រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្រពណ៌សមួយគ្រឿង បានបើកបុកគ្នាជាមួយម៉ូតូគុបស្ទាំង ពណ៌សណ្តែកបាយ ចំពីមុខពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរបួសបាក់ជើងស្តាំ ហើយរថយន្តប្រុងបើករត់ តែប្រជាពលរដ្ឋនាំគ្នាចាប់ជាប់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១២ កញ្ញា តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ២០២ ក្នុងមណ្ឌល៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តតាក់ស៊ីម៉ែត្រ ពណ៌ស បើកតាមមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង ចំណែកម៉ូតូគុបស្ទាំង ពណ៌សណ្តែកបាយ ជិះតាមផ្លូវលេខ២០២ ពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូជិះឆ្លងផ្លូវជិតផុតហើយ ស្រាប់តែរថយន្តតាក់ស៊ីខាងលើទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូដួលបាក់ជើងស្តាំចេញឆ្អឹង ។ បន្ទាប់ពីបុកហើយ រថយន្តបង្កនោះប្រុងបើករត់គេច តែត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាឃាត់ប្រគល់ឲ្យសមត្ថកិច្ច ។
ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះស ឃឹម អាយុ៥០ឆ្នាំ ជាមេការសំណង់ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែករថយន្តខាងលើមានក្រុមហ៊ុនធានារ៉ាប់រងជាអ្នកដោះស្រាយ ត្រូវបានប៉ូលិសនាំយកទាំងម៉ូតូ និងរថយន្តនោះទៅរក្សាទុកនៅខណ្ឌទួលគោក ដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ