រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា ពណ៌ខ្មៅ មួយគ្រឿង អ្នកបើកបរស្រវឹងបានរេចង្កូតទៅបុករះរបាំងពុះចែកផ្លូវឱ្យងាកចេញពីគំនូសអស់២ផ្ទាំង រួចជ្រុលទៅបុកម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅពីក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូរបួសចង្កេះ ហើយរថយន្តផ្លោងទៅបុករថយន្តចតស្ងៀម៣គ្រឿងទៀត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ កញ្ញា នៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្រុមទី១៧ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីប៉ូលិសបានឱ្យដឹងថា រថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ មួយគ្រឿង បើកបរដោយបុរសម្នាក់តាមមហាវិថីកម្ពុជាក្រោមពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ខណៈមកដល់មុខសណ្ឋាគារណានជីង រថយន្តបានរេចង្កូតទៅបុករះរបាំងថ្ម ពុះចែកទ្រូងផ្លូវចំនួន២ផ្ទាំង រួចបន្តបើកទៅមុខទៀតក៏បុកម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ចំពីក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូរបួសចង្កេះដើរលែងរួច និងម៉ូតូខូចខាតទាំងស្រុង ហើយរថយន្តនោះនៅមិនទាន់អស់ល្បឿនក៏ផ្លោងទៅបុករះរថយន្ត៣គ្រឿងទៀតដែលចតនៅមុខមជ្ឈមណ្ឌលវិទ្យាសាស្ត្រសហគមន៍បណ្តាលឱ្យខូចខាតរថយន្តទាំង៣គ្រឿង ក្នុងនោះមាន១-រថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ ក្រពឹតគូទក្រោយទាំងស្រុង ២-ម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ក្រពឹតគូទក្រោយ និង៣-ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ក្រពឹតគូទក្រោយចំហៀងខាងស្តាំ ។
អ្នកបើកម៉ូតូសេ១២៥ ដែលរងរបួសចង្កេះ ឈ្មោះ ឃុន ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករត់សំបុត្រ ស្នាក់នៅផ្ទះលេខ៥២E2 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។ រថយន្តបង្កខូចខាតផ្នែកខាងមុខត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌ៧មករា រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ