រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុករ៉ឺម៉កម៉ូតូពីក្រោយក្រឡាប់ផ្ងារជើងទ្រមេឃ នៅចំណុចមហាវិថីព្រះសីហនុកែងវិថីសុធារស ជិតសាកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី៩ កញ្ញា ។
អ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ ហឿម សុភា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានបើករ៉ឺម៉កម៉ូតូស្របទិសគ្នាជាមួយរថយន្តកូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយស្ត្រីម្នាក់តាមមហាវិថីព្រះសីហនុ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែងបត់ឆ្វេងទាំងអស់គ្នា ស្រាប់តែរថយន្តបួងចង្កូតទៅបុករ៉ឺម៉កពីក្រោយបណ្តាលឱ្យរ៉ឺម៉កក្រឡាប់តែម្តង តែម្ចាស់រ៉ឺម៉កម៉ូតូមិនមានរងរបួសទេ ។
បន្ទាប់ពីបុកហើយរថយន្តមិនបានឈប់ទេ ហើយបានព្យាយាមបើករត់តែត្រូវប៉ូលិសនិងអ្នករត់ម៉ូតូឌុបជិះដេញតាមរហូតដល់ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទើបឃាត់រថយន្តបង្កបាននាំយកទៅកន្លែងកើតហេតុវិញ ។ ស្ត្រីអ្នកបើកបរបានឆ្លើយដោះសារថា ដោយសារឃើញមានមនុស្សច្រើនពេកទើបមិនហា៊នឈប់ ។ក្រោយពេលឃាត់រថយន្តបានហើយម្ចាស់រថយន្តបានទូរស័ព្ទរកអ្នកតំណាងមកជួយអន្តរាគមន៍ហើយបានធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ ដោយសងចំនួន៧០ដុល្លារទៅខាងរ៉ឺម៉កម៉ូតូ ៕
ចែករំលែកព័តមាននេះ