ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​តាំង​​​​ធ្វើ​​​​ទូក​.ង​​​បាត់​​ពី​ខេត្ត​​​ព្រះ​​វិហារ​ ម​ក​បង្ហាញ​ខ្លួន​​​នៅ​​ខេត្ត​កំពង់​ធំ​​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​​ ​៖ មេ​ជាង​​ធ្វើ​ទូក​.ង​​ម្នាក់​ ឈ្មោះ​​​កេ​ត​ ​ផល ​(​ហៅ​ចូ​ច​) ​រស់នៅ​ភូមិ​ស្លែង​​ ឃុំ​ក្ដី​ដូង​​ ​ស្រុក​កំពង់ស្វាយ​​ ​ខេត្ដកំពង់ធំ​ ជា​អ្នក​ប្រកប​របរ​​ធ្វើ​ទូក​.​ង​ បច្ចុប្បន្ន​ក្រុម​របស់​គាត់​មាន​គ្នា​ជាង​១០​នាក់​​ កំពុង​តែ​ធ្វើ​ទូក​នៅ​ក្នុង​បរិវេណ វិទ្យាស្ថាន​អភិវឌ្ឍ​ន៏​ប្រជា​ពលករ​ ស្ថិត​ក្នុងភូមិ ក្រចាប់​ សង្កាត់​អាចា​រ្យ​​លាក់​ ក្រុង​ស្ទឹង​សែន បានឱ្យ​ដឹង​ថា​ ​រូប​គាត់​ជា​អ្នកម៉ៅការ​ធ្វើ​ទូក.ង​ ក្នុង​ទូកង​​និ​មួយ​ៗ​«​ខ្នាត​វែង» ​មាន​បណ្ដោយ​ប្រវែង​ពី​៣៤ម៉ែត្រ​​ ៣៤,៥​ម៉ែត្រ​ និង​៣៥​ម៉ែត្រ

ខេត្ត​កំពង់​ធំ​​ ​៖ មេ​ជាង​​ធ្វើ​ទូក​.ង​​ម្នាក់​ ឈ្មោះ​​​កេ​ត​ ​ផល ​(​ហៅ​ចូ​ច​) ​រស់នៅ​ភូមិ​ស្លែង​​ ឃុំ​ក្ដី​ដូង​​ ​ស្រុក​កំពង់ស្វាយ​​ ​ខេត្ដកំពង់ធំ​ ជា​អ្នក​ប្រកប​របរ​​ធ្វើ​ទូក​.​ង​ បច្ចុប្បន្ន​ក្រុម​របស់​គាត់​មាន​គ្នា​ជាង​១០​នាក់​​ កំពុង​តែ​ធ្វើ​ទូក​នៅ​ក្នុង​បរិវេណ វិទ្យាស្ថាន​អភិវឌ្ឍ​ន៏​ប្រជា​ពលករ​ ស្ថិត​ក្នុងភូមិ ក្រចាប់​ សង្កាត់​អាចា​រ្យ​​លាក់​ ក្រុង​ស្ទឹង​សែន បានឱ្យ​ដឹង​ថា​ ​រូប​គាត់​ជា​អ្នកម៉ៅការ​ធ្វើ​ទូក.ង​ ក្នុង​ទូកង​​និ​មួយ​ៗ​«​ខ្នាត​វែង» ​មាន​បណ្ដោយ​ប្រវែង​ពី​៣៤ម៉ែត្រ​​ ៣៤,៥​ម៉ែត្រ​ និង​៣៥​ម៉ែត្រ ។​ រីឯ​ថ្លៃ​ឈ្នួល​ធ្វើ​ទូក​វិញ​នោះ​ ទូក​មួយ​ចាប់​​ពី​​៣.០០០​ដុល្លា​ ទៅ​៣.៥០០​ដុល្លា​អា​មេ​រិក​​ ដោយ​ប្រើ​រយៈពេល​ចាប់ពី​​២​ខែ​​ទៅ​៣​ខែ ​ទើប​ធ្វើ​ហើយ​ទូក.ង​​មួយ​គ្រឿង​ ។ ​គាត់​និយាយ​​​ថា​​នៅ​ក្នុង​កន្លែង​ធ្វើ​រាល់​ថ្ងៃនេះ​មាន​ទូក.ង​ចំនួន​៤​គ្រឿង​​ ធ្វើ​រួច​ហើយ​បាន​ចំនួន​២​គ្រឿង​ ពុំ​ទាន់​បាន​លាបថ្នាំ​ វាយ​​ពណ៌​នៅឡើយ​ទេ​ ។ ចំណែក​២​ទៀត​កំពុង​តែ​សម្រុក​​ធ្វើ​បន្ដ​ដើម្បី​ឱ្យទាន់​រដូវ​បុណ្យ​អំ​ទូកខាង​មុខ​នេះ​ ។

លោក​កេ​ត​ ផល​ មេ​ជាង​​ទូក​.ង​​និយាយ​​ថា ​ទូក​ទាំង​៤​គ្រឿង​នេះ​ ទី​១-​ ជា​របស់​លោក​ងួ​ន ញ៉ិល​ អនុប្រធាន​ទី​១​រដ្ឋសភា​ សម្រាប់​​​ដាក់​វត្ដ​ក្ដី​សែន​ ​(​ហៅ​សែន​សេរី​)​ ទី​២- របស់​លោក​ឧកញ៉ា ម៉ៅ​ ភា​រុន​​​ នៅ​ខេត្ត​កំពង់ចាម​​​ ទី​៣​- បេស់​លោក ឧកញ៉ា​ អិុ​ន​ សៀ​ នៅ​ខេត្ត​​​កំពង់ចាម​​​ និង​ទី​៤-​ ជា​របស់​លោក​ឧកញ៉ា​សុខ​ គង់ ​។ ជាង​ផល​​រៀប​រាប់​ថា ​គាត់​គ្រាន់តែ​ជា​អ្នក​ធ្វើ​ទេ​​ បើ​ចង់​ដឹង​ច្បាស់ ឱ្យទៅ​ជួប​លោក​ ជា ​ជាតិ​ និង​​លោកស្រី សុផល ព្រោះ​ពួក​គាត់​ទាំង​២​នាក់​ជា​អ្នក​ឱ្យ​រូប​​​គាត់​ធ្វើ​ទូក​នេះ​​ ។

ជូ​ប​ជាមួយ​លោក​ជា​ ជាតិ​ ទីប្រឹក្សា​លោក បណ្ឌិត​​ងួ​ន​​ ញ៉ិល​ និង​​ជា​ប្រធាន​មន្ទីរ​​សង្គមកិច្ច​ខេត្ដ​ កាលពី​ថ្ងៃ​ទី​​៣​ ខែ​កញ្ញា​​ ឆ្នាំ​២០១២ លោក​មាន​ប្រសា​ស​ន៍​ថា​ ចំពោះ​ទូក.ង​​នេះ ​លោក​ដឹង​តែ​២​ទេ​ ដែល​លោក​ទទួល​មើល​ការ​ខុស​ត្រូវ​បន្ទុក​បណ្ដាក់​ពី​ថ្នាក់លើ​ ទី​១​- គឺ​ទូក​លោក បណ្ឌិត​ងួ​ន​ ញ៉ិល​ និង​ទី២-​គឺ​ទូ​ក​លោក​ ហ៊ុន​ ណេ​ង​ ។​ លោក​បន្ដ​​ទៀត​ថា​ ឈើ​ដែល​ដឹក​មក​ធ្វើ​ទូក.ង​​នេះ​​ គឺ​ដឹក​មក​ពី​ខេត្ដព្រះវិហារ​ ជាប់​​​ទល់ដែន​ប្រទេស​ឡាវ​​ ។ ក្នុង​ទូក​២​គ្រឿង​ត្រូវ​ចំណាយ​ឈើ​ដើម​គគីរ​ បើ​ឈើ​ល្អ​អស់​៣​ដើម​ បើ​ចំ​ឈើ​អន់​ខ្លះ​ៗ​វិញ​នោះ​ត្រូវ​ចំណាយ​ដល់​ទៅ​៤​ដើម​ ទើប​ធ្វើ​បាន​ទួ​ក.ង​២​​គ្រឿង​ ។ ចំណែក​តម្លៃ​​ទូក.ង​វិញ​មានច្បាប់​ និង​មាន​ឈើ​ដឹក​ដល់​កន្លែង​ស្រាប់​ឈ្នួល​ជាង​អស់​ជាង​៣​ពាន់​ដុល្លារ​ ​។​ តែបើ​មានច្បាប់​​​ ប្រគល់​ច្បាប់​ឱ្យ​គេ​យក​ទៅ​ដឹកឈើ​មក​ធ្វើ​ម៉ា​រួច​ គិត​ទាំង​ច្រ​វ៉ា​មាន​ចំនួន​៨០​ច្រ​វ៉ា​ ក្នុង​១​ទូក​តម្លៃ​ប្រ​ហែល​១​ម៉ឺន​៣​ពាន់​ដុល្លា សម្រាប់​​ទូក.ង​មួយ​គ្រឿង​ ។​ ​លោក​ជា​ ជាតិ ​និយាយ​​ថា ចំណែក​ទូក.ង​​២​គ្រឿង​ទៀត​ ជា​របស់​ខាង​ណា​ពិតប្រាកដ​លោក​ពុំ​បានដឹង​ច្បាស់​ទេ​​ ទាល់តែ​សួរ​ទៅ​លោក​ស្រី​ សុផល​ អនុប្រធាន​មន្ទីរ​សាធារណ​ការ​ខេត្ដ​បានដឹង​ ព្រោះ​គាត់​បាន​សុំ​ដីវិទ្យាស្ថាន​អភិវឌ្ឍ​ន៍​ប្រជា​ពលករ​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ដើម្បី​ឱ្យ​ជាង​ធ្វើ​ទាំងអស់​គ្នា​ ។​ ជួប​ជាមួយ​លោក​ ស្រី​ សុផល​ តាម​ទូរស័ព្ទ​ លោក​ប្រាប់​មក​វិញ​ថា​ រូប​លោក​ទទួល​មើល​​ការ​ខុស​ត្រូវ​ទូក​២​គ្រឿង​ជាមួយ​លោកជា​ ជាតិ​ ចំពោះ​ទូក.ង​ដទៃ​ទៀត​ លោក​ពុំ​បានដឹង​ព័​​ត៌​មាន​ច្បាស់លាស់​ទេ​​ ។

ជុំវិញ​បញ្ហា​ធ្វើ​ទូក.ង​​ខាងលើ​នេះ​ហាក់​បីដូច​​ជា​​​ឆ្លើយ​យក​រួច​តែ​ខ្លួន​រៀង​ៗ​ខ្លួន ​ក្នុង​នាម​ជា​​ម្ចាស់​ទី​តាំង​​​អនុញ្ញាត​​ឱ្យ​ជាង​មក​ធ្វើ​ទូក.ង​​ឱ្យ​​នៅ​ក្នុង​វិទ្យាស្ថាន​របស់​ខ្លួន​គ្រប់គ្រង​​ ដឹង​តែ​ទូក​២​ជា​របស់​ខ្លួនឯង​មើល​ការ​ខុស​ត្រូវ​​​ ។ ចំណែក​ទូក.ង​​២​គ្រឿង​ទៀត​​ មិនដឹង​ជា​របស់​អស់​លោក​ខាង​ណា​ពិតប្រាកដ​ទេ​​ ចេះ​តែ​ឆ្លើយ​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ​​យក​រួច​តែ​ខ្លួន​យ៉ាង​ដូច្នេះ​​ធ្វើ​​​ឱ្យ​​មាន​​មតិ​រិះ​​គន់​ថា​ តើ​សម​ទេ? តាំងខ្លួន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ ជា​មុខ​ ជា​មាត់​របស់​ថ្នាក់លើ​ ឱ្យ​ជាង​ធ្វើ​ទូក​​ជាមួយ​គ្នា​ដឹង​តែ​២​គ្រឿង​ ឯ​២​គ្រឿង​ទៀត​ឆ្លើយ​ដាក់​គ្នា​​ទៅ​វិញ​​ ទៅ​មក​​ ។

​គួ​រ​កត់ស​ម្គាល់​​ថា ​ទូក​​.ង​​ដែល​ធ្លាប់​តែ​​ធ្វើ​នៅ​ក្នុង​​​​ក្រុង​ព្រះ​វិហារ​​ប្រមាណ​​១០​ឆ្នាំ​មក​ហើយ​ កាល​​​លោក​ប៉ុល ​ខាំ​​ណា​រ៉េ ​នៅ​ធ្វើ​​ជា​ប្រធាន​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ខេត្ត​ ​។ សម័យ​​​ជាង​​១០​ឆ្នាំ​​កន្លង​មក​​នេះ​​ នៅ​ក្រុង​ព្រះ​វិហារ​​មិន​ត្រឹម​តែ​ធ្វើ​​ទូក​.ង​ទេ ​គេ​ថែមទាំង​​ធ្វើ​ទូក​​​ប៉ុក​​ចាយ​​ធំៗ​​ដែល​ក្រោយ​​ពី​ធ្វើ​រួច​​ត្រូវ​គេ​​ដឹង​ថា ទូក​​ប៉ុក​ចាយ​​ទាំង​នោះ​​ផ្ទុក​​ឈើ​​ពេញ​ ហើយ​​ចេញ​​ដំណើរ​ទៅ​​នៅ​ស្រុក​​​យួន​យ៉ាង​​​រំភើប​​​ក្នុង​រដូវ​​ទឹក​ឡើង​ ។ ​ក្រោយ​ពេល​លោក​​​ប៉ុល ខាំ​​ណា​រ៉េ ​ចូល​និវត្តន៍​​ទៅ ការ​ដ្ឋាន​​ធ្វើ​ទូក​.ង​​​​ ទូក​​ប៉ុក​ចាយ ​និង​ទូក​​តូចៗ​​ផ្សេង​​ៗ​ទៀត​​ក៏​ចូល​និវត្តន៍​​តាម​ដែរ ។ ​ក្រោយ​បន្តិ​ច​មក​​គេ​ឃើញ​​មាន​ការ​ដឹក​​​ជញ្ជូន​​ឈើ​​គគីរ​​មូល​ធំៗ​​​​​​​ ពី​ខេត្ត​​ព្រះ​វិហារ​​ឆ្ពោះ​​មក​បោះ​ទី​តាំង​​នៅ​ក្រុង​ស្ទឹង​សែន ​ខេត្ត​កំពង់​ធំវិញ​ម្តង ​ដូច​បាន​​រៀប​រាប់​​​ពី​ទី​តាំង​​ និង​សកម្ម​ភាព​​ខាង​លើ​នេះ ។

​មជ្ឈ​​ដ្ឋាន​​នានា​​និយាយ​ថា ​មួយ​​ឆ្នាំ​ៗ​​មាន​​ថ្នាក់​ឯក​ឧត្តម​​​ធំៗ​​​ខ្លះ ​​​និង​​ថ្នាក់​ឧក​ញ៉ា​​ខ្លះ​​បាន​ច្បាប់​​ធ្វើ​ទូក​​​.ង​​រហូត​ដល់​​បាន​ច្បាប់​ដឹក​ជញ្ជូន​​ឈើ​គគីរ​​ធំៗ​​​ទៀត​ផង​​ យក​មក​​ធ្វើ​យ៉ាង​​គគ្រឹក​គគ្រេង​ ។ ក្នុង​សកម្ម​ភាព​​នេះ មាន​​​គេ​​​និយាយ​តៗ​​គ្នា​​ថា​ ​បាន​ថ្នាក់​​លើ​ៗ​​មាន​ច្បាប់​​ឱ្យ​ធ្វើ​ទូក​.ង​ មិន​ត្រឹម​​តែ​ធ្វើ​​ទៅ​តាម​​ច្បាប់​នោះ​​ទេ​​ ថែម​ទាំងឆក់​ឱកាស​​​​ធ្វើ​ទូក.ង​​​លក់​​ជា​លក្ខណៈ​​អាជីវ​កម្ម​​ថែម​​​ទៀត​​បំផ្លាញ​​ឈើ​គគីរ​​​ចង់​អស់​​ពី​ព្រៃ​ខេត្ត​​​ព្រះ​វិហារ​ ដែល​​គេ​​និយាយ​​ថា​​«បាន​កន្ទេល​​ធំ​​បន្លំ​ដេក​​​ជាមួយ» និង​​ដេក​ជាមួយ​​​​រាប់​​ឆ្នាំ​ទៀត​​ផង​ ។

អ្នក​វិភាគ​​និយាយ​ថា ​ទូក​​.ង​​មួយ​គ្រឿង​​​ៗ​ ទោះ​​ជា​របស់​​អ្នក​ណា​ក៏​ដោយ​ ​ក្រោយ​ពេល​​ធ្វើ​រួច​​បាន​ក្លាយ​​ជា​សម្បត្តិ​​របស់​វត្ត​​អារាម​ ឬ​ជា​​​គរុ​ភ័ណ្ឌ​​ ដែល​​ជា​ប្រការ​មួយ​​គួរ​ឱ្យ​រីក​រាយ​​​​ទទួល​យក​​ និង​​គួរ​​តែ​គាំ​ទ្រ ។ ​ប៉ុន្តែ​​ប្រសិ​ន​បើ​​ទូក​​​.ង​​​​មួយ​ចំនួន​​​ធំ​​​ក្លាយ​ជា​​​មុខ​របរ​​​ជួញ​ដូរ​​​របស់​​ឈ្មួញ​​​ឆ្លៀត​​​​​​​​​​​​​​ឱកាស​​ គឺ​អាច​​ជា​​អំពើ​ទុច្ច​​រិត​​ដែល​គួរ​​តែ​ទប់​ស្កាត់​ ​ពុំ​នោះ​​សោត​​​ទេ ឈើ​គគីរ​​មូល​ធំៗ​​ដែល​នៅ​សេស​សល់​​តិច​តួច​​ក្នុង​ខេត្ត​ព្រះ​វិហារ​ នឹង​​រលាយ​​ហិន​ហោច​​ដោយ​ស្នា​ដៃ​​​​​​​​ឈ្មួញ​​​​​«បន្លំ​​ដេក​​»​ជា​មួយ​«កន្ទេ​ល​ធំ​»​​មិន​ខាន​ឡើយ ។

​លោក​​ឆេញ​​​​ សេង ​នាយផ្នែក​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ត្បែង​​មាន​ជ័យ​​បាន​បញ្ជាក់​​ប្រាប់​​​កោះ​សន្តិ​ភាព​​ថា​ការ​​ដឹក​​​ជញ្ជូន​​ឈើ​​​ហុប​មូល​​ចេញ​ពី​ខេត្ត​​ព្រះ​វិហារ​​​ហូរ​ហែ​​ក្នុង​ដើម​ឆ្នាំ​​​២០១២​​នេះ​ ដោយ​យោង​​​​ការ​ស្នើ​សុំ​​ពី​សំណាក់​​ឥស្ស​រៈជន​​ខ្លះៗ​​យក​ទៅ​ផលិត​​ទូក​.ង​​នៅ​តាម​​បណ្តា​វត្ត​ ​ដើម្បី​ត្រៀម​​ប្រណាំង​​ក្នុ​ង​ពិធី​​​បុណ្យ​​អុំ​​ទូក​​​ឆ្នាំ​​​២០១២​នេះ ។​​

​ប្រភព​​មួយ​ទៀត​​សុំ​មិន​បញ្ចេញ​​ឈ្មោះ​និយាយ​​​ថា​​ នៅ​ដើម​ឆ្នាំ​​២០១២​​នេះ​ ឈើ​​គគីរ​​មូល​ប្រភេទ​​លេខ​​១ ​ត្រូវ​បាន​​គេ​កាប់​​ពី​ក្នុង​​​ព្រៃ​ និង​​ដឹក​ចេញ​​​ពី​ខេត្ត​​ព្រះ​វិហារ​​មាន​ប្រមាណ​​១៨​ដើម​ ហើយ​​​សម្រាប់​ធ្វើ​​ទូក​​.ង​​​ ៕​​​​