រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រពណ៌ក្រហមមួយគ្រឿងបានបើកបោះពួយបុករថយន្តម៉ាកវីស្តូពណ៌លឿងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យខ្ទេចមុខហើយហាយឡែនឌ័រជ្រុលចង្កូតទៅបុករថយន្តម៉ាកនីស្សាន់ពណ៌ខ្មៅមួយគ្រឿងទៀត កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី១២ កញ្ញា នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីមុខមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្នុងគ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តវីស្តូរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រពណ៌ក្រហមបើកបរដោយឈ្មោះ ហ៊ឹម សុភី ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅភូមិបុរី១០០ខ្នង ខណ្ឌសែនសុខ បានបុកជាមួយរថយន្តម៉ាកវីស្តូពណ៌លឿងបើកបរដោយឈ្មោះ លី ដាវីន ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅសង្កាត់វាលវង់ ក្រុងកំពង់ចាមបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ។
តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកហាយឡែនឌ័រពណ៌ក្រហមបានធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងត្រឡប់ទៅផ្ទះ ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុរថយន្តម៉ាកហាយឡែនឌ័របានបើកជ្រុលចូលចំណែកផ្លូវម្ខាងក៏បុករថយន្តម៉ាកវីស្តូពណ៌លឿងក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យរថយន្តវីស្តូរួញមុខ ខ្ទាតទៅចិញ្ចើមផ្លូវ ។ បន្ទាប់មករថយន្តហាយឡែនឌ័របានរេចង្កូតទៅខាងស្តាំដៃក៏ទៅបុករថយន្តម៉ាកនីស្សាន់ពណ៌ខ្មៅ១បាំងកន្លះមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នាដែរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តហាយឡែនឌ័រខ្ទេចមុខ ផ្ទុះពោងការពារសុវត្ថិភាពទាំង២ ។
រថយន្តទាំង៣ត្រូវប៉ូលិសចរាចរខណ្ឌទួលគោកចុះទៅវាស់វែង និងស្ទូចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ