ជន​ជាប់​​ចោទ​​ដោយ​​មាន​លក្ខ​ខណ្ឌ​ ។

៣-ខាង​​អង្គ​ច្បាប់ ដោយ​បង្គាប់​​ឱ្យ​ធ្វើ​​ការ​​ដោះ​លែង​​ជន​ជាប់​ចោទ​​ដោយ​គ្មាន​​លក្ខ​​ខណ្ឌ​ ​ជា​ជំនួស​​​ឱ្យ​លក្ខ​ខណ្ឌ​​នៃ​ការ​​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​​តុលា​​ការ​ដែល​អាច​​ឱ្យ​​ធ្វើ​យុត្តិ​​កម្ម​បាន ។

៤-​តាម​ពិត​​ឬ ក្នុង​​ការ​អនុវត្ត​​​នូវ​ឆន្ទា​នុសិទ្ធិ​​របស់​ខ្លួន​​នៅ​ក្នុង​ការ​​រក​ឱ្យ​ឃើញ​​ថា ការ​ត្រួត​​ពិនិត្យ​​តាម​ផ្លូវ​​តុលា​ការ​​ គឺ​មិន​​អាច​​ឱ្យ​​យក​​មក​អនុវ​​ត្ត​​បាន​ទេ ឬ​​មិន​អាច​​អនុវត្ត​​ជាក់​ស្តែង ។

នៅ​ក្នុង​​បណ្តឹង​​សា​ទុក្ខ​​របស់​សហ​ព្រះរាជ​អាជ្ញា​​ បាន​ស្នើ​ដល់​​អង្គ​ជំនុំ​​ជម្រះ​​តុលា​ការ​​កំពូល​​សុំ​មោឃ​ភាព​​នូវ​សេចក្តី​​សម្រេច​​របស់​អង្គ​​ជំនុំ​​ជម្រុះ​​សាលា​ដំបូង​​ដោយ​​ហេតុ​​ថា អង្គ​​ជំនុំជម្រះ​​​​សាលា​ដំបូង​​រក​ឃើញ​ថា ​ខ្លួន​គ្មាន​​យុត្តា​ធិ​ការ​​ក្នុង​​ការ​ចេញ​​ដី​កា​បង្គាប់​​ឱ្យ​បន្ត​ធ្វើ​​ការ​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​តុលា​ការ​​ទេ ដែល​ត្រូវ​​ធ្វើ​ទៅ​តាម​លក្ខ​ខណ្ឌ​​ច្បាប់​ដែល​​អាច​​​ឱ្យ​ធ្វើ​យុត្តិ​កម្ម​បាន​​ និង​​ធ្វើ​ការ​កែ​​ប្រែ​​សេចក្តី​​សម្រេច​​ដើម្បី​​តម្រូវ​ឱ្យ​ជន​ជាប់​ចោទ​​ (បើ​សិន​ជា​ចាំ​បាច់​ តាម​រយៈ​​អ្នក​​អាណា​ព្យា​បាល​​ទូ​ទៅ​​ ឬ​ហិតូបត្ថម្ភកៈ ដែល​នឹង​ត្រូវ​​តែង​តាំង​ដោយ​​អាជ្ញា​​ធរ​ជាតិ) ដើម្ប​​ឱ្យ​​គោរព​​អនវុត្ត​​តាម​​លក្ខ​ខណ្ឌ​ជាក់​​លាក់​​ផ្សេងៗ​​ដែល​​បាន​ស្នើ​ឡើង​​ដោយ​សហ​ព្រះរាជ​អាជ្ញា ​​​ដើម្បី​​រក្សា​​ការ​ពារ​​ឱ្យ​បាន​ត្រឹម​ត្រូវ​​នូវ​សិទ្ធិ​​ និង​ផល​ប្រយោជន៍​​តាម​ច្បាប់​​ដែល​ទាក់​​ទង​​នឹង​ការ​ដោះ​លែង​រូប​គាត់​ពី​​ការ​ឃុំ​ខ្លួន ។

លក្ខ​ខណ្ឌ​​ជាក់​លាក់​ដែល​​សហ​ព្រះរាជ​​អាជ្ញា​​បាន​ដាក់​ស្នើ​​គឺ​មាន​ដូច​តទៅ ៖

១-ត្រូវ​ស្នាក់​នៅ​ក្នុង​លំ​នៅ​ឋាន​​ជាក់​លាក់​​មួយ ដែល​​​សហ​មេធា​វី​​ការ​ពារ​​ក្តី​​របស់​គាត់​ត្រូវ​ប្រាប់​ពី​​អាសយដ្ឋាន​​ ។

២-ត្រូវ​បង្ហាញ​​ខ្លួន​មួយ​សប្តាហ៍​​ម្តង ​ដើម្បី​​ឱ្យ​អាជ្ញា​​ធរ​មាន​សមត្ថ​កិច្ច​​ ឬ​មន្ត្រី​​ផ្លូវ​ការ​​ដែល​ចាត់​​តាំង​ដោយ​អង្គ​​ជំនុំ​​ជម្រះ​​សាលា​ដំបូង​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​ពី​សុវត្ថិភាព ។

៣-ត្រូវ​​ឱ្យ​គាត់​​ប្រគល់​​លិខិត​ឆ្លង​ដែន​​ និង​អត្ត​​សញ្ញា​​បណ័ណ្ណ​​របស់​គាត់​ ។​

៤-​មិន​ត្រូវ​ទាក់​ទង​​ ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី​​ ជា​មួយ​​សហ​ជន​ជាប់​​ចោទ​ដទៃ​​ទៀត (លើក​​លែង​តែ​​ស្វាមី​របស់​គាត់​គឺ អៀង​ សារី) ។

៥-​មិន​ត្រូវ​​ទំនាក់​ទំនង​​​ដោយ​ផ្ទាល់​​ក្តី ឬ​​ដោយ​ប្រយោល​​ក្តី ​ជា​មួយ​​សាក្សី​​ អ្នក​ជំនាញ​​ ឬ​ជន​រង​គ្រោះ​​ណា​មួយ​​ក៏​ដោយ ដែល​អង្គ​ជំនុំ​​ជម្រះ​សាលា​​ដំបូង​បាន​​ស្នើ​សុំ​​ស្តាប់​​ចម្លើយ​​ ហើយ​មិន​​ត្រូវ​ជ្រៀត​​ជ្រែក​ចូល​ក្នុង​​កិច្ច​ការ​​រដ្ឋ​បាល​​របស់​តុលា​ការ​​​ ។​

៦-​ត្រូវ​​ស្ថិត​នៅ​​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​​វេជ្ជ​សាស្ត្រ​ ដោយ​អ្នក​​អនុវត្ត​​ផ្នែក​​វេជ្ជ​សាស្ត្រ​ដែល​​អង្គ​​ជំនុំ​​ជម្រះ​​សាលា​ដំបូង​​បាន​ចាត់​តាំង​​រៀង​រាល​​់​​ប្រាំ​មួយ​ខែ​ម្តង ។

ខណៈដែល​សហ​​ព្រះរាជអាជ្ញា​​​បន្ត​ការ​គាំ​ទ្រ​​ដល់​ការ​ដោះ​​លែង​អៀង ធីរិទ្ធ ពី​មន្ទីរ​​ឃុំ​ឃាំង ដោយ​សារ​​សហ​ព្រះរាជ​​អាជ្ញា​​បាន​ជឿ​ជាក់​ថា លក្ខ​ខណ្ឌ​​ដែល​បាន​ស្នើ​នៅ​ពេល​មាន​ការ​ដោះ​លែង​​រូប​គាត​​់ ​ដែល​​វា​នឹង​​ពុំ​មាន​​ប្រសិទ្ធ​​ភាព​ទេ បើ​គេ​គ្រាន់​​តែ​ដាក់​វា​ជា​​​ទម្រង់​​នៃ​ការ​ស្នើ​​សុំ​នោះ លក្ខ​​ខណ្ឌ​​ដែល​បាន​ស្នើ​​សុំ​គឺ​មាន​លក្ខ​ណៈ​​សម​ស្រប​​ចាំ​បាច់​​ និង​មាន​​​​សមា​មាត្រ​​ទៅ​នឹង​​កាលៈ​​ទេសៈ ។

នៅ​ក្នុង​​​ការ​​ពិចារណា​​អំពី​​លក្ខ​ខណ្ឌ​​នានា​​សម្រាប់​​ការ​ដោះ​លែង​​អៀង ធីរិទ្ធ មិន​ត្រូវ​​ធ្វើ​ការ​ពិចារ​ណា​​តែ​អំពី​​សិទ្ធិ និង​ផល​ប្រយោជន៍​​របស់​អៀង ធីរិទ្ធ ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​​​ក៏​ត្រូវ​​ធ្វើ​ការ​​ពិចារ​ណា​​​ផង​ដែរ​​លើ​សិទ្ធិ​របស់​​ជន​រង​គ្រោះ ​​ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី ​​សហ​ព្រះរាជ​អាជ្ញា​​ ហើយ​និង​សហ​គមន៍​​អន្តរ​ជាតិ ​​បូក​រួម​នឹង​កត្តា​​នានា​ដូច​ជា ការ​ផ្សះ​ផ្សា​​ជាតិ និង​​ស្ថិរ​ភាព​​យុត្តិ​ធម៌ ​​​ហើយ​ក្នុង​ករណី​​នេះ​សុវត្ថិ​ភាព​ និង​សណ្តាប់​ធ្នាប់​​សាធារណៈ​​​ក៏​​ត្រូវ​​មាន​​ផង​ដែរ ។ នៅ​ក្នុង​ការ​ផ្តល់​​សំអាង​​ពី​លក្ខ​ខណ្ឌ​​នានា​ដែល​​បាន​ស្នើ​ឡើង​​នេះ​​ សហ​ព្រះរាជ​អាជ្ញា​​បាន​ព្យា​យាម​​ស្វែង​​រក​​នូវ​ការ​ធានា​​ថា សិទ្ធិ​​និង​ផល​ប្រយោជន៍​​ត្រូវ​​បាន​គិត​​គូ​រ​ពិចារណា​​ និង​បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​យ៉ា​ង​ត្រឹម​​ត្រូវ​ដើម្បី​​​ជា​ប្រយោជន៍​​ឱ្យ​បទ​ដ្ឋាន​ស្តី​ពី​​ច្បាប់​សិទ្ធិ​មនុស្ស​​ត្រូវ​បាន​​​គោរព​ និង​ត្រូវ​​បាន​អនុវត្ត​​នៅ​ អ.វ.ត.ក​ នេះ។

នៅ​ក្នុង​​ញត្តិ​​មួយ​ដាច់​ដោយ​ឡែក សហ​ព្រះ​រាជអាជ្ញា​​ បាន​ស្នើ​សុំ​​ឱ្យ​​លោក​ប្រធាន​​នៃ​អង្គ​​ជំនុំ​​ជម្រះ​​តុលា​ការ​កំពូល ​​ធ្វើ​ការ​ផ្អាក​​ការ​ដោះ​លែង​​អៀង​ ធីរិទ្ធ ដូច​ដែល​​បាន​បង្គាប់​​នៅ​ក្នុង​​សេចក្តី​​សម្រេច​របស់​​អង្គ​ជំនុំ​​ជម្រះ​សាលា​​ដំបូង ​​រហូត​​ទាល់​តែ​​អង្គ​ជំនុំ​​ជម្រះ​​តុលា​ការ​កំពូល​​ធ្វើ​ការ​​សម្រេច​​ពី​បណ្តឹង​​សា​ទុក្ខ​​នេះ​ដោយ​​អនុ​លោម​​តាម​​វិធាន​៨២.៦​នៃ​វិធាន​​ផ្ទៃ​ក្នុង ៕