ខេត្តពោធិ៍សាត់ ៖ មានមនុស្ស៣នាក់ប្តី-ប្រពន្ធ និងកូនបានរងរបួសធ្ងន់ ដោយសារបើករថយន្តដឹកត្រីក្លាស្សេទៅលក់នៅប៉ោយប៉ែត ចូលក្រោមគូទរថយន្តធុនធំដែលចតស្ងៀម ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន កាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កញ្ញា ២០១២ ។
ប៉ូលិសមូលដ្ឋានឱ្យដឹងថា រថយន្តម៉ាកកាមរីគូទស្វិត ពណ៌ស បើកដោយឈ្មោះអ៊ុង ភា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្តៀង ។ តាមការសាកសួរឱ្យដឹងថា អ៊ុង ភា ជាអ្នករកស៊ីដឹកត្រីក្លាស្សេយកទៅលក់នៅប៉ោយប៉ែត ជាយូរមកហើយ ។ នៅថ្ងៃទី៨ គាត់បានក្រោកតាំងពីម៉ោង២រំលងអធ្រាត្របើករថយន្តដឹកត្រីទៅលក់ដូចសព្វមួយដងដែលប្រពន្ធរបស់គាត់ឈ្មោះម៉ាន់ ស្រី អាយុ៤១ឆ្នាំ និងកូនប្រុសឈ្មោះអ៊ុង ថេង អាយុ១៧ឆ្នាំ ក៏ទៅជាមួយដែរ ។ ខណៈពេលធ្វើដំណើរទៅដល់កន្លែងកើតហេតុ ស្រាប់តែចាំងភ្លើងហ្វារថយន្តមកពីមុខមើលមិនឃើញក៏បណ្តាលឱ្យរថយន្តដឹកត្រីបុកចូលក្រោមគូថយីឌុបដែលចតស្ងៀមតែម្តង ។ ប៉ូលិសឱ្យដឹងទៀតថា រថយន្តដឹកត្រីរួញឡើងខ្លីកៀបមនុស្សជាប់ក្នុងរថយន្តទាំងប្តីប្រពន្ធ និងកូនរងរបួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចបានយករថយន្តស្ទូចទាញចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ