រាជធានីភ្នំពេញ ៖ បង្គោលភ្លើងស្តុបមួយដើម ស្ថិតនៅកែងមហាវិថីព្រះនរោត្តម និងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ត្រូវរថយន្តមែរសឺដេស ពណ៌ខ្មៅ បើកដោយយុវជនស្ទាវបានចងកំហឹងបុកពេញទំហឹងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ កញ្ញា ២០១២ បណ្តាលឱ្យជ្រុះភ្លើងស្តុប និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ បើកដោយយុវជនស្ទាវ៣នាក់ក្នុងល្បឿនលឿនតាមបណ្តោយមហាវិថីព្រះនរោត្តមពីត្បូងទៅជើង លុះមកដល់កែងផ្លូវលេខ១៥៤ មុខរោងភាពយន្តលុច្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ស្រាប់តែរថយន្តបានចាក់គួរបត់ទៅលិចក៏ជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវបុកបង្គោលភ្លើងស្តុបពេញទំហឹង បណ្តាលឱ្យអំពូលភ្លើងស្តុបធ្លាក់មកលើដី ឯរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ និងផ្ទុះពោងការពារសុវត្ថិភាពទាំងពីរទៅមុខលែងរួច ។ ក្រោយពីចងកំហឹង នឹងបង្គោលភ្លើងស្តុបទៅមុខលែងរួចគេឃើញយុវជន៣នាក់បានបើកទ្វាររថយន្តចេញមកខាងក្រៅ ហើយមានយុវជនម្នាក់រងរបួសមុខទំនងជាបោកក្បាលនឹងកញ្ចក់រថយន្ត ព្រោះកញ្ចក់រថយន្តបានបែកស្រាំ ។ សាក្សីបាននិយាយថា ក្រុមយុវជនទាំងនោះស្ថិតក្នុងភាពស្រវឹង ។
ម្ចាស់រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះឈុន សុគន្ធារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅផ្ទះលេខ៥៨BEo ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប្រាប់ឱ្យដឹងថា មូលហេតុដែលឈានដល់ការបុកបង្គោលស្តុបនេះ បណ្តាលមកពីបើកគេចម៉ូតូមួយគ្រឿង ខណៈពេលរថយន្តបម្រុងនឹងបត់តាមផ្លូវលេខ១៥៤ ឆ្ពោះទៅលិច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ