រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូកង់៣មួយគ្រឿងដោយសារតែអ្នកបើកបរស្រវឹងបានបោះពួយជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យទ្រេតអស់ចំនួន៥ផ្ទាំង ឯរ៉ឺម៉កម៉ូតូនោះក្រឡាប់ផ្ងារជើងទ្រមេឃប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យអ្នកបើកបររងរបួសទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១២ កញ្ញា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុច ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូសណ្តោងរ៉ឺម៉កនោះម៉ាកយ៉ាម៉ាហាហ្វ្រេសពណ៌ក្រហម ឯអ្នកបើកបរស្រវឹងជោកជាំមិនត្រូវបានគេស្គាល់ឈ្មោះនោះទេហើយក្រោយពេលកើតហេតុត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញៗដើម្បីចាត់ការបន្ត ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើរ៉ឺម៉កម៉ូតូមួយគ្រឿងនោះបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿននិងមានស្ថានភាពរេចុះឡើងៗពេញផ្លូវ ក៏បានជ្រុលទៅបុករនាំងដែកនោះពេញទំហឹងតែម្តង ។ សំណាងល្អពេលនោះមិនមានយានយន្តបើកបរតាមដងផ្លូវហើយរ៉ឺម៉កនោះក៏ជិះតែម្នាក់ឯងទៀត ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ ។ ក្រោយពេលកើតហេតុគេបានឃើញរ៉ឺម៉កម៉ូតូនេះក្រឡាប់ផ្ងារជើងទ្រមេឃ ឯអ្នកបើកបរមិនរងរបួសនោះទេ ប៉ុន្តែស្រវឹងឈរមិនចង់ហ្នឹង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុមានប៉ូលិសតែម្នាក់ប៉ុណ្ណោះដែលទៅដល់មុនគេ ខណៈនោះមានអ្នករត់ម៉ូតូកង់បី២-៣នាក់ទៀតបម្រុងជួយសណ្តោងយករ៉ឺម៉កនោះចេញពីកន្លែងកើតហេតុមិនចង់ទទួលខុសត្រូវលើការខូចខាតសម្បត្តិរដ្ឋឡើយ ។ ប៉ុន្តែត្រូវបានប៉ូលិសខាងលើឃាត់មិនឱ្យយកចេញ បន្ទាប់មកបានហៅកម្លាំងប៉ូលិសទៅបន្ថែមទៀតទើបអ្នកបើកបររួមទាំងរ៉ឺម៉កម៉ូតូនោះត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ