រាជធានីភ្នំពេញ ៖ សវនាការលើសំណុំរឿងបង្កើតតំបន់អបគមន៍របស់លោកម៉ម សូណង់ដូ ដែលចាប់ផ្តើមតាំងពីព្រឹករហូតដល់ ល្ងាច ថ្ងៃទី១១ កញ្ញា ២០១២ នេះ មិនទាន់ឈានចូលដល់ទីបញ្ចប់ទេ បន្ទាប់ពីមានការចោទសួរយ៉ាងក្តៅគគុករួចមក គិតត្រឹមវេលាម៉ោង៥ និង៣០នាទីថ្ងៃដដែល ។
សវនាការសំណុំរឿងប៉ងបង្កើតតំបន់អបគមន៍ប្រឆាំងលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយក វិទ្យុសំបុកឃ្មុំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនៅព្រឹកថ្ងៃទី១១ កញ្ញា នេះហើយ ។ បើតាមអ្នក
ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅខណៈពេលនេះសមត្ថកិច្ចជាច្រើនរយនាក់ បាននិងកំពុងឃ្លំាមើល និងការពារ សុវត្ថិភាព នៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ហើយក៏មានការបិទកំណាត់ផ្លូវព្រះមុនីរ៉េតចាប់ពីរង្វង់នាងគង្ហីង រហូត ដល់ភ្លើងស្តុបអាងទឹកអូឡំាពិក ផងដែរ ។
សេចក្តីរាយការណ៍បានបន្តថា ជាមួយគ្នានេះដែរ មានសមាជិក សមាជិកាថ្នាក់ដឹកនំាសមាគមអ្នកប្រជាធិបតេយ្យ និងប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តជាច្រើននាក់ បានមកឈរនិងអង្គុយមុខតុលាការដោយមានអ្នកខ្លះលើកបដា និងស្រែកទាមទារឲ្យ តុលា ការដោះលែង លោកម៉ម សូណង់ដូ ក្រោមការឃ្លំាមើលដោយចិត្តទុកដាក់ពីសមត្ថកិច្ចខ្លាចមានអំពើហិង្សាណាមួយកើតឡើង ក៏ដូចជាការតាមប្រមាញ់យក រូបភាពពីសំណាក់អ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ ។
ក្នុងវ័យ៧២ឆ្នាំ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា ២០១២ ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយ ហេតុការណ៍ដែលរដ្ឋាភិបាល បាន ចោទប្រកាន់ក្រុមអ្នកភូមិ ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះថា បានចាប់ដី ខុសច្បាប់ និងបង្កើតតំបន់អបគមន៍។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តក្រចេះ ឈ្មោះប៊ុន រដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់ទំាងនោះ ។
លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីការពារក្តី លោកម៉ម សូណង់ដូ ធ្លាប់បានមានប្រសាសន៍ថា កូនក្តីរបស់លោកនឹងត្រូវបានដោះលែង ពីព្រោះរឿងនេះ មិនមានភស្តុតាងចោទប្រកាន់អីទេ ដោយគ្រាន់តែ មានមនុស្សឆ្លើយដាក់លោកម៉មសូណង់ដូ ហើយតុលាការចេះតែចោទតែប៉ុណ្ណោះ ។ ចំណុចនេះ ដូចជាជ្រុលហួសក្នុងការចោទ ប្រកាន់នោះ វាដូចជាអត់មានភស្តុតាងអីសោះ ។ គ្រាន់តែមនុស្សឆ្លើយដាក់ឮគេថាប៉ុណ្ណោះ ។ ប៉ុន្តែលោកមេធាវី សុក សំអឿន បានបញ្ជាក់ដែរថា បើសិនជាចៅក្រមសម្រេចផ្តន្ទាទោសតាមបទចោទប្រកាន់ក្នុង៤ករណី ក្នុងនោះមានបទបង្កើតតំបន់អបគមន៍ មែននោះ គឺលោកម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ ។
យ៉ាងណាក៏ដោយលោកមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានអះអាងថា លោកបានត្រៀមខ្លួននិងឯកសាររួចរាល់ហើយ ក្នុងនោះក៏មានមនុស្ស៥នាក់ទៀត ដែលនឹងធ្វើសាក្សីឲ្យលោកម៉ម សូណង់ដូ នៅក្នុងសវនាការថ្ងៃទី១១ កញ្ញា ២០១២ ។ ដោយ ឡែកប្រភពពីសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ នោះវិញបានឲ្យដឹងដែរថា នៅថ្ងៃសវនាការនោះ មានប្រជា ពលរដ្ឋ និងសមាជិកសមាគមជាច្រើននាក់មកពីតាមបណ្តាខេត្តនានាចូលរួមស្តាប់សវនាការផងដែរ ។
គួរបញ្ជាក់ដែរថា លោកម៉ម សូណង់ដូ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ។ ដែល លើកទី១-ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ កាលពីដើមឆ្នាំ២០០៣ និងទី២-ពាក់ព័ន្ធនឹងការរិះ គន់រដ្ឋា ភិបាលកម្ពុជាចំពោះ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៥កន្លងមក ៕
ចែករំលែកព័តមាននេះ