រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដួលបោកទៅលើថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីរូបគេជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
អ្នករងរបួសធ្ងន់ឈ្មោះ ធុយ ចាន់ថន អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៌ខ្មៅ រងរបួសត្រង់ជង្គង់ទាំង២និងស្មាខាងស្តាំ ឯស្ត្រីម្នាក់ដែលជិះខាងក្រោយមិនរងរបួស ទេ ។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកវិវ៉ាពណ៌ខ្មៅបើកបរដោយបុរសម្នាក់ឈ្មោះ សុខ ណាត អាយុ៣៣ឆ្នាំ មានលំនៅភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មិនរងរបួសដែរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជននោះជិះម៉ូតូម៉ាកស្មាស់រីវ៉ូឌុបស្ត្រីម្នាក់ពីលិចទៅកើតក្នុងល្បឿនលឿនគួរសមពេលទៅដល់ចំណុចកើតហេតុបានវាក់ជាមួយម៉ូតូវីវ៉ាបើកឆ្លងផ្លូវចេញពីចាក់សាំងក្នុងទិសដៅពីត្បូងទៅជើងក៏បានបុកគ្នាពេញទំហឹង បណ្តាលឱ្យដួលពេញផ្លូវ ឯជនរងគ្រោះ និងម៉ូតូដួលខ្ទាតទៅចិញ្ចើមផ្លូវខាងឆ្វេងដៃ រងរបួសយ៉ាងធ្ងន់ធ្ងរ ឯស្ត្រីម្នាក់ដែលជិះពីក្រោយមិនមានរងរបួសទេ ចំណែកអ្នកជិះម៉ូតូវីវ៉ាក៏មិនរងរបួសដែរ ។
ប្រភពបានបន្តថា នេះចាត់ទុកជាសំណាងណាស់ដែលនៅពេលគ្រោះថ្នាក់កើតឡើងមិនមានរថយន្តបើកឆ្លងកាត់ទីនោះ ។ ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ឯម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ