ខេត្តកំពង់ចាម ៖ ម៉ូតូប្រដេញថ្មីសន្លាងចំនួន២គ្រឿង មានតម្លៃប្រមាណ១៦.០០០ដុល្លាររបស់នគរបាលអូស្ត្រាលី បានប្រគល់ជូនកងកម្លាំងអន្តរាគមន៍នគរបាលខេត្តកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ កញ្ញា ២០១២ សម្រាប់ប្រតិបត្តិការបទល្មើសផ្សេងៗដោយឆាប់រហ័សទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តមានប្រសាសន៍គូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់លោក GARY WYNCH និងលោក IAN FAULAS នគរបាលសម្របសម្រួលជាន់ខ្ពស់ នគរបាលទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាពេលកន្លងមកបានផ្តល់នូវសម្ភារបច្ចេកទេសដល់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្ត ព្រមទាំងបណ្តាស្រុកសម្រាប់ត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
លោកបន្តថា ជាមួយនោះបានផ្តល់ម៉ូតូប្រដេញ២គ្រឿងបន្ថែមទៀតនាព្រឹកថ្ងៃទី១១ កញ្ញា ដោយក្នុង១គ្រឿងតម្លៃជាង៨.០០០ដុល្លារ ។ ដូច្នេះកម្លាំងអន្តរាគមន៍ខេត្តងាយស្រួលចេញជួយរាល់ពេលមានសភាពការណ៍ណាមួយកើតឡើងនៅក្នុងក្រុងកំពង់ចាម បានឆាប់រហ័សដែលធ្វើឱ្យជនល្មើសមិនអាចរត់គេចផុតពីសំណាញ់ច្បាប់បានឡើយ ។ លោកមានសង្ឃឹមថា ក្រៅពីការផ្តល់នូវសម្ភារបច្ចេកទេស កុំព្យូទ័រ ម៉ូតូន លោក GARY WYNCH នឹងជួយបង្រៀនជំនាញច្បាប់ចរាចរណ៍នគរបាលបន្ថែមទៀត ព្រមទាំងសម្ភារផ្សេងៗទៀតជាក់ជាមិនខាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ