រាជធានីភ្នំពេញ ៖ បន្ទាប់ពីចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាមហាជនភូមិភាគមណ្ឌលភ្នំពេញ ទទួលចំណាត់ថ្នាក់លេខ១ ក្នុងវិញ្ញាសាដើរ១០គីឡូម៉ែត្របុរស កាលពីខែសីហា កន្លងទៅ លោកសាត សំអឿន ដែលជាជើងខ្លាំងខាងវិញ្ញាសានេះបានធ្វើឱ្យមជ្ឈដ្ឋានមហាជនកោតសរសើរចំពោះទេពកោសល្យរបស់លោកយ៉ាងខ្លាំង។ ក្នុងសភាពជោកជាំដោយជ័យជម្នះរាប់មិនអស់នេះ កីឡាកររូបនេះបែរជារំលេចមហិច្ឆតាចង់ចេញប្រកួតនៅលើឆាកអន្តរជាតិដើម្បីបង្កើតប្រវត្តិសាស្ត្រសម្រាប់កម្ពុជាបន្ថែមទៀត ។
លោកសាត សំអឿន គឺជាកីឡាករល្បីឈ្មោះខាងដើរប្រណាំងរបៀបកាច់ចង្កេះ ។ អ្នកនិយមតាមដានវិស័យកីឡាបានលើកឡើងថា លោកសាត សំអឿន ដ្បិតតែមានវ័យចំណាស់បន្តិចមែន តែលោកគឺជាកីឡាករឆ្នើមមួយរូបដែលមានស្នាដៃគ្រប់ការប្រកួតក្នុងស្រុកមិនធម្មតាឡើយ សម្រាប់វិញ្ញាសាដើរប្រណាំងរបៀបកាច់ចង្កេះមួយនេះ ។ អ្វីដែលគួរកត់សម្គាល់ គឺលោកត្រូវគេមើលឃើញថា មានទេពកោសល្យគ្មានគូប្រៀប បើទោះជាមានកីឡាករ កីឡាការិនី ផ្នែកនេះផុសឡើងដូចផ្សិតក៏ដោយ ។ លោកសាត សំអឿន ដែលមានអាយុ៤២ឆ្នាំ បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ពីដំបូងលោកគ្រាន់តែចូលប្រឡូកក្នុងអាជីពកីឡារត់ម៉ារ៉ាតុងប៉ុណ្ណោះ កាលពីអំឡុងឆ្នាំ២០០០ ។ លុះដល់ឆ្នាំ២០០៥ លោកបានជាប់ជាជម្រើសជាតិផ្នែកម៉ារ៉ាតុង និងជាប់ចំណាត់ថ្នាក់លេខ២ពីរឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ២០០៦ ប៉ុន្តែដោយសារតែលោកហ្វឹកហាត់វិញ្ញាសានេះមិនបានជាប់លាប់ទើបធ្លាក់សមត្ថភាពហើយសម្រេចចិត្តប្តូរមកលេងវិញ្ញាសាដើរប្រណាំងរបៀបកាច់ចង្កេះក្នុងឆ្នាំ២០០៧ វិញនៅពេលឃើញវិញ្ញាសានេះរីកចម្រើននៅស្រុកខ្មែរ ។
លោកចេញប្រកួតក្នុងវិញ្ញាសានេះក្នុងរយៈចម្ងាយ១០គីឡូម៉ែត្រដោយបានទទួលជ័យលាភីលេខ១ ច្រើនឆ្នាំមកហើយទើបមជ្ឈដ្ឋាននានាស្គាល់រូបលោកកាន់តែច្រើន។ ទោះយ៉ាងណា លោកមិនដែលបានតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេសឡើយ បើទោះជាកីឡាប្រភេទនេះមានការរីកដុះដាលខ្លាំងនៅលើឆាកអន្តរជាតិក៏ដោយ ។ប្រធានសហព័ន្ធកីឡានេះ មិនអាចទាក់ទងសុំការបំភ្លឺពាក់ព័ន្ធនឹងគម្រោងបញ្ជូនកីឡាករឆ្នើមផ្នែកនេះឱ្យចេញប្រកួតក្រៅស្រុកបានទេ ដោយសារតែទូរស័ព្ទចូលហើយមិនមានអ្នកលើក ។ ប៉ុន្តែបើតាមការបញ្ជាក់ពីលោកសាត សំអឿន ឱ្យដឹងថា មូលហេតុនេះ គឺបណ្តាលមកពីកីឡាករជម្រើសជាតិរបស់កម្ពុជាខាងផ្នែកនេះនៅមិនទាន់មានលទ្ធភាពចេញប្រកួតប្រជែងជាមួយជើងខ្លាំងនៅតាមបណ្តាប្រទេសនានាបាន ។
ខាងសហព័ន្ធបានប្រាប់ថា ហេតុផលមួយគឺមិនទុកចិត្តចំពោះម្ចាស់ជើងឯកផ្នែកកីឡាមួយនេះ និងទី២ គឺមិនទាន់មានលទ្ធភាពបញ្ជូនចេញ ។ លោកនិយាយថា សព្វថ្ងៃខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនតែវិញ្ញាសាដែលគិតថា ចេញទៅហើយអាចដណ្តើមបានជោគជ័យជូនជាតិតែប៉ុណ្ណោះ ចំណែកវិញ្ញាសាដទៃទៀត ពិសេសគឺផ្នែកដើរប្រណាំងរបៀបកាច់ចង្កេះនេះ មិនស្ថិតក្នុងគម្រោងបញ្ជូនចេញទេ ។ ទោះយ៉ាងណា លោកនៅតែចង់តំណាងឱ្យប្រទេសចេញទៅប្រកួតនៅលើឆាកអន្តរជាតិដើមុ្បីទទួលបានបទពិសោធន៍ខ្លះពីការចូលរួមប្រកួតនោះ បើទោះជាលោកដែលជាម្ចាស់ជើងឯកផ្នែកនេះតាំងពីឆ្នាំ២០០៧ មិនទាន់មើលឃើញថាឈ្នះពេលចេញប្រកួតនៅលើឆាកអន្តរជាតិក៏ដោយ ។ លោកសាត សំអឿន មានគម្រោងលាឈប់ពីអាជីពអត្តពលិកនេះ ប្រសិនបើលោកធ្លាក់ចំណាត់ថ្នាក់នោះ ។ លោកមានប្រសាសន៍ថា «វ័យរបស់ខ្ញុំកាន់តែចាស់អីុចឹងហើយទើបខ្ញុំគិតគិតថា បើក្មេងៗជំនាន់ក្រោយមានសមត្ថភាពល្អជាងខ្ញុំ គឺខ្ញុំនឹងប្តូរពីអាជីពជាកីឡាករទៅធ្វើជាគ្រូបង្វឹកវិញ» ។
លោកអះអាងថា លោកមានបំណងចេញប្រកួតនៅក្រៅប្រទេសដើម្បីដកស្រង់បទពិសោធន៍ពីគេមកកែលម្អខ្លួនឯង នៅពេលក្លាយខ្លួនជាគ្រូបង្វឹកនាពេលដ៏ខ្លីនោះប៉ុណ្ណោះ ។ ទោះជាក្នុងបែបផែនត្រូវបញ្ជូនលោក ឬជើងខ្លាំងវ័យក្មេងឱ្យចេញទៅប្រកួតនៅក្រៅស្រុក ឬយ៉ាងណា ក៏លោកនៅតែមានបំណងចង់ឱ្យវិញ្ញាសាកីឡាផ្នែកអត្តពលកម្មរបស់កម្ពុជាមានមុខនៅលើឆាកអន្តរជាតិដូចវិញ្ញាសាកីឡាដទៃទៀត ដែរ ៕
ចែករំលែកព័តមាននេះ