សារព័ត៌មានឆៃណាដេលី ផ្សាយឱ្យដឹងថា សមត្ថកិច្ចប៉ូលិសម៉ាឡេស៊ីបានបិទទីតាំងលាងរថយន្តមួយក្នុងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី១២ កញ្ញា ដោយសារឃោសនាថាចូលលាងរថយន្តចំនួន៩លើកនឹងបានទទួលការរួមរ័កដោយឥតគិតថ្លៃជាមួយស្ត្រីម៉ាស្សាដែលបើកហាងនៅក្បែរនោះ ។
កន្លែងលាងរថយន្តនោះ មានទីតាំងស្ថិតនៅតំបន់សាន់វេមេនតារី ក្នុងរដ្ឋធានីរបស់ម៉ាឡេស៊ីបានបើកអស់រយៈពេល៣ខែកន្លងមកហើយ។ វេបសាយម៉ាឡេម៉េលបញ្ជាក់ថា ម្ចាស់ទីតាំងលាងរថយន្ត និងម្ចាស់ហាងម៉ាស្សាមានល្បិចកលទាក់ទាញអតិថិជនដោយឃោសនាផ្តល់ការរួមរ័កដោយឥតគិតថ្លៃជាថ្នូរនឹងការលាងរថយន្តចំនួន៩លើក ។
រឿងរ៉ាវនោះបានបែកធ្លាយដល់សមត្ថកិច្ចប៉ូលិស ហើយទៅឆែកឆេរក្នុងហាងម៉ាស្សាប្រទះឃើញប័ណ្ណសន្សំបោះត្រាពីទីតាំងលាងរថយន្តរបស់អតិថិជនជាច្រើននាក់។ លោកអេមមី សា ហ្វាតហ៊ីល ប៉ូលិសម៉ាឡេស៊ីនិយាយថា កន្លែងលាងរថយន្តបែបនោះគេបង្កើតឡើងដោយនឹកស្មានមិនដល់ ។
ប៉ូលិសជំនាញបញ្ជាក់ថា«ពេលចូលត្រួតពិនិត្យហាងម៉ាស្សានោះឃើញអតិថិជនចំនួន៥នាក់កំពុងរួមភេទជាមួយនារីម៉ាស្សាបន្ទាប់ពីបានចូលលាងរថយន្តចំនួន៩លើក» ។លោកហ្វាតហ៊ីលឱ្យដឹងពីលក្ខខណ្ឌដែលហាងកំណត់ថា «ដើម្បីបានទទួលសិទ្ធិពិសេស អតិថិជនត្រូវយករថយន្តទៅលាងឱ្យបាន៩លើកក្នុងអំឡុងពេលកំណត់ នឹងមានសិទ្ធិរួមរ័កដោយឥតគិតថ្លៃ» ។
នៅប្រទេសម៉ាឡេស៊ី របររកស៊ីផ្លូវភេទជារឿងខុសច្បាប់ ។ នៅពេលត្រួតពិនិត្យហាងម៉ាស្សានោះសមត្ថកិច្ចប្រទះឃើញស្ត្រីលាក់ខ្លួនសម្រាប់បំរើផ្លូវភេទជនជាតិវៀតណាមចំនួន៩នាក់ មានអាយុពី១៨ដល់២៨ឆ្នាំ ហើយពួកគេទាំងអស់ត្រូវបានចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ