ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធ្ងន់ម៉ាកអីុស៊ុយហ្សុ៊យមួយគ្រឿងដឹកជីចំនួន៤៤៤ការុងពីភ្នំពេញទៅប៉ោយប៉ែតបានបើកទៅបុកគូទរថយន្តតាក់ស៊ីម៉ាកកាមរីគូទស្វិតក្រពឹតខ្ទេចមួយចំហៀងខាងស្តាំរួច អីុស៊ុយហ្សុ៊យខ្លួនឯងបានប្រឡាប់ប្រះដេកនៅក្នុងទឹកស្រែ បណ្តាលឱ្យខូចខាតជីអស់ជាច្រើន កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ១០ កញ្ញា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ៍ ក្នុងភូមិសាស្ត្រ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ប៉ុន្តែសំណាងល្អមិនមាននរណារងរបួសនោះឡើយ ។
បុរសអ្នកបើករថយន្តតាក់ស៊ីម៉ាកកាមរីគូទស្វិតពណ៌ក្រហមបាននិយាយថា មុនពេលកើតហេតុគាត់បានដឹកម៉ូយពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង មានអ្នកជិះទាំងអស់៤នាក់ ។ ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តម៉ាកអីុស៊ុយហ្សុ៊យបើកមកបុកនិងកៀររថយន្តគាត់ពីក្រោយ បណ្តាលឱ្យវិល២-៣ត្រឡប់ រួចរថយន្តបង្កនោះក្រឡាប់ចូលស្រែខ្លួនឯងតែម្តង ។ បុរសរូបនោះបាននិយាយថា រថយន្តនោះបើកក្នុងល្បឿនលឿនពេក ទើបជ្រុលមកបុករថយន្តគាត់ពីក្រោយបែបនេះ ។
ចំណែកអ្នកបើករថយន្តដឹកជីបាននិយាយថា រថយន្តតាក់ស៊ីបានវ៉ារថយន្តរបស់ខ្លួនផុតទៅមុខហើយវាក់រថយន្តនៅខាងមុខមួយគ្រឿងទៀតក៏បន្ថយល្បឿនក៏ត្រូវរថយន្តខ្លួនបុកពីក្រោយតែម្តង ។ បុរសខាងលើឱ្យដឹងទៀតថា គ្រោះថ្នាក់នេះខ្លួនត្រូវសងថ្លៃជីគេចំនួន២ពាន់ដុល្លារ នៅថ្លៃរថយន្តទៀតមិនដឹងត្រូវអស់ប៉ុន្មាននោះទេ ៕
ចែករំលែកព័តមាននេះ