រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដួលបោកក្បាលបែកមុខបែកមាត់សន្លប់ និងម្នាក់ទៀតរលាត់ដៃ ខណៈពួកគេជិះម៉ូតូចេញពីក្លិបផឹកស៊ីហើយបើកវ៉ារថយន្តនៅចំណុចផ្លូវកែវវាក់នឹងរបាំងថ្មចែកផ្លូវក៏ចាប់ហ្វ្រាំងបង្ខំបណ្តាលឱ្យដួលបោកនឹងរបាំងថ្ម កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ កញ្ញា តាមមហាវិថីម៉ៅសេទុង កែវផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
អ្នកបើកម៉ូតូដួលបោកក្បាលសន្លប់ឈ្មោះ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅម្តុំផ្សារព្រែកព្នៅ ខណ្ឌសែនសុខ ។ ចំណែកអ្នកជិះពីក្រោយនិងជាម្ចាស់ម៉ូតូឈ្មោះ សួន សុភារុន ភេទប្រុស អាយុ២៤ ស្នាក់នៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ របួសរលាត់ដៃជើង ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុពួកគេនិងមិត្តភក្តិមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ និងសេ១២៥ ទៅផឹកស៊ី នៅក្លិបមួយម្តុំបឹងត្របែក ខណ្ឌចំការមន ។ រហូតដល់ម៉ោងខាងលើពួកគេបានចេញពីក្លិបជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈនោះពួកខ្លួនជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ តាមផ្លូវទេពផន ពីលិចទៅកើត បត់ឆ្វេងតាមមហាវិថីម៉ៅសេទុង ដោយជិះវ៉ារថយន្តមួយគ្រឿងទៀតផងក៏វាក់នឹងរបាំងថ្ម ពុះចែកផ្លូវក៏ជាន់ហ្រ្វាំងបង្ខំបណ្តាលឱ្យដួលបោកក្បាលនឹងរបាំងថ្មពុះចែកផ្លូវបែកមុខបែកមាត់សន្លប់ ចំណែកអ្នកជិះពីក្រោយរលាត់ដៃជើងតិចតួច ។
ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវម្ចាស់ម៉ូតូជិះទៅមើលជនរងគ្រោះនៅគ្លីនិកតាមក្រោយ ៕
ចែករំលែកព័តមាននេះ