រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលតែងធ្វើសកម្មភាពលួចម៉ូតូជាច្រើនលើកមកហើយត្រូវបានប៉ូលិសប៉ុស្តិ៍ឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១០ កញ្ញា ២០១២ ខណៈជិះម៉ូតូម៉ាកវីវ៉ា មួយគ្រឿងធ្វើសកម្មភាពលួចម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ មួយគ្រឿង នៅចំណុចផ្ទះលេខ៨៣៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ តែមិនបាន ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះគង់ វៃ ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់មានទីលំនៅផ្ទះលេខ១៩ ផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកស្ត្រីជាប្រពន្ធឈ្មោះសៀង ស្រីលុច្ស អាយុ២៤ឆ្នាំ ។
តាមមន្ត្រីប៉ូលិសឱ្យដឹងថា ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ូលិសល្បាតប៉ុស្តិ៍ឫស្សីកែវ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ មួយគ្រឿងដែលមានម្ចាស់ឈ្មោះប៉ក់ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅផ្ទះលេខ៨៣៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ តែត្រូវម្ចាស់ទាន់ស្រែកចោរៗ ។
ជនសង្ស័យឈ្មោះគង់ វៃ បានសារភាពឱ្យដឹងថា កន្លងមកខ្លួនបានធ្វើសកម្មភាពកាច់.កម៉ូតូបានចំនួន៤លើកដែលក្នុងសង្កាត់ឫស្សីកែវ២លើក សង្កាត់ចាក់អង្រែក្រោម១លើក និងសង្កាត់ទួលទំពូងទី១ មួយលើក ។ ទោះបីជាយ៉ាងណាប៉ូលិសខណ្ឌឫស្សីកែវ កំពុងស្រាវជ្រាវរកចាប់បក្សពួក និងម៉ូតូដែលជននោះលួចយកទៅលក់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ