ខេត្តព្រៃវែង ៖ បុរស២នាក់បងប្អូនជីដូនមួយបានដួលបោករងរបួសធ្ងន់ ខណៈពេលជិះម៉ូតូត្រឡប់មកពីប៉ះកង់ម៉ូតូវិញត្រូវរថយន្តនីស្សាន់បុកពីក្រោយ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ កញ្ញា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតផ្សារកំពង់ត្របែកក្នុងស្រុកកំពង់ត្របែក ។
អ្នករងរបួសឈ្មោះ ឆក ឈៀន ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការនៅសិប្បកម្មទឹកកក រងរបួសផ្ទៃមុខធ្ងន់ធ្ងរ និងម្នាក់ទៀតឈ្មោះ ឈួន ព្រីង ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការជាមួយគ្នា រងរបួសរលាត់ស្បែកពោះ និងបាក់ជើងស្តាំ ។ អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នាស្នាក់នៅក្នុងភូមិធំ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាច់ញាតិបានឱ្យដឹងថា មុនពេលកើតហេតុទាំងពីរនាក់ជិះម៉ូតូសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ឌុបគ្នាមកពីប៉ះកង់ម៉ូតូបានជិះទៅតាមផ្លូវជាតិលេខ១ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តនីស្សាន់ ពណ៌ឈាមជ្រូក បើកស្របទិសគ្នា មកពីក្រោយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង តែដោយស្ថានភាពរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់ ។ ចំណែកអ្នកបើករថយន្តបន្ទាប់ពីបង្កហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវប៉ូលិសយកទៅរក្សាទុករួមជាមួយម៉ូតូជនរងគ្រោះនៅប៉ុស្តិ៍កំពង់ត្របែក រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ