រាជធានីភ្នំពេញ ៖ រថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ បើកបរទាំងស្រវឹងជោកជាំ ហើយជ្រែចូលចន្លោះកណ្តាលរថយន្ត២គ្រឿងទៀត បណ្តាលឱ្យបុកបែកកង់រថយន្តមួយគ្រឿង រួចព្យាយាមបើករត់គេចត្រូវលោកអធិការរងខណ្ឌ៧មករា ដេញតាមស្ទាក់ជាប់ តែអ្នកបើកបរ និងអ្នករួមដំណើរបែរជានាំគ្នាចាក់សោរថយន្តដើរចូលទៅច្រៀងខារ៉ាអូខេធ្វើមិនដឹង ហើយគំរាមសមត្ថកិច្ចមិនឱ្យស្ទូចរថយន្តទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ កញ្ញា ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមផ្លូវ១៨២កែងវិថីនេហ៍រុក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ជិះគ្នា៤នាក់ សុទ្ធតែស្រវឹងជោកជាំ បើកតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តកាមរីស្វិតពណ៌កណ្តុរប្រមេះ ជិះគ្នា៥នាក់ ឪពុកនិងកូន បើកពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្របពេលនោះមានរថយន្តកូរ៉ូឡាមួយគ្រឿងទៀតបើកទន្ទឹមនឹងរថយន្តកាមរីគូទស្វិតដែរ ខណៈមកដល់ចំណុចខាងលើស្រាប់តែរថយន្តម៉ាកស៊ីណាបើកជ្រែចន្លោះកណ្តាលរថយន្តទាំង២គ្រឿង ទៅបុកបែកកង់រថយន្តកាមរីគូទស្វិត រួចរថយន្តបង្កព្យាយាមបើករត់ ។ ប្រភពបន្តទៀតថា ក្នុងហេតុការណ៍នេះលោកអធិការរងខណ្ឌ៧មករា បានបើករថយន្តមកដល់ឃើញហេតុការណ៍នោះក៏បើករថយន្តដេញតាម និងស្រែកតាមវីទ្យុទាក់ទងឱ្យប៉ូលិសតាមគោលដៅជួយស្ទាក់បន្ថែមទៀត ។
ពេលដេញតាមដល់ចំណុចរង្វង់មូលនាងគង្ហីង លោកអធិការបានកាក់រថយន្តនោះជាប់ ស្រាប់តែអ្នកជិះក្នុងរថយន្តបង្កនាំគ្នាចុះពីលើរថយន្តចាក់សោរថយន្តជាប់ រួចនិយាយថា«លោកឯងមិនចេះមើលស្លាកលេខរថយន្តរបស់គេទេឬ បានជាហ៊ានកាក់រថយន្តបែបនេះ» ហើយបានឈ្លោះប្រកែកជាមួយសមត្ថកិច្ច រួចនាំគ្នាដើរចូលទៅច្រៀងខារ៉ាអូខេនៅខាងក្រោយវិទ្យាល័យបាក់ទូកហើយបានគំរាមសមត្ថកិច្ចមិនឱ្យស្ទូចរថយន្តទៅណាទៀត ។ ទោះជាភាគីអ្នកបើករថយន្តបង្កគំរាមក៏ដោយ ពេលម្ចាស់រថយន្តនាំគ្នាទៅបាត់អស់ សមត្ថកិច្ចបានស្ទូចរថយន្តនោះយកទៅរក្សាទុកនៅខណ្ឌ៧មករាដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ