រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បើករឺុម៉កម៉ូតូ មួយគ្រឿងយ៉ាងលឿន និងរេចង្កូតពេញផ្លូវ លុះមកដល់កន្លែងកើតហេតុក៏ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹង បណ្តាលឱ្យបាក់១កង់ ហើយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចប្រចាំការនៅទីនោះស្ទាក់ចាប់បានភ្លាមៗ កាលពីវេលាម៉ោង១០និង៣៥នាទី យប់ថ្ងៃទី១៣ កញ្ញា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោមស្ពានអាកាស៧មករា ។ បុរសស្រវឹងបើករ៉ឺុម៉កម៉ូតូនោះឈ្មោះ កាម ក្រង់ អាយុ៣៦ឆ្នាំ ជាអ្នករត់ឌុប ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមសម្តីលលោក ហឿង វឿន នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរឺុម៉កម៉ូតូ ពណ៌ក្រហម មួយគ្រឿង បើកបរដោយបុរសស្រវឹងម្នាក់ឈ្មោះកាម ក្រង់ អាយុ៣៦ឆ្នាំ បើកយ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ផ្លូវលេខ២៧១ ក្រោមស្ពានអាកាស៧មករា ក៏រេចង្កូតទៅបុកក្បាលព្រួញចំពីមុខពេញទំហឹងបណ្តាលឱ្យបាក់១កង់ ។
ឃើញដូចនោះបុរសស្រវឹងជោក បានបើករឺុម៉កម៉ូតូព្យាយាមបើករត់ក៏ត្រូវប៉ូលិសចរាចរដែលឈរប្រចាំការក្រោមស្ពានអាកាស៧មករា ឃាត់បានភ្លាមៗដែរ ។ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានចុះទៅវាស់វែងនិងយករឺុម៉កម៉ូតូនោះទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ