ខេត្តសៀមរាប ៖ «ការសុំច្បាប់ដឹកឈើជាគ្រឿងផ្ទះចាស់បង្កប់ឈើថ្មី »គឺជាកលល្បិចដ៏ពេញនិយម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ បន្ទាប់ពីស្ទីលដឹកឈើដេញថ្លៃពីរដ្ឋបាលព្រៃឈើដែលចាប់បាន ឬដឹកឈើចេញពីក្រុមហ៊ុនដីសម្បទាននានា ដែលទទួលសិទ្ធិពីរដ្ឋាភិបាលដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម ក៏ប៉ុន្ដែយូៗម្ដងស្ទីលចាស់នោះគេក៏បានជួបនឹងសំណាងមិនល្អខ្លះៗដែរ មិនខុសអីពីពាក្យបុរាណថាចង់ចំណេញដាច់ចំណងនោះឡើយ ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១២ កន្លងទៅ រថយន្ដធំលំដាប់យក្សមួយគ្រឿងផ្ទុកពេញប្រៀបទៅដោយឈើក្រោមរូបភាពដឹកឈើគ្រឿងផ្ទះចាស់ៗ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នារក្រៅមានការសង្ស័យ ហើយសាកល្បងត្រួតពិនិត្យ ឃើញឈើថ្មីស្ទើរទាំងអស់នៅលើរថយន្ដនោះ ។
ទោះជាយ៉ាងនេះក្ដី មន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅដែលចាប់រថយន្ដនោះ គ្មានអ្នកណាម្នាក់ហ៊ានផ្ដល់ព័ត៌មានលម្អិតប្រាប់ក្រុមអ្នកយកព័ត៌មានទេ ដោយសារតែខ្លាចមានការស្ដីបន្ទោសពីថ្នាក់លើ ដូចការផ្ដល់ព័ត៌មានអំពីសកម្មភាពឈូសឆាយដីព្រៃឈើដ៏ធំមួយមានផ្ទៃដីរហូតដល់១០០ ហិកតា នៅតំបន់អូរប៉ាង ភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ខាងជើងក្រុងសៀមរាប ក្រោមស្លាកសហគមន៍មួយឈ្មោះថា«សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្មនិងឧស្សាហកម្ម» ដើម្បីយកដីនោះឱ្យជនជាតិយួនដាំពោត គឺបានត្រឹមតែទទួលការស្តីបន្ទោសប៉ុណ្ណោះ។
នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកម៉ុង ប៊ុនលីម និងលោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ដែលជាអ្នកចាប់រថយន្ដដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីនេះកាលពីថ្ងៃទី១១ កញ្ញា កន្លងទៅម្នាក់ៗសុទ្ធតែមិនហ៊ានផ្តល់ព័ត៌មានចេញទៅក្រៅទេដោយលោកទាំងពីរប្រាប់ថា សុំមិនធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍ចាប់នោះឡើយ ក៏ប៉ុន្ដែលោកអនុញ្ញាតឱ្យអ្នកកាសែតមានសិទ្ធិថតផ្ដិតយករូបភាព និងធ្វើការអធិប្បាយតាមការមើលឃើញជាក់ស្ដែងទៅចុះ ។
តាមការសង្កេតជាក់ស្ដែងនៅគ្រាដែលកម្លាំងរដ្ឋបាលព្រៃឈើទម្លាក់ឈើទាំងអស់ចេញពីរថយន្ដដើម្បីធ្វើការពិនិត្យនិងវាស់វែងឃើញថា រថយន្ដធំលំដាប់យក្សដែលត្រូវបានបង្គ្រាបព្រោះតែមានច្បាប់សុំដឹកឈើចាស់តែបន្លំដឹកឈើថ្មីនោះមានម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ត្រេអីុ ផ្ទុកឈើប្រភេទលេខ២«ឈើទាលនិងផ្ដៀក»ចំនួន១៨ទៅ២០ម៉ែត្រគូប ក្នុងនោះឈើគ្រឿងផ្ទះចាស់មានតែ៣ទៅ៤ម៉ែត្រគូបប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែឈើថ្មី មានដំដែកគោលចុងនិងគល់ដើម្បីបន្លំធ្វើដូចជាឈើទើបតែរុះចេញពីផ្ទះថ្មី តែធាតុពិតគឺជាកលល្បិច ។
ដោយសាតែគ្មានមន្ដ្រីណាម្នាក់ហ៊ានធ្វើអធិប្បាយជុំវិញការចាប់រថយន្ដដឹកឈើនោះ ទើបគេមិនអាចដឹងពីអត្ដសញ្ញាណអ្នកពាក់ពន្ធ័នៅក្នុងការបន្លំដឹកឈើដូចជាអ្នកបើកបរនិងឈ្មួញរកស៊ីឈើនោះ គ្រាន់តែមានការលួចប្រាប់ដោយសុំមិនឱ្យបញ្ចេញឈ្មោះថា រថយន្ដធុនយក្សនោះដឹកឈើចេញពីស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្ពោះទៅកាន់ស្រុកបាទី ខេត្ដតាកែវ ដោយមានលិខិតស្នើសុំពីអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីរដ្ឋបាលព្រៃឈើនៅទីនោះត្រឹមត្រូវ ។
ទាក់ទិនទៅនឹងបទល្មើសដឹកឈើផ្ទះចាស់ឆ្លៀតដឹកឈើថ្មីដ៏ច្រើនលើសលប់នោះ ក្រុមអ្នកតាមដានបទល្មើសព្រៃឈើនៅភាគឧត្ដរនៃប្រទេសកម្ពុជា បានអះអាងថា ករណីល្មើសច្បាប់នោះប្រាកដជាមានការឃុបឃិតគ្នារវាងឈ្មួញឈើ និងមន្ដ្រីជំនាញតែម្ដង ដ្បិតគេដឹងថា នីតិវិធីនៃការផ្លាស់ប្ដូរផ្ទះចាស់អ្នកស្នើសុំត្រូវធ្វើបែបបទពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកដោយភ្ជាប់មកជាមួយរូបថតផ្ទះនោះ ហើយមន្ដ្រីជំនាញជាអ្នកមានភារកិច្ចចុះពិនិត្យនិងរាប់ចំនួនឈើចូលទៅក្នុងកំណត់ហេតុ មុននឹងចេញលិខិតអនុញ្ញាតឱ្យដឹកឈើគ្រឿងផ្ទះចាស់នោះទៅកាន់គោលដៅ ។
ក្រុមអ្នកតាមដានបានបន្ដទៀតថា សកម្មភាពដឹកឈើតាមរថយន្ដធំៗដោយជ្រកក្រោមរូបភាពដឹកឈើគ្រឿងផ្ទះចាស់ ឬដឹកឈើដេញថ្លៃពីរដ្ឋបាលព្រៃឈើ ក៏ដូចជាឈើចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចពីតំបន់ភាគឧត្ដរប្រទេសកម្ពុជា រួមមានខេត្ដឧត្ដរមានជ័យ ព្រះវិហារកំពង់ធំ និងសៀមរាប ត្រូវបានគេឃើញមានស្ទើររៀងរាល់យប់ថ្ងៃ ដោយប្រើប្រាស់ផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ៦៧ និងផ្លូវវិនិយោគរបស់ក្រុមហ៊ុនខាំសាម៉េត ជាដើម។
ក្រុមអ្នកតាមដានបទល្មើសដឹកជញ្ជូនព្រៃឈើគ្រប់ប្រភេទនៅក្នុងភូមិសាស្ដ្រគ្រប់គ្រងរបស់អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ជាពិសេសបទល្មើសឈើគ្រញូងដ៏ចម្រូងចម្រាស់ដែលបានកើតឡើងដូចបាយពុះ បានលើកឡើងបែបងឿងឆ្ងល់ថា នៅតាមបណ្ដោយដងផ្លូវទាំងពីរខាងលើដែលតភ្ជាប់ពីតំបន់ព្រំដែនខ្មែរ-សៀម«ខេត្ដឧត្ដរមានជ័យ» មកទល់នឹងខេត្ដសៀមរាប គេឃើញមានស្នាក់ការសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសព្រៃឈើច្រើនដូចម្រាមដៃដូចជា ស្នាក់ការផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងកម្លាំងពួនស្ទាក់ជាច្រើនទៀត ដែលមានទាំងប៉ូលិស យោធា និងកងរាជអាវុធហត្ថជាដើម ។ ប៉ុន្ដែតើហេតុអ្វីបានជាបទល្មើសដឹកជញ្ជូនឈើទាំងនោះនៅតែបន្ដកើតមានដូចបាយពុះដដែលបែបហ្នឹងតើកម្លាំងទាំងនោះដាក់ចាំឱ្យឈ្មួញឈើបង់លុយឱ្យឬយ៉ាងណា ? បើដូច្នេះមែនអ្នកទាំងនោះកំពុងតែដាក់កុងត្រូលជជុះហើយ ៕
ចែករំលែកព័តមាននេះ