ខេត្តកំពត ៖ សមាជិកក្រុមប្រឹក្សាឃុំដូនយ៉យ ស្រុកឈូកម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តកាមរីបាឡែនមួយគ្រឿងបុកម៉ូតូជនរងគ្រោះពីក្រោយចំណុចផ្លូវបំបែក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៤ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ។
មន្ត្រីនគរបាលចរាចរស្រុកបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះកែវ បៀន ភេទប្រុស អាយុ៦៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំដូនយ៉យ ស្រុកឈូក មានទីលំនៅភូមិ-ឃុំខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះចេញពីប្រជុំនៅសាលាស្រុកជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង បើកក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុមានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿង មកពីក្រោយ បើកបរដោយឈ្មោះ យី សុផល អាយុ២៦ឆ្នាំ មានទីលំនៅរាជធានីភំ្នពេញ បានបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ខណៈមូ៉តូជនរងគ្រោះបត់ឆ្វេង បណ្តាលឱ្យខ្ទាតទាំងម៉ូតូនិងមនុស្សសន្លប់នៅកន្លែងកើតហេតុហើយស្លាប់ពេលដឹកដល់មន្ទីរពេទ្យ រីឯរថយន្តកាមរីបាឡែនបានជ្រុលចង្កូតធ្លាក់ក្នុងស្នាមភ្លោះខាងឆ្វេងដៃ ប៉ុន្តែអ្នកបើកបរពុំបានរងរបួសទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ។ រថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ